(ភ្នំពេញ)៖ កម្លាំងនគរបាលប៉ុស្តិ៍ស្រះចក ខណ្ឌដូនពេញ នៅព្រឹកថ្ងៃទី ២០ ខែកក្ដដា ឆ្នាំ​២០១៦ នេះបានចុះឃាត់ខ្លួន ស្រ្តី២ នាក់ បន្ទាប់ពីបានធ្វើសកម្មភាព ​លួងលោម ក្មេងស្រីអាយុជាង១ឆ្នាំ ឲ្យទៅកន្លែងស្ងាត់​ រួចចាប់ច្របាច់ក​ គំរាមឲ្យដោះក្រវិលទំងន់១ជីមាស នៅចំណុចមុខមន្ទីរពេទ្យគន្ធបុប្ផាវត្តភ្នំទី៤​ ផ្លូវលេខ៦១​ សង្កាត់វត្តភ្នំ​ ខណ្ឌដូនពេញ។

លោកនាយប៉ុស្តិ៍ បានប្រាប់ឲ្យដឹងថា​ នៅមុនពេលឃាត់ខ្លួនស្រ្តីសង្ស័យទាំង២នាក់នេះ​ គឺម្តាយក្មេងស្រីរងគ្រោះបានឃាត់យកមកឲ្យនគរបាលប៉ុស្តិ៍វត្តភ្នំ​ ដោយបាននិយាយរៀបរាប់ថា កាលពី២ថ្ងៃមុនគាត់បាននាំកូនស្រី របស់គាត់មកព្យាបាលនៅមន្ទីរពេទ្យ គន្ធបុប្ផាហើយស្រ្តីជាជនសង្ស័យទាំងពីរ នាក់ខាងលើក៏បានមកនិយាយលេង ជាមួយស្រ្តីរងគ្រោះនិងបានប្រើល្បិច ឲ្យទៅកន្លែងស្ងាត់​ក្នុងតំបន់ ប្លុកបឹងកក់ សង្កាត់ស្រះចក​ ខណ្ឌដូនពេញ​ ហើយក៏ចាប់បង្ខំឲ្យស្ត្រីរងគ្រោះដោះក្រវិល កូនស្រីបានសម្រេស ហើយរត់គេចខ្លួនបាត់​ ។

បន្ទាប់មកស្រាប់តែ២ថ្ងៃក្រោយមកនៅថ្ងៃទី២០​ ខែកក្ដដានេះ​ ស្រ្តីសង្ស័យបានត្រលប់ មកមន្ទីរពេទ្យគន្ធបុប្ផាវិញ​ ដើម្បីប្រើល្បិចបោកអ្នកផ្សេងទៀត​ ក៏ជួបនិងស្រ្តីរងគ្រោះនាំគ្នាចាប់ជនសង្ស័យជាប់​ រួចប្រគល់ឲ្យ សមត្ថកិច្ចតែម្តង​ ។ លោកនាយប៉ុស្តិ៍នគរបាលប៉ុស្តិ៍ស្រះចក បានបន្តទៀតថា​ ស្ត្រីជាប់សង្ស័យទាំង២នាក់នេះ​ នៅមិនទាន់ស្គាល់ឈ្មោះនោះទេ​ ព្រោះកំពុងឃាត់ខ្លួនសួរនាំ។​

បច្ចុប្បន្នជនសង្ស័យទាំងពីរខាងលើនេះ ត្រូវបានឃុំខ្លួននៅអធិការនគរបាលខណ្ឌដូនពេញ​ ដើម្បីកសាងសំណុំរឿងញ្ជូនទៅ សាលាដំបូងរាជធានីភ្នំពេញ​ ដើម្បីចាត់ការតាមច្បាប់​ហើយ ៕