(ប៉េកាំង)៖ នាវាទេសចរណ៍ធំៗរបស់ចិនចំនួន ៨គ្រឿង នឹងត្រូវអនុញ្ញាតឲ្យដឹកភ្ញៀវធ្វើដំណើរទេសចរណ៍កម្សាន្ត ទៅកាន់តំបន់សមុទ្រចិនខាងត្បូងសម្រាប់រយៈពេល ៥ឆ្នាំទៅមុខ។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយ សារព័ត៌មាន Channel News Asia នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២១ ខែកក្កដា ឆ្នាំ២០១៦។

ក្រុមហ៊ុនអភិវឌ្ឍន៍នានាកម្សាន្ត Sanya សហការជាមួយនឹងក្រុមហ៊ុន COSCO Shipping, សេវាកម្មដឹកជញ្ជូនជាតិចិន (HK), និង ក្រុមហ៊ុនសំណងទំនាក់ទំនងចិន នឹងទិញនាវាចន្លោះពី ៥ ទៅ ៨គ្រឿង ដើម្បីបង្កើតជាដំណើរកម្សាន្តនានា ទៅកាន់តំបន់សមុទ្រចិនខាងត្បូង ដែលកំពុងតែមានជម្លោះយ៉ាងក្តៅគគុកខ្លាំងជាមួយនឹងហ្វីលីពីននោះ។

បន្ថែមពីនេះទៀត ក្រុមហ៊ុនខាងលើនេះក៏នឹងកសាងចំណតចំនួន ៤កន្លែងនៅទីក្រុង Sanya ដែលជាទីកន្លែងកម្សាន្ត របស់ចិននៅភាគខាងត្បូងកោះ ហៃណាន ផងដែរ។ លោក Liu Junli ប្រធានក្រុមហ៊ុន Sanya បានលើកឡើងថា ក្រុមហ៊ុននេះបានបង្កើនព្រឹត្តិការណ៍មួយរួចទៅហើយគឺ «សុបិន្តនៃសមុទ្រចិនខាងត្បូង» ហើយនាវាពីរគ្រឿងនឹងត្រូវ ដាក់ឲ្យធ្វើដំណើរទៅកាន់ទីនោះនារដូវក្តៅខាងមុខ។

គួរបញ្ជាក់ថានាវាខាងលើនេះ គ្រោងនឹងធ្វើដំណើរទៅកាន់ប្រជុំកោះ Crescent ដែលជាផ្នែកនៃប្រជុំកោះ Paracels និង ថែមទាំងអាចធ្វើដំណើរព័ទ្ធជុំវិញសមុទ្រខាងត្បូងទាំងមូលតែម្តង ប្រសិនបើពេលវេលាអំណោយផល៕