(ភ្នំពេញ)៖ អណ្តាតភ្លើងសន្ធោសន្ធៅ ខ្មួលខ្មាញ់ឆេះចេញពី រទេះលក់លតឆាមួយ ដែលត្រូវគេលួចដុតចោលវេលាម៉ោង១៖២០នាទីឈានចូលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចជិតកំពង់ចម្លងអរិយក្សត្រ ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ។

តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គឺវេលាល្ងាចថ្ងៃទី២១ កក្កដា ឆ្នាំ២០១៦ មានការឈ្លោះគ្នារវាងបងប្អូនអ្នកលក់ប្រហិតចៀន លតឆា នៅជិតកំពង់ចម្លងអរិយ្យក្សត្រ រហូតឈានដល់ការប្រើអំពើហិង្សាវាយតប់គ្នាបែករបស់របរជាច្រើន ហើយក៏ស្ងប់ទៅវិញទៅ។

ប្រភពដដែលបន្តបានទៀតថា បន្ទាប់ពីត្រូវគេវាយខ្ទេចខ្ទីរបស់របររួចមក ម្ចាស់រទេះលក់លតឆា ប្រហិតចៀនបានគ្របរទេះចោល មិនមានធ្វើការលក់ដូរទេ។ ស្រាប់តែនៅវេលាកើតហេតុខាង ក៏មានការផ្អើលឆោឡោរទេះឆេះតែម្តង។

ក្រោយពេលកើតហេតុម្ចាស់រទេះ បានទៅដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលចតុមុខ ដើម្បីឲ្យសម្ថកិច្ចជួយរកមុខអ្នក ដែលលួចដុតរទេះ ដើម្បីឲ្យចេញសងថ្លៃខូចខាត និងជំងឺចិត្តដល់ម្ចាស់រទេះវិញ ៕