(ប៉ៃលិន)៖ ទេសរដ្ឋមន្រ្តី សេរី កុសល អនុប្រធានទី១អាជ្ញាធរមីន តំណាងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានអាជ្ញាធរមីន បានចុះមកសំណេះ​សំណាល សួរសុខទុក្ខ និងចែកគ្រឿងឧបភោគបរិភោគដល់ ជនរងគ្រោះដោយសារ​មីនដែលកំពុង​សម្រាកព្យាបាល​នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន។

លោក សេរី កុសល និងក្រុមការងារ ក៏បានជួប សំណេះសំណាលជាមួយជនរងគ្រោះដោយសារមីន/ស.ផ.ស ដែលរងគ្រោះថ្មីៗ និងឆ្នាំចាស់ ដែលមានជីវភាពក្រីក្រលំបាកចំនួន៦នាក់ និងប្រជាពលរដ្ឋ អាជ្ញាធរមូលដ្ឋាន និងកងកម្លាំងប្រដាប់អាវុធ ដើម្បីធ្វើការប្រមូលព័ត៌មានបន្ថែមគ្រោះថ្នាក់មីន នៅក្បែរនឹងទីតាំងផ្ទុះមីន នៅភូមិកុយ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន សរុប ៧០នាក់​ផងដែរ។

បន្ថែមពីនេះ លោក ទេសរដ្ឋមន្ត្រី នឹងពិនិត្យមើលពីផែនការបោសសម្អាតមីន របស់អាជ្ញាធរមីន ដើម្បីស្វែងរកដំណោះស្រាយរួម ជាមួយភាគីពាក់ព័ន្ធ នឹងដើម្បីដាក់បញ្ចូលក្នុងផែនការយុទ្ធសាស្ត្រជាតិ សកម្មភាពមីនឆ្នាំ២០១៧-២០២៥។លោក សេរី កុសល ក៏បានស្នើដល់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងអាជ្ញាធរមូលដ្ឋាន សូមលើកយកបញ្ហាគ្រោះថ្នាក់មីន និងគ្រាប់សំណល់ជាតិផ្ទុះពីសង្គ្រាម ជាបញ្ហាអាទិភាពនៅរៀងរាល់កិច្ចប្រជុំពិភាក្សារបស់ខ្លួន។

 ក្នុងអំឡុងពិធីសំណេះសំណាលនេះ លោក សេរី កុសល ក៏បានផ្សព្វផ្សាយអប់រំឲ្យយល់ដឹងពីគ្រោះថ្នាក់មីន និងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ដោយបានណែនាំប្រជាពលរដ្ឋកុំឲ្យលេង ប៉ះពាល់ កែច្នៃ​គ្រាប់ ហើយនៅពេលបងប្អូនបានឃើញ ឬសង្ស័យថា ដីដែលមានគ្រាប់មីន ឬគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ សូមបងប្អូនធ្វើសញ្ញាសំគាល់ ឬចំណាំរួចរាយការណ៍ជាបន្ទាន់មក អាជ្ញាធរមូលដ្ឋាន​ឬកង​កំ​លាំង ប្រដាប់អាវុធ ដែលនៅក្បែរៗនឹងបងប្អូនរស់នៅ ជាពិសេស លោក បានណែនាំដល់គ្រប់ប្រតិបត្តិករដោះមីនប្រចាំនៅខេត្តប៉ៃលិន ឲ្យបន្ថែមការងារដាក់ស្លាក​សញ្ញាគ្រោះថ្នាក់​មីនដែលសង្ស័យថា នៅមានមីន។

លោក ទេសរដ្ឋមន្រ្តី សេរី កុសល ក៏បានចូលរួមឧបត្ថម្ភ ដល់ជនរងគ្រោះដោយសារផ្ទុះមីន/ស.ផ.ស ចំនួន៦នាក់ នៅភូមិកុយ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ដោយបានចែកជូន​នូវគ្រឿង​ឧបភោគ​បរិភោគ មួយចំនួនដូចជា៖ អង្ករ៦បាវ/ការ៉ុង (50kg) មី៦កេស ត្រីខ៦យួរ ទឹកផ្លែឈើ៦កេស ទឹកក្រូច៦កេស ទឹកត្រី៦យួរ ទឹកស៊ីអ៊ីវ៦យួរ ទឹកសុទ្ធ៦កេស និងថវិកា ១,៦០០,០០០រៀល។

ដោយឡែកជនរងគ្រោះដោយសារមីន ឈ្មោះ ផុន ភេន អាយុ១៨ឆ្នាំ ដែលកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យខេត្តប៉ៃលិន ទទួលបានអង្ករ១បាវ/ការ៉ុង (50kg) មី១កេស ត្រីខ១យួរ ទឹកផ្លែឈើ១កេស ទឹកក្រូច១កេស ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ ទឹកសុទ្ធ១កេស ថវិកា ៤០០,០០០រៀល និងជនរងគ្រោះ ៦នាក់ផ្សេងទៀតទទួលបានថវិកាក្នងម្នាក់ៗ ២០០,០០០រៀល)។

លោក ទេសរដ្ឋមន្ត្រី ក៏បានពាំនាំថវិការបស់សម្តេចតេជោ ចែកជូនដល់ប្រជាពលរដ្ឋសរុប៥៥នាក់ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន២០,០០០រៀល សរុប១,១០០,០០០រៀល អាជ្ញាធរមូលដ្ឋាន និងកងកំលាំង ២៥នាក់ ក្នុងម្នាក់ៗទទួលបាន២០,០០០រៀល សរុប៥០០,០០០រៀល៕