(ភ្នំពេញ)៖ ជនសង្ស័យជាចោរឆក់ម្នាក់ ក្នុងចំណោម២នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្ដិ៍ទួលសង្កែ ខណ្ឌឬស្សីកែវ ក្របួចជាប់ និងវាយខ្នោះភ្លាមៗ ខណៈបក្ខពួកម្នាក់ទៀត បានរត់គេចខ្លួនបាត់ស្រមោល បន្ទាប់ពីធ្វើសកម្មភាព ឆក់កាបូបលុយ ពីស្ត្រីរងគ្រោះតាមដងផ្លូវសាធារណៈមិនបានសម្រេច។

ករណីខាងលើនេះ បានបង្កឲ្យមានការភ្ញាក់ផ្អើល នៅវេលាម៉ោង ៩៖២០នាទីព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចមុខផ្ទះលេខ៣៩៥ តាមបណ្ដោយផ្លូវលេខ៩០៧ ស្ថិតក្នុងភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។ មន្ត្រីនគរបាលប៉ុស្ដិ៍ទួលសង្កែ បានឲ្យដឹងថា ខណៈដែលស្ត្រីរងគ្រោះបានជិះម៉ូតូរបស់ខ្លួនតែម្នាក់ឯង តាមបណ្ដោយផ្លូវ៩០៧ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែលិចមុខជនត្រូវសង្ស័យ២នាក់ ជិះម៉ូតូ១គ្រឿងដោយមិនចាំម៉ាក់ បានមកធ្វើសកម្មភាពឆក់កាបូបលុយ តែមិនបានសម្រេច ហើយបណ្ដាលឲ្យដួលម៉ូតូ ស្របពេលកម្លាំងនគរបាលមូលដ្ឋាន ដែលឈរជើងយាមក្បែរ និងប្រជាពលរដ្ឋចាប់ក្របួច ជនសង្ស័យជាចោរឆក់ បានម្នាក់ភ្លាមៗរីឯបក្ខពួកជនសង្ស័យម្នាក់ បានជិះម៉ូតូរត់គេចខ្លួន បាត់ស្រមោលតែម្ដង ។

មន្ត្រីនគរបាលប៉ុស្ដិ៍ទួលសង្កែ បានឲ្យដឹងទៀតថា ស្ត្រីរងគ្រោះ បន្ទាប់ពីកើតហេតុ ដោយខ្លួនពុំបាត់បង់សម្ភារទើបមិនបាន មកដាក់ពាក្យបណ្ដឹងនោះទេ ដោយសមត្ថកិច្ចមិនបានស្គាល់ពី អត្តសញ្ញាណឡើយ។ មន្ត្រីនគរបាលប៉ុស្ដិ៍ទួលសង្កែ បានបញ្ជាក់ថា ជនសង្ស័យ ឈ្មោះ សាំង ស៊ុនហាក់ ភេទប្រុស អាយុ២១ឆ្នាំ មានមុខរបរ មិនពិតប្រាកដ ស្នាក់នៅ ផ្ទះលេខ២៣ ស្ថិតក្នុងភូមិបុរីលឹមឈៀងហាក់ សង្កាត់ដង្កោ ខណ្ឌដង្កោ និងបក្ខពួកម្នាក់ដែលកំពុងរត់គេចខ្លួនមានឈ្មោះ ហ្វាត ភេទប្រុស អាយុ២៣ឆ្នាំ ជាជនជាតិខ្មែរឥស្លាមមាន មុខរបរមិនពិតប្រាកដ ស្នាក់នៅម្ដុំវិហ៊ាឥស្លាម តាមបណ្ដោផ្លូវជាតិលេខ៥ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ។ បច្ចុប្បន្នជនត្រូវសង្ស័យជាចោរឆក់ ត្រូវបានកម្លាំងនគរបាលប៉ុស្ដិ៍ទួលសង្កែ បញ្ជូនទៅឃុំខ្លួន សាកសួរបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ និងបន្តស្រាវជ្រាវរកចាប់ខ្លួន បក្ខពួកម្នាក់ទៀត ដែលកំពុងរត់គេចខ្លួន ដើម្បីយកមកផ្ដន្ទាទោសតាមច្បាប់៕