(ភ្នំពេញ)៖ ខ្សែភាពយន្តថ្មីមួយទៀត របស់ផលិតកម្ម «ចក្រវាឡពេជ្រភាពយន្ត» ដែលបានដាក់បញ្ចូល​នូវក្បាចគុនយុទ្ធក្រម​បុរាណខ្មែរ និងមានឈុតឆាក​ ខ្មោចព្រាយបិសាច ភ័យរន្ធត់ ដោយបាន​ចំណាយ​ទុនផលិតប្រមាណ ៦ម៉ឺនដុល្លារផងនោះ ត្រូវបានបើកសម្ពោធ​ចាក់បញ្ចាំងជាផ្លូនការ នៅល្ងាចថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៦នេះ នៅរោង​ភាពយន្ត Major Ceneplex ដោយមានការចូលរួម ពីសំណាក់សិល្បករ-សិល្បការិនី និងទស្សនិកជន​យ៉ាងច្រើនកុះករ។

អ្នកស្រី ថុង ស៊ីវទៀង ចាងហ្វាងផលិតកម្ម «ចក្រវាឡពេជ្រភាពយន្ត» បានថ្លែងប្រាប់​ក្រុមអ្នកសារព័ត៌មាន ក្នុងពិធីបើក​សម្ពោធនោះថា រឿង «វិស្សមកាលមរណៈ» ជាប្រភេទខ្សែភាពយន្ត​បែបភ័យរន្ធត់ ខ្មោចព្រាយបិសាយ និងឈុតឆាកស្នេហា បែបយុវវ័យមួយចំនួនទៀត។ អ្វីដែលកាន់តែពិសេស ​ក្នុងភាពយន្តនេះ គឺអ្នកស្រីបានបញ្ចូលនូវ​ក្បាច់គុនយុទ្ធក្រម​បុរាណខ្មែរ ដោយតួសម្ដែងទាំងអស់នៅ ក្នុងរឿងត្រូវហាត់ក្បាច់គុននេះឲ្យចេះ រយៈពេលរហូត​ដល់ទៅ២​ខែ ទើបសម្ដែងបាន។

លោកស្រីបន្តថា ទោះបីជាបច្ចុប្បន្ន​មានភាពយន្តជាច្រើន កំពុងតែដាក់បញ្ចាំង ហើយសុទ្ធតែជាភាពយន្ត​ល្អៗពិតមែនក្ដី ក៏ប៉ុន្តែភាពយន្តរបស់លោកស្រី គឺពិតជាជឿជាក់ថា នឹងមានលក្ខណៈខុសប្លែកពីគេ ព្រោះទាំងសាច់រឿង ទាំងប្លង់ថត តួសម្ដែង ទីតាំងថត គឺមានលក្ខណៈខុសពីរឿង​មុនៗទាំងអស់។ ពិសេស​កន្លែងថត គឺត្រូវថតនៅក្នុងព្រៃ ក្នុងកប៉ាល់លើផ្ទៃទឹកទន្លេ ពោលគឺមានការលំបាកខ្លាំង ទម្រាំសម្រេចបានផ្ទៃរឿងទាំងមូល ប្រកបដោយគុណភាព​ខ្ពស់នេះ។

 ចាងហ្វាងផលិតកម្ម ដែលមានបទពិសោធផលិតភាពយន្ត ជាច្រើនឆ្នាំរូបនេះ បានបន្តឲ្យដឹងទៀតថា យោងតាមការគាំទ្រ​ពីសំណាក់ អ្នកលេងប្រព័ន្ធ Facebook ដែលមានប្រមាណជាង១០ ម៉ឺននាក់នោះ លោកស្រីហ៊ានមានជំនឿមុតមាំ ក្នុងការទទួលបានជោគជ័យរហូតដល់៧០ភាគរយ។ ជាមួយគ្នានេះ ក្នុងនាមលោកស្រីជាចាងហ្វាង លោកស្រីសូមអំពាវនាវឲ្យបងប្អូណប្រជាពលរដ្ឋខ្មែរ ចូលរួមគាំទ្រទស្សនាភាពយន្តខ្មែរឲ្យបានច្រើន ព្រោះនេះជាការលើកស្ទូយសិល្បៈវប្បធម៌ខ្មែររបស់យើងទាំងអស់គ្នា។

សូមបញ្ជាក់ថា រឿង«វិស្សមកាលមរណៈ» មានការចូលរួមសម្ដែង ដោយតារាល្បីៗជាច្រើនដួងរួមមាន កញ្ញា នី មុនីនាថ, លោក ថៃ ប៊ុននាង, កញ្ញា ថន លក្ខិណា, អ្នកនាង ខ្ញុង​, អ្នកនាងអ៉ីត, ក្រុមក្បាចគុនយុទ្ធក្រមខ្មែរ, អ្នកនាង ឆៃ លីដាឡែន, លោក ហម ឈរ៉ា, អ្នកនាង ចាន់ តារាទី ព្រមទាំងតារាកិត្តិយស​ជាច្រើនទៀត៕