(សៀមរាប)៖ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នៅថ្ងៃទី២១ ខែកក្កដា​ ឆ្នាំ២០១៦ បានអញ្ជើញ​ចូលរួមជា​អធិបតី ក្នុងពិធីប្រគល់វិញ្ញាបនបត្រ បញ្ចាក់ការសិក្សាជំនាន់ទី១៤ សម្រាប់ឆ្នាំសិក្សា ២០១៥- ២០១៦ ដល់ក្នួយៗសិស្សា​នុសិស្ស នៃសាលាសណ្ឋាគារ សាលាបាយ ខេត្តសៀមរាប ដោយ​មាន​ការចូលរួមពីសំណាក់ លោក លោកស្រី និង​ដៃគូ​អភិវឌ្ឍន៍ ព្រមទាំងភ្ញៀវកិត្តិយសជាតិ អន្តរជាតិ និងសិក្ខាកាមប្រមាណ​ជាង២០០នាក់។  

ក្នុងឱកាសនោះលោករដ្ឋមន្រ្តី បានអបអរសារទរសិស្សា​នុសិស្សជ័យលាភីនៃ វគ្គសិក្សាជំនាន់ទី១៤នេះ មានចំនួន១០៧នាក់ (ក្នុងនោះមានសិស្សស្រីចំនួន៧៣នាក់ និងសិស្សគថ្លង់ចំនួន៣នាក់) ដែលសុទ្ធសឹង​តែជាសិស្ស​ក្រីក្រ និងត្រូវបានជ្រើសរើស ដោយសាលាផ្ទាល់ ចំពោះការខិតខំយក​ចិត្តទុ​ក​ដាក់ ប្រឹងប្រែងរៀនសូត្រ ​ក្នុង​រយៈពេលមួយឆ្នាំសិក្សា លើជំនាញចំនួន៤ គឺការិយាល័យជួរមុខ សេវាកម្មម្ហូបអាហារ និងភេសជ្ជៈ គេហ-កិច្ច ចុងភៅ និង ថែទាំសម្ភស្ស  រហូតទទួល​បានលទ្ធផល ជោគជ័យជាមោទននាថ្ងៃនេះ។

លោករដ្ឋមន្រ្តីក៏បានថ្លែង កោតសរសើរដល់សាលាសណ្ឋាគារ សាលាបាយ និងបណ្តាដៃគូ អភិវឌ្ឍន៍និងម្ចាស់ជំនួយ ដែលបានគាំទ្រដល់សាលា និងចូលរួមចំណែកយ៉ាងផុសផុស ក្នុងការបណ្ដុះបណ្ដាលធនធានមនុស្ស ក្នុងវិស័យទេសចរណ៍ឲ្យ មានជំនាញវិជ្ជាជីវៈពិតប្រាកដ ដែលរហូតមកទល់បច្ចុប្បន្នមានសិស្សានុសិស្សប្រមាណ ១២៣៧នាក់ ចាប់ពីឆ្នាំ ២០០២ ហើយពួកគាត់ទទួល បានការងារស្ទើរតែទាំងអស់ក្នុងវិស័យ ទេសចរណ៍។

លោករដ្ឋមន្ត្រី ថោង ខុន បានចាត់ទុកថា សកម្មភាពទាំងនេះ គឺពិតជាឆ្លើយតបនឹងការវិវត្តន៍ ក្នុងដំណាក់កាលសមាហរណកម្មតំបន់ និងសកលភាវូបនីយកម្ម និងសំដៅរួមចំណែកសម្រេច បាននូវផែនការយុទ្ធសស្ត្រអភិវឌ្ឍទេសចរណ៍កម្ពុជា ២០១២-២០២០ និងផែនការយុទ្ធសស្ត្រអភិវឌ្ឍ ទេសចរណ៍អាស៊ានឆ្នាំ ២០១៦-២០២៥។

សិស្សានុសិស្សក៏បានបេ្តជ្ញាចិត្ត ខិតខំយកចំណេះដឹងជំនាញ ទៅប្រកបវិជ្ជាជីវៈប្រកបដោយភាពស្មោះត្រង់ ការទទួលខុសត្រូវ ការជឿជាក់ ការចែករំលែក និងភាពស្មោះត្រង់រួមចំណែក ក្នុងការពង្រឹងសេវាកម្ម ទេសចរណ៍កម្ពុជា ប្រកបដោយគុណភាព។

ក្រោយពីបានបញ្ចប់ការសិក្សា ជាមួយជំនាញដែលទទួល បានប្រកបដោយគុណភាពនេះ​ សិស្សានុសិស្សមានលទ្ធភាព និងឱកាសទទួលបានការងារក្នុងអត្រា១០០% លើទីផ្សារការងារនៃឧស្សាហកម្ម ទេសចរណ៍នៅកម្ពុជា។ ក្រសួងទេសចរណ៍ក៏សំដែងការកើតសរសើរ ដល់ប្រតិបត្តិករទេសចរណ៍ជាដៃគូ ​(សណ្ឋាគារចំនួន១៥) ដែលបានទទួលយកសិស្ស ដែលបានបញ្ចប់ការសិក្សាពីសាលា៕