(ភ្នំពេញ)៖ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា សម្តេចនឹងបើកយុទ្ធនាការជួបសំណេះសំណាលដោយផ្ទាល់ជាមួយមន្រ្តីរាជការ និងប្រជាពលរដ្ឋនៅទូទាំងប្រទេស ២៥រាជធានីខេត្តក្រុង ហើយខេត្តបាត់ដំបូងជាខេត្តដំបូងគេ ដែលសម្តេចតេជោចាប់ផ្តើម។

Facebook របស់សម្តេច ដែលទើបចេញនៅយប់ថ្ងៃនេះបានឲ្យដឹងថា បន្ទាប់ពីខេត្តបាត់ដំបងថ្ងៃនេះ, ថ្ងៃស្អែកសម្តេចនឹងបន្តដំណើរទៅខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាប បន្ទាប់មកគឺខេត្តកំពង់ធំ។

សម្តេចបានរៀបរាប់យ៉ាងដូច្នេះថា «នៅរសៀលថ្ងៃនេះ ខ្ញុំសប្បាយរីករាយណាស់ដែលបានជួបសំណេះសំណាល ជាមួយមន្រ្តីរាជការរបស់ យើងនៅខេត្តបាត់ដំបង។ នេះជាខេត្តទី១ ដែលខ្ញុំបានចាប់ធ្វើពិធីនេះមុនគេ ហើយជាបន្ទាប់មកគឺនឹងធ្វើនៅគ្រប់ទូទាំង២៥ រាជធានី ខេត្តក្រុង។ បន្ទាប់ពីខេត្តបាត់ដំបងថ្ងៃនេះ គឺថ្ងៃស្អែកខ្ញុំនឹងបន្តដំណើរទៅខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាប ហើយបន្ទាប់មកគឺខេត្តកំពង់ធំ។ នេះជាឱកាស ដែលខ្ញុំត្រូវតែចុះសួរសុខទុក្ខបងប្អូនមន្រ្តីរាជការ ប្រជាពលរដ្ឋ ព្រមទាំងពិនិត្យអំពីសមិទ្ឋផលនៅតាមបណ្តាខេត្ត និង បញ្ហាប្រឈមនានា»។

សម្តេចតេជោ បានរៀបរាប់ទៀតថា ខេត្តបាត់ដំបង ជាអតីតទីសមរភូមិក្តៅដែលយើងមិននឹកស្មានថា បានក្លាយជាខេត្តដែលមានសុខសន្តិភាព និងអភិវឌ្ឍន៌រីកចម្រើនមកទល់សព្វថ្ងៃ។ ដោយសារស្មារតីនៃនយោបាយ ឈ្នះ-ឈ្នះ យើងបានបញ្ចប់សង្រ្គាម ហើយបាននាំមកនូវសន្តិភាពពេញលេញ និងឯកភាពជាតិ ដោយបានប្រែក្លាយទីសមរភូមិមរណៈមកជាទីផ្សារ និង សហគមអភិវឌ្ឍន៌។

ក្រៅពីនោះសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទាំងស្រុងដែលមានខ្លឹមសារយ៉ាងដូច្នេះថា៖

«ខ្ញុំសូមរំលឹក និងផ្តាំផ្ញើដល់មន្រ្តីរាជការយើង គឺត្រូវខិតខំយកចិត្តទុកដាក់ដោះស្រាយសេវាតម្រូវការចាំបាច់នានាជូនប្រជាពលរដ្ឋឲ្យបានឆាប់រហ័ស និងមានប្រសិទ្ឋភាព។ ត្រូវតែលុបបំបាត់រាល់កំហុសឆ្គង ការថ្នាំងថ្នាក់ ភាពអសកម្មទាំងឡាយ ហើយត្រូវខិតខំកសាងអំពើល្អអោយបានច្រើន។ ចំពោះកុងត្រូលទាំងជជុះ ឬមិនជជុះគឺត្រូវលុបបំបាត់ឲ្យអស់ រួមទាំងជញ្ជីងថ្លឹងអនាធិបតេយ្យផងដែរ។

មិនមែនអ្វីៗដែលខាងលើដាក់មកសុទ្ឋតែត្រូវទាំងអស់នោះទេ ឬចេះតែថាល្អទាំងអស់នោះដែរ។ គឺយើងត្រូវចេះពិនិត្យ និងកែលម្អឡើងវិញ បើមានអ្វីមិនល្អ ឬមិនប្រក្រតី។ មន្រ្តីរាជការ និងកងប្រដាប់អាវុទ្ឋទាំងអស់ត្រូវចូលរួមគាំទ្រសមត្ថកិច្ចគយ និងពន្ឋដារក្នុងការប្រមូលចំណូល។ មន្រ្តីពាក់ព័ន្ឋ និងអាជ្ញាធរមាន សមត្ថកិច្ចត្រូវយកចិត្តទុកដាក់ការពារព្រៃឈើ និងដោះស្រាយទំនាស់ដីធ្លីក្នុងខេត្តនីមួយៗ របស់ខ្លួនឲ្យបានល្អនិងមានប្រសិទ្ឋភាព។ ទន្ទឹមនឹងនេះ គឺយើងទាំងអស់គ្នាត្រូវចូលរួមពង្រឹងនីតិរដ្ឋអោយបានល្អរឹងមាំ ហើយកុំភ្លេចទៅចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់ៗគ្នា។
ត្រូវមានសាមគ្គីភាពរវាងគ្នាទៅវិញទៅមក ហើយត្រូវខិតខំរក្សាមិត្តភាព និងសហប្រតិបតិ្តការជាមួយប្រទេសថៃជាប់ព្រំដែនជាមួយខេត្តឲ្យបានល្អ។

ខ្ញុំសូមកោតសរសើររាល់នូវការខិតខំប្រឹងប្រែងរបស់ខេត្ត និងសូមជូនពរបងប្អូនមន្រ្តីរាជការនៅក្នុងខេត្តបាត់ដំបងទាំងមូលជួបតែសេចក្តីសុខ និងសំណាងល្អគ្រប់ៗគ្នា»៕