(កំពង់ធំ)៖ មន្រ្តីយោធាពាក់ផ្កាយ១ មានតួនាទីជានាយរងសរុប អគ្គលេខាធិការដ្ឋាន ក្រសួងការពារជាតិ គឺលោកឧត្តមសេនីយ៍ត្រី ស័ន សម្បត្តិ អាយុ៤៨ឆ្នាំ បានបើករថយន្ត Range Rover ពាក់ស្លាកលេខ ខ.ម០៩ 2-8886 បើកបុកបុរសម្នាក់កំពុងជិះម៉ូតូបណ្តាលឲ្យ ដួលបែកក្បាលស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ។ គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងនៅល្ងាចថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦ លើផ្លូវជាតិលេខ6 (ផ្លូវអាស៊ានថ្មី) ភូមិវាំងខាងជើង ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ។

ពេលកើតហេតុភ្លាមៗនោះ មានសេចក្តីរាយការណ៍ជាច្រើនបានអះអាងថា អ្នកបើករថយន្ត គឺលោកឧត្តមសេនីយ៍ សៀ សម្បត្តិ ជាស្នងការ នៃស្នងការដ្ឋានយុត្តិធម៌ អាវុធហត្ថលើផ្ទៃប្រទេស ប៉ុន្តែ លោកឧត្តមសេនីយ៍ អេង ហ៊ី អ្នកនាំពាក្យបានច្រានចោលដោយបញ្ជាក់ថា លោក សៀ សម្បត្តិ មិនបានស្ថិតនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នោះទេ។ លោកឧត្តមសេនីយ៍ អេង ហ៊ី បានបន្តថា «លោកឧត្តមសេនីយ៍ សៀ សម្បត្តិ មិនមានបេសសកម្ម ទៅខេត្តកំពង់ធំនោះឡើយ ដូច្នេះនេះព័ត៌មានមិនពិតដែលថាលោកជាជនបង្កគ្រោះថ្នាក់ចរាចរណ៍ តាមពិតគឺជាអ្នកផ្សេង​នោះទេ តែលោកមិនស្គាល់ឡើយ»

លោក ស៊ីវ វណ្ណាអធិការរងនគរបាលចរាចរណ៍ស្រុកសន្ទុក បានឲ្យដឹងថា មុនពេលកើតរថយន្ត Range Rover មួយគ្រឿងពាក់ស្លាកលេខ ខ.ម០៩ 2-8886 ធ្វើដំណើរ ក្នុងទិសដៅពីជើងទៅត្បូងហើយ​ពេលនោះ គេឃើញជនរងគ្រោះកំពុងបើកម៉ូតូម៉ាកC125 ពណ៌ខ្មៅ ស្លាកលេខ កំពង់ធំ1T-0891 ចេញពីត្បូងទៅជើងបញ្ច្រាស់ទិសគ្នា។ ពេលមកដល់កន្លែងកើតហេតុ អ្នកបើកម៉ូតូបត់ចូលស្ថានីយ៍​ប្រេងមួយកន្លែង ទើបរថយន្តស៊េរីទំនើបជាន់ហ្វ្រាំងមិនទាន់បណ្តាលឲ្យបុកពេញ ពេញទំហឹងបែកក្បាលធ្លាយខួរស្លាប់ភ្លាមៗ នៅនិងកន្លែងកើតហេតុតែម្តង។ ជនរងឈ្មោះ ប៉ន ប៉ុន ជាសិស្សថ្នាក់ទី11C សាលាវិទ្យាល័យតាំងក្រសាំង អាយុ១៩ឆ្នាំទីលំនៅភូមិផ្លុង ឃុំប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ ចំណែកម្ចាស់រថយន្តសេរីទំនើបឈ្មោះ ស័ន សម្បត្តិ អាយុ៤៨ឆ្នាំ ជា​មន្រ្តីយោធាផ្កាយ១។

បន្ទាប់ពីបង្កគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះមន្រ្តីយោធារូបនេះ បានយករថយន្តទៅទុកក្នុងបន្ទាយរបស់ខ្លួន នៅឃុំតាំងក្រសាំង ដោយហាមមិនឲ្យអ្នកសារព័ត៌មាន​ថតរូបរថយន្ត​។ បច្ចុប្បន្ន ម៉ូតូរបស់ជនរងគ្រោះ ត្រូវបានយកទៅរក្សារទុកនៅអធិការដ្ឋាននគរបាលស្រុកសន្ទុក រីឯ សពជនរងគ្រោះ ត្រូវបានឪពុកម្តាយយកទៅធ្វើបុណ្យតាមប្រពៃណី៕