(ភ្នំពេញ)៖ មន្ដ្រីជាន់ខ្ពស់ក្រសួងរ៉ែ និងថាមពល បានបញ្ជាក់ថា ប្រេងកាតប្លុក A នៅកម្ពុជា នឹងអាចបូមបានឡើងនៅក្នុងឆ្នាំ២០១៨ ឬ២០១៩ខាងមុននេះ ប្រសិនបើតម្លៃប្រេង មានការងើបឡើងវិញ។

លោក ម៉េង សក្ដិធារ៉ា រដ្ឋលេខាធិការនៃក្រសួងរ៉ែ និងថាមពល បានបញ្ជាក់ថា «តាមផែនការរបស់ក្រសួង ប្រសិនបើថ្លៃប្រេងមិនធ្លាក់ចុះនោះទេ ហើយអាចនឹងងើបឡើងវិញ ក្រុមហ៊ុន KrisEnergy  អាចនឹងធ្វើការចាប់ផ្ដើមផលិតប្រេង លើកទី១របស់ខ្លូន ក្នុងអំឡុងប្រហែលជាឆ្នាំ២០១៨ ឬ២០១៩ខាងមុខនេះ ប្រសិនបើមិនមានឧបសគ្គដោយសារថ្លៃប្រេងនេះទេ ប៉ុន្ដែបើច្នៃដន្យ ថ្លៃប្រេងនៅលើពិភពលោកនៅតែបន្ដធ្លាក់ចុះ​ វានឹងអាចធ្វើឲ្យមានការយឺតយ៉ាវបន្ដទៀត»

ការថ្លែងបែបនេះរបស់ លោក ម៉េង សក្តិធារ៉ា ធ្វើឡើងក្នុងសិក្ខាសាលា ពិគ្រោះយោបល់ ស្ដីពីការរៀបចំសេចក្ដីព្រាងច្បាប់ប្រេងកាត នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៦នេះ ក្នុងសាលប្រជុំក្រសួងរ៉ែ និងថាមពល ដោយមានការចូលរួម ពីបណ្ដាក្រុមហ៊ុន និងសង្គមស៊ីវិលដែលធ្វើការលើវិស័យប្រេងកាតនេះ។

លោកក៏បានបញ្ជាក់ ពីការអនុញ្ញាតិឲ្យធ្វើអាជីវកម្មប្រេង នៅតំបន់ឈូងសមុទ្រថៃ ដែលពីមុនជាកន្លែងដែលមានវិវាទធ្ងន់ធ្ងរ ប៉ុន្ដែបច្ចុប្បន្នភាគីទាំង២ បានចុះកិច្ចព្រមព្រាងប្រេងកាត ជាមួយក្រុមហ៊ុនមួយចំនួន ដែលកិច្ចព្រមព្រាងនេះ គឺជាកិច្ចព្រមព្រាងប្រេងកាតដែលមានលក្ខខណ្ឌ។ លោកបន្ថែមថា កិច្ចព្រមព្រាងនេះ នឹងមានអនុភាពអាចអនុវត្តបាន លុះត្រាតែមានដំណោះស្រាយ រវាងប្រទេសទាំង២ អំពីតំបន់ត្រួតស៊ីគ្នាត្រូវបានបញ្ចប់។

លោកបន្ដទៀតថា កន្លងមករាជរដ្ឋាភិបាលប្រទេសទាំង២ បានផ្តួចផ្ដើមជម្រុញការដោះស្រាយអំពីទំនាស់ នៃការប្រកាសតំបន់ត្រួតស៊ីគ្នា ដែលពាក់ព័ន្ធនឹងវិស័យប្រេងនេះ បានមានវឌ្ឍន៍ភាព ទៅមុខគួរឲ្យមោទនភាព ហើយភាគីទាំង២ក៏បានឯកភាពគ្នា នូវចំណុចមួយចំនួនរួចហើយ ហើយក្នុងនោះគោលការណ៍ធំៗរួមមាន ទី១-ការឯកភាពគ្នាជារួមថា ធ្វើការអភិវឌ្ឍន៍រួមគ្នា និងទី២-បែងចែក ផលពីការអភិវឌ្ឍន៍ជាមួយគ្នា៕