(វ៉ាស៊ីនតោន)៖ បច្ចុប្បន្ននេះលោក ដូណាល់ ត្រាំភ៍ បានក្លាយជាបេក្ខភាព ប្រធានាធិបតីអាមេរិកតែមួយគត់ តំណាង គណបក្សសាធារណរដ្ឋ ដើម្បីត្រៀមទៅធ្វើការប្រកួតប្រជែង ដណ្តើមតំណែងប្រធានាធិបតី ជាមួយលោកស្រី ហ៊ីលឡារី គ្លីនតុន របស់គណបក្សប្រជាធិបតេយ្យ ដែលត្រូវបានជ្រើសតាំង រួចទៅហើយដែរនោះ។ នេះបើតាមការ ចេញផ្សាយនៅមុននេះបន្តិច ដោយ CNN នាព្រឹកថ្ងៃសុក្រ ទី២២ ខែកក្កដា ឆ្នាំ២០១៦។

លោក ដូណាល់ ត្រាំភ៍ បានចូលក្នុងពិធីទទួលយកនូវភាព ជាតំណាងតែមួយគត់របស់លោកនេះ ក្នុងសន្និបាតជាតិ របស់គណបក្សសាធារណរដ្ឋ។ បេក្ខភាពដែលពូកែខាងថ្វីមាត់បំផុតនេះ បានលើកឡើងដា «យើងត្រូវគិតពីផល ប្រយោជន៍អាមេរិកជាមុន» មុននឹងសម្រេចចិត្តធ្វើអ្វីមួយ ជាពិសេសនោះគឺការស្តារឡើងវិញនូវច្បាប់ និងសណ្តាប់ ធ្នាប់នៅក្នុងសង្គម ដែលនឹងនៅកើតឡើង នៅពេលលោកគ្រប់គ្រង សេតវិមាននៅខែវិច្ឆិកាខាងមុខនេះ។

លោក ត្រាំភ៍ សង្កត់ធ្ងន់ថា «គ្មាននរណាម្នាក់យល់ពីប្រព័ន្ធនេះដូចខ្ញុំទេ ហេតុដូច្នេះទើបខ្ញុំអាចដោះស្រាយវាបាន។ សាររបស់ខ្ញុំពេលនេះ គឺមានន័យថាអ្វីៗត្រូវតែមានការផ្លាស់ប្តូរ ហើយពួកគេត្រូវតែផ្លាស់ប្តូរវាឥឡូវនេះ»។ ការថ្លែង របស់លោក ត្រាំភ៍ បែបនេះបានកើតឡើងជារឿយៗ ជាពិសេសគឺលោកសំដៅ ទៅលើឧក្រិដ្ឋកម្ម និងការបាញ់ប្រហារ យ៉ាងអាណាធិបតេយ្យ នៅសហរដ្ឋអាមេរិក ដែលរដ្ឋបាលលោក អូបាម៉ា មិនអាចដោះស្រាយបាននោះឡើយ ដូច្នេះ ទើបលោកត្រាំភ៍ប្តេជ្ញាលុបបំបាត់ បញ្ហាទាំងអស់នេះឲ្យបាន ប្រសិនបើលោកក្លាយជាប្រធានាធិបតី៕