(វ៉ាស៊ីនតោន)៖ ការស្ទង់មតិរបស់ New York Times បានបង្ហាញថាលោកស្រី ហ៊ីលឡារី គ្លីនតុន មានឱកាស ៧៦ភាគរយក្នុងការយកជ័យជម្នះលើលោក ដូណាល់ ត្រាំភ៍ ដើម្បីក្លាយជាខ្លួនជាប្រធានាធិបតីស្ត្រីដំបូង នៃសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច នៅក្នុងរបាយការណ៍ស្ទង់មតិមួយ នាព្រឹកថ្ងៃសុក្រ ទី២២ ខែកក្កដា ឆ្នាំ២០១៦។

ការស្ទង់មតិរបស់ New York Times បានបង្ហាញពីសុទិដ្ឋិនិយមខ្ពស់ទៅលើលោកស្រី គ្លីនតុន ខណៈដែលលទ្ធផលនៃ ការបោះឆ្នោតតាមរដ្ឋកន្លងមក បានបង្ហាញថារដ្ឋចំនួន ១៤ គឺបានក្លាយជាទឹកដីដែលលោកស្រី ហ៊ីលឡារី គ្លីនតុន ទទួលការគាំទ្រដាច់មុខទៅហើយ។ គ្រាន់តែនៅ Columbia មួយក៏អាចឲ្យលោកស្រី គ្លីនតុន ទទួលបានសំឡេងគាំទ្រ ១៨៦ លើ ២៧០ ដែលគ្រប់គ្រាន់នៅក្នុងការកាន់តំណែងនៅក្នុងសេតវិមានបានដែរ។

ប៉ុន្តែខណៈ ១៦សប្តាហ៍ទៀត យុទ្ធការឃោសនារកសំឡេងឆ្នោតនៅតែបន្ត ហើយការបញ្ចេញថ្វីមាត់ដោះស្រាយ បញ្ហា និងវាយប្រហារគ្នានៅតែបន្តនោះ ការប្រែប្រួលក៏នឹងអាចកើតមានឡើងផងដែរ។ វាហាក់បានក្លាយជាភាពវិជ្ជាមានខ្លះ ទៅវិញសម្រាប់លោក ត្រាំភ៍ នាមួយរយៈចុងក្រោយនេះបន្ទាប់ពីការវាយប្រហារដោយកាំភ្លើង បាននិងកំពុងកើតមាន ឡើងឥតឈប់ឈរនៅអាមេរិក ព្រមទាំងបញ្ហាសកលលោកជាច្រើនទៀត ហាក់ក្លាយជាសញ្ញាអវិជ្ជមានសម្រាប់ រដ្ឋបាលលោក អូបាម៉ា ដែលស្ថិតនៅពីក្រោយជាកម្លាំងដល់លោកស្រី គ្លីនតុន នោះ៕