(កំពង់ចាម)៖ លោកឧត្តមសេនីយ៍ត្រី លុយ ឈីន តំណាងក្រសួងមហាផ្ទៃ រួមជាមួយបេឡាជាតិរបបសន្ដិសុខសង្គម (បសស) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៦នេះ ចុះចែកប័ណ្ណបើកបរ និងផ្សព្វផ្សាយច្បាប់ស្ដីពី ចរាចរណ៍ផ្លូវគោកជូនដល់អ្នកបើកបរ រថយន្តដឹកកម្មករនិយោជិតរបស់រោងចក្រ CALINNGTON (CAMBODIA) CO.,LTD ស្ថិតក្នុងឃុំខ្នុរដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម ក្នុងគោលបំណងរួម ចំណែកពង្រឹងសុវត្ថិភាពចរាចរណ៍ សំដៅកាត់បន្ថយគ្រោះថ្នាក់របស់កម្មករនិយោជិត ក៏ដូចជាកាត់បន្ថយផលប៉ះពាល់ក្នុងសង្គម។

សកម្មភាពដ៏មមាញឹកនេះ ត្រូវបានធ្វើឡើងដោយមានការចូលរួមពី លោក ជាវ ប៊ុនរីទ្ធ ប្រធានការិយាល័យគោលនយោបាយ តំណាងលោក អ៊ុក សមវិទ្យា នាយក ប.ស.ស, លោកស្រី មុំ ចន្ធី តំណាងកាកបាទក្រហមកម្ពុជា និងលោក កាំង ម៉ូនីកា តំណាង GMAC។

លោកឧត្តមសេនីយ៍ត្រី លុយ ឈីន បានឱ្យដឹងថា គ្រោះថា្នក់ចរាចរណ៍ជាឃាតកលាក់មុខ ដែលសម្លាប់ប្រជាពលរដ្ឋ កម្មករនិយោជិត ក្នុងមួយថ្ងៃពី៦ ទៅ៧នាក់ ហើយតាមរបាយការណ៍ របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្នុងឆមាសទី១ ឆ្នាំ២០១៦ អ្នកស្លាប់ដោយគ្រោះថ្នាក់នេះ មានចំនួន៩១៩នាក់ ក្នុងនោះមានកម្មករនិយោជិត មានចំនួន៤២នាក់ និងរបួស៣,៣០៩នាក់ ដែលបណ្ដាលឱ្យផ្ដល់ផលប៉ះពាល់ជាច្រើន ដល់ពួកគាត់ និងសង្គមជាតិទាំងមូល ដូចជាបាត់បង់កម្លាំងកសាងជាតិ បាត់បង់ពេលវេលា និងថវិកាយ៉ាងច្រើន។

លោកឧត្តមសេនីយ៍ត្រី លុយ ឈីន បានបន្ថែមថា «ចំពោះបញ្ហានេះ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានសហការជាមួយក្រសួងការងារ និងក្រសួងពាក់ព័ន្ធដទៃ ធ្វើការអំពាវនាវ ផ្សព្វផ្សាយដល់អ្នកបើក រថយន្តដឹកកម្មករនិយោជិត គប្បីប្រើប្រាស់ប្រភេទរថយន្តឱ្យបានត្រឹមត្រូវ មានរថយន្តតូរីស ឬរថយន្តបឺស, មិនត្រូវដាក់មនុស្សលើដំបូលរថយន្ត, រថយន្តត្រូវមានកៅអីអង្គុយឱ្យបានត្រឹមត្រូវ, អ្នកបើកបរត្រូវមានប័ណ្ណបើកបរគ្រប់គ្នា, រថយន្តត្រូវមានស្លាកលេខ មានវិញ្ញាបនបត្រត្រួតពិនិត្យ ពោលគឺទាំងអ្នកបើកបរ និងរថយន្តត្រូវតែត្រឹមត្រូវ តាមបទប្បញ្ញត្តិច្បាប់កំណត់។

ចំពោះបញ្ហាប្រឈមនេះ បេឡាជាតិរបបសន្ដិសុខសង្គម បានសហការជាមួយក្រសួងមហាផ្ទៃ និងក្រសួងសាធារណការ និងដឹកជញ្ជូន ចុះរៀបចំវគ្គបណ្ដុះបណ្ដាលច្បាប់ស្ដីពី ចរាចរណ៍ផ្លូវគោក ដល់អ្នកបើកបររថយន្តដឹកកម្មករនិយោជិត នៅតាមបណ្ដុំរោងចក្រទូទាំង២៥រាជធានី-ខេត្ត ដែលមានអ្នកបើកបរដឹកកម្មករនិយោជិត ហើយមានអ្នកប្រឡងជាប់ជាស្ថាពរ សរុបចំនួន១,៣៣៩នាក់ និងចែកប័ណ្ណបើកបរបានចំនួន៤៤៨ប័ណ្ណ ក្នុងនោះ នៅរោងចក្រ CALINGTON (CAMBODIA) CO.,LTD បានប្រឡងជាប់ជាស្ថាពរបានចំនួន៨៩នាក់។

សូមជម្រាបថា សម្រាប់គោលដៅបន្ត បេឡាជាតិរបបសន្ដិសុខសង្គម និងអគ្គនាយកដ្ឋានដឹកជញ្ជូន បាននិងកំពុងបណ្ដុះ បណ្ដាលច្បាប់ស្ដីពី ចរាចរណ៍ផ្លូវគោក ដល់អ្នកបើកបរដឹកកម្មករនិយោជិត ជាបន្តបន្ទាប់ទៀត ដើម្បីត្រៀមប្រឡងយកប័ណ្ណបើកបរ ស្របតាមប្រភេទយានយន្តបានចំនួន៨៦២នាក់ ថែមទៀតផងដែរ៕