(តួកគី)៖ បន្ទាប់ពីការធ្វើរដ្ឋប្រហារក្នុងប្រទេស តួកគី កាលពីរាត្រីថ្ងៃទី១៤ឈានចូលព្រឹកថ្ងៃទី១៥ ខែកក្កដា សប្តាហ៍មុន ត្រូវបរាជ័យ រដ្ឋាភិបាលរបស់ប្រធានាធិបតីលោក Recep Tayyip Erdogan បានធ្វើការបោសសម្អាត មន្ត្រីសំខាន់ៗព្រមទាំងបិទចោល នូវគេហទំព័រមួយចំនួន ដែលត្រូវបានគេចាត់ទុកថាជាឬសគល់ និងបក្សពួកផ្សំគំនិតក្នុងការធ្វើរដ្ឋប្រហារក្នុងនោះរួមមាន៖

• គ្រូបង្រៀនឯកជន២១ពាន់នាក់ ត្រូវបានដកសិទ្ធិក្នុងការបង្រៀន
• មន្ត្រីក្រសួងអប់រំ ១៥ពាន់នាក់ត្រូវបានព្យួរការងារ
• ប៉ូលីស៨ពាន់នាក់ ត្រូវបានចាប់ខ្លួន ឬព្យួរការងារ
• យោធា៦ពាន់នាក់ ត្រូវចាប់ឃុំខ្លួន រង់ចាំការស៊ើបអង្កេត និងផ្តន្ទាទោស
• បុគ្គលិក១,៥០០នាក់របស់ក្រសួងហិរញ្ញវត្ថុត្រូវបានបណ្តេញចេញពីការងារ
• ចៅក្រម២,៧៤៥នាក់ ត្រូវបានបណ្តេញចេញពីការងារ
• ព្រឹទ្ធបុរសក្នុងបណ្តាសកលវិទ្យាល័យទូទាំងប្រទេស ១,៥៧៧នាក់ ត្រូវបង្ខំឲ្យលាលែងពីដំណែង
• មន្ត្រីក្រសួងកិច្ចការសាសនា ៤៩២នាក់ ត្រូវបានបណ្តេញចេញពីក្រសួង
• មន្ត្រី ៣៩៩នាក់ ត្រូវបានដកតំណែងពីក្រសួងគ្រួសារ និងគោលនយោបាយសង្គម
• មន្ត្រី ២៥៧នាក់ ត្រូវបានដកហូតពីការងារក្នុងការិយាល័យនាយករដ្ឋមន្ត្រី
• មន្ត្រីស៊ើបអង្កេត១០០នាក់ ត្រូវបានបណ្តេញចេញពីការងារ
• ចៅហ្វាយស្រុក៤៧នាក់ ត្រូវបានបញ្ឈប់ពីការងារ
• ចៅហ្វាយខេត្ត៣០នាក់ ត្រូវបានបញ្ឈប់ពីការងារ
• គេហទំព័រសារព័ត៌មាន២០ត្រូវបានបិទមិនឲ្យដំណើរការ។

គួរបញ្ជាក់ថា តួលេខខាងលើនេះ គឺជាលទ្ធផលបណ្តោះអាសន្នប៉ុណ្ណោះ ខណៈស្ថាប័នស៊ើបអង្កេតរបស់រដ្ឋាភិបាល តួកគីកំពុងបន្តស៊ើបអង្កេត និងស្វែងរកបក្ខពួកដែលចូលរួមធ្វើរដ្ឋប្រហារពីគ្រប់ស្ថាប័នទាំងអស់ ទាំងរដ្ឋនិងឯកជន ដែលស្របទៅនឹងការប្តេជ្ញារបស់លោកប្រធានាធិបតី Erdogan កាលពីថ្ងៃកើតមានរដ្ឋប្រហារថា លោកនឹងចាត់ការ ទៅលើក្រុមដែលធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលតាមអ្វីដែលអាចធ្វើទៅបាន៕