(កំពង់ស្ពឺ)៖ កម្លាំងកងរាជអាវុធហត្ថស្រុកឱរ៉ាល់ ដឹកនាំដោយ លោកវរសេនីយ៍ត្រី សោម ពុទ្ធតារា មេបញ្ជាការអាវុធហត្ថស្រុក ​នៅព្រឹកថ្ងៃទី​ ២២ ខែកក្កដា ឆ្នាំ២០១៦ ​បានធ្វើយុទ្ធនាការបិត​ចំណាំង​ផ្លាត​ដល់គោយន្តគ្រប់ប្រភេទ ដើម្បីចូលរួមការអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោក ជាពិសេដើម្បីកាត់បន្ថយ ករណីគ្រោះថ្នាក់ចរាចរណ៍ ដែលកំពុងកើតមានជារៀងរាល់ថ្ងៃ។

លោកវរសេនីយ៍ត្រី សោម ពុទ្ធតារា បានឲ្យដឹងថា ដោយមើលឃើញការកើតមានករណីគ្រោះចរាចរណ៍កើតមានជាញឹកញាប់ ក​ម្លាំង​​អាវុធហត្ថ​ បាន​ធ្វើយុទ្ធនាកា បិតចំណាំផ្លាតដល់​គោយន្ត​គ្រប់ប្រភេទ លើផ្លូវ​​ជាតិលេខ៤៤ ចំណុចភូមិ​គោក​ ឃុំសង្កែសាទប​ ភូមិ​អូរព្រុង​ ឃុំហោងសំណំ​ និង​ចំណុច​ផ្លោច​ ឃុំត្រពាំងជោ ស្រុកឱរ៉ាល់​ ដើម្បី​​រួមចំណែកក្នុងការកាត់បន្ថយ ករណីគ្រោះថ្នាក់​ចរាចរណ៍​។ លោក បន្តថា ដោយអនុវត្តន៍តាមអនុសាសន៍ របស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងមានការចង្អុលផ្ទាល់ពីលោកឧត្តមសេនីយ៏ត្រី ជួ សារុន មេបញ្ជាការអាវុធហត្ថខេត្តកំពង់ស្ពឺ ដើម្បីចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក និងមានបំណងអប់រំដល់ប្រជាពលរដ្ឋ ឱ្យបានយល់ដឹង ពីហានិភ័យបង្កឡើងដោយសារ​គ្រោះថ្នាក់ចរាចរណ៍​ផងនោះ ទើបកម្លាំងអាវុធហត្ថស្រុកឱរ៉ាល់ បានបើកយុទ្ធនាការចុះបិតចំណាំងផ្លាត ដល់គោយន្តដែលធ្វើចរាចរណ៍តាមដងផ្លូវ ជាពិសេសគោយន្តកែឆ្នៃ ដែលជាញឹកញាប់តែងតែជួប​នៅគ្រោះថ្នាក់​ចរាចរណ៍​។

សូមបញ្ជាក់ថា យោងតាមស្ថិតិប្រចាំឆ្នាំ២០១៦ទូទាំងខេត្តកំពង់ស្ពឺ មានគោយន្ដ៤,០០០​គ្រឿង ហើយជាញឹកញាប់នៅស្រុកឱរ៉ាល់ កើតមានគ្រោះថ្នាក់ចរាចរណ៍ ដោយសារបុកគោយន្តពេល​យប់ស្លាប់ជាច្រើនករណី៕