(កំពង់ចាម)៖ ជនឆបោកដែលបានយកឈ្មោះ លោក គឹម ឈីន នាយការិយាល័យបុគ្គលិក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីរត់ការចូលបម្រើជាមន្រ្តីនគរបាលជាតិ ដោយចំណាយលុយត្រឹម ១២០០ដុល្លារនោះ ស្រាប់តែជននេះ បានបន្តយកដើរតួ និងយកឈ្មោះ ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ទៅប្រើបោកប្រាស់ ដោយបញ្ចុះមកត្រឹម១០០០ដុល្លារ។

ជនឆបោកនេះបានទូរស័ព្ទទៅនាយនគរបាលប៉ុស្តិស្រង៉ែ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ដោយប្រាប់ថា ខ្លួនជានាយការិយាល័យបុគ្គលិក នៃស្នងការដ្ឋាននគរបាលខេត្ត ហើយកុហសថា រូបគេអាចជួយឲ្យចូល បម្រើជាមន្រ្តីនគរបាលបាន ចំនួន២នាក់ ដោយគ្រាន់តែឲ្យលុយ១២០០ដុល្លារ។ ពេលនោះជនឆបោក បានប្រាប់ទៅមន្រ្តីនគរបាល ឲ្យទូរស័ព្ទទៅលោកស្នងការ (ជាបក្ខពួក)  បន្ថែមពីព្រោះរូបគេ បាននិយាយជាមួយលោកស្នងការរួចហើយ។

តាមរយះកិច្ចសន្ទនា តាមទូរស័ព្ទជិត១០នាទីនោះ ជនឆបោកដែលដើរតួជាស្នងការខេត្តកំពង់ចាមនោះ បានប្រាប់ថា នឹងជួយឲ្យជាប់បម្រើជាមន្រ្តីនគរបាល ហើយបានស័ក្តិ២ទៀត ដោយឡែកលុយចំនួន១០០០ដុល្លារនោះ គឺត្រូវចំណាយលើថ្លៃរត់ការបន្តទៀត ជាមួយមេៗនៅក្រសួងមហាផ្ទៃ។

ជុំវិញករណីនេះមួយនេះ លោកឧត្តមសេនីយ៍ស្នងការ បែន រ័ត្ន បានបញ្ជាក់ថា នៅពេលនេះកម្លាំងជំនាញរបស់លោក បានស្គាល់អាស័យដ្ឋានអស់ហើយ និងកំពុងស្រាវជ្រាវបន្តទៀត ឈានទៅដល់ការចាប់ខ្លួន។

លោកស្នងការ បានប្រាប់អង្គភាព Fresh News នៅយប់ថ្ងៃទី២០ ខែកក្កដា នេះថា "ជនល្មើសបានយកឈ្មោះខ្ញុំ ជាស្នងការ មកប្រើជាថ្នុរប្រាក់ ១០០០ដុល្លារ ឲ្យចូលនគរបាលខេត្ត និងធានាជាប់មិនបាច់ប្រឡង ហើយចូលរៀននិងបានពាក់ស័ក្តិ២ តែម្តងជារឿងគួរអោយអស់សំណើច។

លោកស្នងការ បានបន្តទៀតថា «យើងបានរៀបចំដាក់ពាក្យបណ្តឹង គ្រប់ស្ថាប័នមានសមត្ថកិច្ច ដើម្បីប្រមាញ់ក្រុមជនទាំងនេះមកទទួលទោសតាមច្បាប់ អោយខាងតែបាន។អានេះថ្លើមវាធំជាងដើមទ្រូងទៅទៀត ដែលបានមើលងាយតម្លៃនគរបាលជាតិផង និងបុគ្គលផង»។​ លោកឧត្តមសេនីយ៍ស្នងការ បានបន្តទៀតថា លេខទូរស័ព្ទរបស់ជនឆបោករូបនេះ គឺ 097 605 17 67 ដោយធានាអាចចូលក្របខណ្ឌបានយ៉ាងពិតប្រាកដ។

សូមបញ្ជាក់ថា សូមជម្រាបថា ក្រសួងមហាផ្ទៃបានប្រកាសប្រឡងជ្រើសរើស សិស្សនិស្សិតឲ្យចូលបម្រើការងារជាមន្ត្រីនគរបាលជាតិ ចំនួន៦២៤កន្លែង សម្រាប់ឆ្នាំ២០១៦។ សិស្ស និស្សិត ដែលជ្រើសរើសត្រូវយកទៅ បម្រើការងារលើមុខជំនាញ និងឯកទេសផ្សេងៗគ្នារួមមាន៖ ជំនាញព័ត៌មានវិទ្យា, ជំនាញស្ថាបត្យកម្ម, ជំនាញសុខាភិបាល, ជំនាញច្បាប់, ជំនាញគណនេយ្យ និងហិរញ្ញវត្ថុ, ជំនាញភាសាបរទេស, ជំនាញបើកបរ ជួសជុល ឆ្លាក់ត្រា, ជំនាញការពារ និងអង្គរក្ស។

ពាក្យប្រឡងនឹងចាប់ផ្តើមផ្តល់ជូនពីថ្ងៃទី០៥ ដល់ថ្ងៃទី៣០ ខែកក្កដា ហើយចាប់ផ្តើមទទួលពាក្យប្រឡងវិញ ចាប់ពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៦ ដល់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៦៕

សូមស្តាប់សម្លេងវគ្គទី១ និងវគ្គទី២៖