(ម៉ិចស៊ិកូ)៖ ប្រធានាធិបតីម៉ិចស៊ិកូលោក Enrique Pena Nieto បានចេញមុខសូមទោសជាសាធារណៈ ចំពោះប្រជាជាតិ ឆ្លើយតបទៅនឹងរឿងអាស្រូវពុករលួយដ៏ធំមួយ ដែលចោទភរិយារបស់លោកថាបាន ទិញវីឡាប្រណិតពណ៌សមួយខ្នង ដែលមានតម្លៃរហូតដល់ទៅ ៧លានដុល្លារអាមេរិក ខណៈរដ្ឋាភិបាល កំពុងតែស្ថិតក្នុងតំណាក់កាលប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយគ្រប់ទំរង់នោះ។ នេះបើតាមការចេញ ផ្សាយ មុននេះបន្តិចដោយស៊ិនហួរ ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៦។

ការសូមទោសជាសាធារណៈខាងលើនេះ បានធ្វើឡើងនៅវិមានជាតិទីក្រុងម៉ិចស៊ិកូ ដែលក៏ជាពេលដែល លោក Nieto ធ្វើការប្រកាសពីច្បាប់ប្រឆាំងអំពើពុករលួយថ្មីផងដែរ។ លោកបានលើកឡើងថា លោក ពិតជាមានកំហុសដែលមិនបានលុបលាងព័ត៌មាន ដែលសារព័ត៌មានធ្វើការចេញផ្សាយខុសកាលពីចុង ឆ្នាំ២០១៤ ហើយរឿងយល់ច្រឡំនោះបានធ្វើប៉ះពាល់ដល់តំណែងប្រធានាធិបតី និងនាំឲ្យរដ្ឋាភិបាល រងការប៉ះទង្គិចជាខ្លាំងផងដែរ។ ទោះជាបែបនេះក្តីលោក Nieto នៅតែធ្វើការបកស្រាយនិងសូមទោស។

គួរបញ្ជាក់ថាភរិយារបស់លោក Nieto គឺលោកស្រី Angelica Rivera ជាអតីតតារាទូរទស្សន៍មួយរូប បានទិញផ្ទះវីឡាពណ៌សដ៏ប្រណិតមួយខ្នង ពីក្រុមហ៊ុនរដ្ឋឈ្មោះ Grupo Higa ដែលជាកម្មសិទ្ធិរបស់ លោក Juan Armando Hinojosa ត្រូវជាមិត្តភក្តិលោក Nieto ផងដែរ។ លោកស្រី Rivera បានបញ្ជាក់ ថាការទិញវីឡានេះ គឺលោកស្រីបានប្រើលុយសន្សំដែលបានពីអាជីបរបស់ខ្លួនទាំងអស់ ដោយមិនជាប់ពាក់ព័ន្ធនឹង រឿងពុករលួយពីស្វាមីលោកស្រីបន្តិចឡើយ៕