(បន្ទាយមានជ័យ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានព្រមានមិនឲ្យមានការ ដោះដូរចំណតរថយន្តក្រុងសិរីសោភ័ណ ដើម្បីរក្សាទុកដែលចំណតសល់ពីសម័យបារាំងមួយ ដើម្បីទុកអោយពលរដ្ឋប្រកប មុខរបរបន្ដទៅទៀត។

ការព្រមានរបស់សម្តេចតេជោ ធ្វើឡើងក្នុងឱកាសដែលសម្តេចជួបសំណេះសំណាល ជាមួយមន្ត្រីរាជការ និងកម្លាំងប្រដាប់អាវុធ ខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៦នេះ។

សម្ដេចបានបញ្ជក់ថា «ចំណតរថយន្តចាស់ក្រុងសិរីសោភ័ណ គឺគ្មានការដោះដូរឡើយ​ គឺត្រូវចូលរួមថែរក្សាទុក និងរៀបចំអភិវឌ្ឍន៍ឲ្យបានល្អ ដើម្បីក្រុងមានសោភ័ណភាព ទាក់ទាញភ្ញៀវទេសចរ ចូលមកកម្ពុជា តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតអាចស្នាក់​ ជ្រក​ នៅក្រុងសិរីសោភ័ណ ផ្តល់ប្រយោជន៍ជូនប្រជាពលរដ្ឋ ក្នុងខេត្តបន្ទាយមានជ័យយើង»

ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវឲ្យថ្នាក់ដឹកនាំខេត្ត និងមន្ត្រីរាជការ កម្លាំងប្រដាប់អាវុធទាំងបី ស្ថាប័នខិតខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្ត បម្រើការងារជូនប្រជាពលរដ្ឋ និងប្រទេសជាតិ។ ជាក់ស្តែងដោយប្រទេសកម្ពុជា មានខេត្តមួយចំនួនធំ នៅដើមឆ្នាំ២០១៦នេះ បានជួបគ្រោះរាំងស្ងួតបណ្តាលឲ្យបងប្អូនប្រជាពលរដ្ឋ ខ្វះទឹកប្រើប្រាស់ដោយខិតខំប្រឹងប្រែង ពីអាជ្ញាធរខេត្ត និងមន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ បានជួយធ្វើអន្តរាគមន៍ ដល់បងប្អូនប្រជាពលរដ្ឋឲ្យមានទឹកប្រើប្រាស់៕