(ក្រចេះ)៖ លោកវរសេនីយ៍ឯក សួស ចំរើន មេបញ្ជាការស្តីទីអាវុធហត្ថខេត្តក្រចេះ បានជម្រុញទៅកម្លាំងអាវុធហត្ថ និងពលអាវុធហត្ថ​ ទាំងអស់ក្នុងខេត្តក្រចេះ ត្រូវពង្រឹងបញ្ហាសន្តិសុខ និងទប់ស្កាត់បទល្មើស កាន់តែខ្លាំងឡើង តាមបញ្ជាពីលោកឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន។

លោក សួស ចំរើន បានប្រាប់ទៅកងកម្លាំងទាំងអស់ ត្រូវអនុវត្តតាមគោលការណ៍សំខាន់ៗ ៥ចំណុច៖

ទី១-អាវុធហត្ថគ្រប់រូប ត្រូវលើកកម្ពស់ស្មារតីស្នេហាជាតិ និងស្មោះត្រង់ចំពោះជាតិ សាសនា ព្រះមហាក្សត្រ ជាពិសេសចំពោះរាជរដ្ឋាភិបាលនៃកម្ពុជា

ទី២-ត្រូវបន្តកសាងកងរាជអាវុធហត្ថឲ្យល្អស្អាតស្អំ គោរពវិន័យ ក្រមសីលធម៌ និងអនុវត្តន៍ច្បាប់

ទី៣-បន្តរៀបចំអត្តចរិក និងសេចក្ដីថ្លៃថ្នូរឲ្យមានការទំនាក់ទំនងល្អ ជាមួយបណ្ដាស្ថាប័ន ប្រជាពលរដ្ឋ ដើម្បីទទួលការឆ្លើយតប និងមានការគាំទ្រ

ទី៤-ត្រូវបន្តលើកកម្ពស់ចំណេះ សមត្ថភាព ជំនាញ វិជ្ជាជីវៈគ្រប់ផ្នែកតាមរយៈការហ្វឹកហ្វឺន និងការសិក្សារៀនសូត្រ

ទី៥-ត្រូវបន្តកសាងមនៈសិកាឆន្ទៈ អង់អាចក្លាហាន ហ៊ានទទួលខុសត្រូវចំពោះ ភារកិច្ចបែងចែកច្បាស់លាស់ ចំពោះទង្វើល្អ ទង្វើមិនល្អ ជាពិសេសចំពោះទង្វើ ដែលមិនល្អគម្បីត្រូវជៀសវៀង ដូចជា ការស្រែគំរាមកំហែងប្រជាពលរដ្ឋ ការប្រើប្រាស់ ជួញដូរគ្រឿងញៀន ការដឹកជញ្ជូន និងប្រើប្រាស់អាវុធខុសច្បាប់ ការកាប់ទនទ្រានយកដីព្រៃជាដើម។

ការលើកឡើងនេះត្រូវបានធ្វើឡើង ពិធីអបអរសាទខួបលើទី២៣ ទិវានៃការបង្កើតកងរាជអាវុធហត្ថនៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៦នេះ ដែលត្រូវបានប្រព្រឹត្តទៅ នៅទីបញ្ជាការ​កងរាជអាវុធហត្ថខេត្ត។ ក្នុងនោះដែរក៏មានការចូលរួមពី​លោក-លោកស្រី មេបញ្ជាការ មេបញ្ជាការរង នាយ នាយរង ពលអាវុធហត្ថ ព្រមទាំងក្រុមគ្រួសារ អាវុធហត្ថ​ជាច្រើននាក់ទៀតផងដែរ។ បន្ថែមពីនេះ លោកវរសេនីយ៍ឯក ក៏បានចែកអំណោយដល់គ្រួសារ ពលអាវុធហត្ថក្រីក្រ ជួបការលំបាក ពលីមរណៈ និងចូលនិវត្តន៍៤៤គ្រួសារផងដែរ ដែលក្នុងនោះមួយគ្រួសារៗទទួលបាន អង្ករ ២២គីឡូក្រាម មី១កេស ទឹកត្រី១យូរ ប៊ីចេង១កញ្ចប់ និងថវិកា៥ម៉ឺនរៀល។ក្នុងឱកាសនោះដែរលោកវរសេនីយ៍ឯក សួស ចំរើន មេបញ្ជាការស្តីទី បានសម្ដែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ អតីតយុទ្ធជន យុទ្ធនារី ដែលបានពលីជីវិត បូជាឈាមស្រស់ សាច់ស្រស់ ដើម្បីបុព្វហេតុជាតិ ធ្វើការតស៊ូរំដោះទឹកដី មាតុភូមិ ឲ្យរួចផុតពីសម័យប្រល័យពូជសាសន ប៉ុល ពត ដ៏សែនឃោឃៅព្រៃផ្សៃយ៉ង់ខ្នង មកលើប្រជាជនខ្មែរស្លូតត្រង់។

លោកវរសេនីយ៍ឯក រំលឹកឡើងវិញថា កាលពីសម័យរបប ប៉ុល ពត ថា នៅក្នុងរបបប្រល័យពូជសាសន៍ ៣ឆ្នាំ ៨ខែ ២០ថ្ងៃ ប្រជាជនទូទាំងប្រទេសកម្ពុជា គឺបានបាត់បង់នូវគ្រប់អ្វីៗទាំងអស់ ជាពិសេស សិទ្ធិសេរីភាព ដោយម្នាក់រស់នៅក្នុងភាពងងឹត ភាពភ័យខ្លាចគ្រប់ពេលវេលា គ្មានចំណីអាហារគ្រប់គ្រាន់ សម្រាប់ហូបចុក ដែលប្រៀបបានទៅនឹងការរស់នៅក្នុងឋានរកទាំងរស់។ លោកវរសេនីយ៍ឯក បន្តថា បច្ចុប្បន្ន ប្រទេសកម្ពុជា ក្រោមការដឹកនាំប្រកបដោយ គតិបណ្ឌិតដ៏ឈ្លាសវៃ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃក្រកម្ពុជា ប្រទេសជាតិ មានសន្តិភាព ស្ថេរភាព សន្តិសុខសណ្ដាប់ធ្នាប់សង្គម និងមានការអភិវឌ្ឍរីកចំរើនលើគ្រប់វិស័យ។ ជាចុងក្រោយ លោកបានដកស្រង់ការណែនាំរបស់ឧត្តមសេនីយ៍ត្រី សាន្ដ ប៊ុនថាន ឲ្យពលអាវុធហត្ថគ្រប់រូប និងខិតខំអនុវត្តន៍ឲ្យ​បានគ្រប់ៗគ្នា ដើម្បីបម្រើការពារសន្តិសុខ សណ្ដាប់ធ្នាប់សង្គម ជូនប្រជាពលរដ្ឋ និងការពារបូរណភាពទឹកដី ជូនមាតុភូមិកម្ពុជា៕