(សៀមរាប)៖ លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ និងមន្ត្រីរាជការក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានដង្ហែទានវស្សា ចំនួន ១គូ ដាក់នៅទីសក្ការៈព្រះអង្គចេក ព្រះអង្គចម និងបាននិមន្តព្រះសង្ឃចំនួន ០៩អង្គ មកពី ០៥វត្ត ក្នុងខេត្តសៀមរាប ដើម្បីសូត្រមន្តស្វាធ្យាយជ័យន្តោ នាល្ងាចថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៦ នេះ។

នៅក្នុងពិធីនេះដែរ លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធិ និងមន្ត្រីរាជការ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានរៀបចំវេរនូវទ័យទាន ប្រគេនព្រះសង្ឃទាំង ៩ព្រះអង្គ ដោយក្នុងមួយអង្គមាន ស្លាដក់១ មី១កេស ទឹកសុទ្ធ១កេស ទឹកក្រូច១កេស ទឹកដោះគោ១កេស ទឹកត្រី១យួរ ទឹកសីុអីុវ១យួរ ឆៃប៉ូវ១គីឡូក្រាម ប្រហុក១គីឡូក្រាម អំបិល៩កញ្ចប់ ស្ករស៩កញ្ចប់ អង្ករ៥០គីឡូក្រាម និងប្រេងម៉ាសូត១កាន។

ជាមួយគ្នានេះផងដែរ លោកក៏បានប្រគេននូវបច្ច័យ ដែលទទួលបានពីថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃក្រសួងឧស្សាហកម្ម និងសិប្បកម្ម ចំនួន ១៣,៨៤០,០០០រៀល និង ១,៦៥០ដុល្លារ ជូនវត្តទាំង ៥ ដោយក្នុងមួយវត្តៗ ប្រគេនជូននូវបច្ច័យស្មើៗគ្នា។

បន្ទាប់មក លោកទេសរដ្ឋមន្ត្រី និងមន្ត្រីរាជការទាំងអស់ ក៏បានបន់ស្រន់សុំនូវសេចក្តីសុខសប្បាយ ត្រជាក់ត្រជុំ ទទួលបានជោគជ័យគ្រប់ភារកិច្ច សម្រាប់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងក្រុមគ្រួសាររៀងៗខ្លួន និងជាពិសេសបានបួងសួងសូមឲ្យ ឬទ្ធិបារមីដ៏សក្តិសិទ្ធិរបស់ ព្រះអង្គចេក ព្រះអង្គចម តាមថែរក្សា សម្តេចតេជោ និងសម្តេចគិត្តិព្រឹទ្ធបណ្ឌិត ឲ្យទទួលបាននូវ សេចក្តីសុខសប្បាយ សុខភាពល្អ កម្លាំងពលាំងមាំមួន ឈ្នះអស់មាសត្រូវ ដើម្បីបន្តដឹកនាំប្រទេសជាតិ អោយកាន់តែមានភាពរីកចម្រើនខ្លាំងក្លា ថែមទៀត៕