(ភ្នំពេញ)៖ ស្រ្តីតារាចម្រៀងតាមភោជនីយ៍ដ្ឋានម្នាក់ ត្រូវបានប្តីសម្លាប់ចោលដោយ ច្របាច់ក នៅក្នុងបន្ទប់ជួលផ្ទះលេខ ៤០៩ស្ទួន ក្រុមទី៩ភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ នាយប់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦នេះ សង្ស័យជម្លោះគ្នាដោយរឿងអ្វីមួយ។

អធិការនគរបាលខណ្ឌមានជ័យ លោក តេង ស៊ីណូ បានបញ្ជាក់ថា «ស្រ្តីរងគ្រោះ ត្រូវប្តីរបស់នាង ដែលរស់នៅជាមួយគ្នា៤ឆ្នាំ (មិនបានរៀបការត្រឹមត្រូវ) សម្លាប់ចោលដោយ ច្របាច់ក តែទំនាស់នោះ មិនដឹងមកពីមូលហេតុអីពិតប្រាកដនោះទេ»។

លោក តេង ស៊ីណូ បានបន្តទៀតថា ក្រោយសម្លាប់ហើយជនសង្ស័យបានចាក់សោទ្វារពីខាងក្រៅរហូតម្ចាស់ផ្ទះ មានការសង្ស័យក៏ទម្លុះទ្វារ ឃើញស្រ្តីរងគ្រោះដេកស្លាប់លើគ្រែតែម្តង។

ក្រោយការសួរនាំស្រ្តីរងគ្រោះមានឈ្មោះស្រី គុណ ស្រី អាយុ២៦ឆ្នាំមានស្រុកកំណើតភូមិព្រែកតាបេះ ឃុំព្រែកពោ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ នៅពេលនេះកម្លាំងនគរបាលខណ្ឌមានជ័យ បាននិងកំពុងស្រាវជ្រាវ ដើម្បីតាមចាប់បុរសជាប្តី មកផ្តន្ទាទោសតាមច្បាប់៕