(ភ្នំពេញ)៖ ថ្នាក់ដឹកនាំសហព័ន្ធសហជីពធំៗនៅកម្ពុជា បានធ្វើលិខិតស្នើទៅសហគមន៍ EU តាមរយៈឯកអគ្គរដ្ឋទូត អឺរ៉ុបប្រចាំនៅកម្ពុជា ដោយសុំ ឲ្យទាត់ចោលសំណើររបស់លោក សម រង្ស៊ី ដែលបានស្នើឲ្យ EU ផ្ដាច់កូតានាំចេញសម្លៀកបំពាក់កាត់ដេរ និងស្បែកជើងពីកម្ពុជាទៅកាន់ទីផ្សារ​ EU។

បើយោងតាមលិខិតដែលចេញដោយតំណាងសហជីព ដែលអង្គភាព Fresh News ទទួលបាននៅរសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦នេះ បានបញ្ជាក់បន្ថែមថា ការស្នើរបស់លោក សម រង្ស៊ី ទៅកាន់ទីផ្សារ EU គឺពិតប្រាកដណាស់ នឹងធ្វើឲ្យ​ប៉ះពាល់ដល់ជីវភាពរស់នៅរបស់កម្មករ និយោជិតរាប់សែននាក់ និងប្រជាពលរដ្ឋរាប់លាននាក់ផ្សេងទៀត ដែលទទួលបានផលដោយប្រ​យោល​ពីវិស័យមួយនេះប៉ុណ្ណោះ គឺប៉ះពាល់ដល់សេដ្ឋកិច្ចជាតិទាំងមូល។

តំណាងសហជីពធំៗទាំងនេះនិយាយថា «យើងខ្ញុំទាំងអស់គ្នា តំណាងឲ្យកម្មករនិយោជិត សូមស្នើសុំឲ្យសហភាពអឺរ៉ុប មេត្តាពិនិត្យ និងពិចារណា កុំផ្ដាច់កូតានាំចេញសម្លៀកបំពាក់ពីកម្ពុជា ទៅកាន់ទីផ្សារ EU ហើយបន្ដកិច្ចសហប្រតិបត្តិការ និងបន្ថែមការបញ្ជាទិញពីប្រទេសកម្ពុជាទៅកាន់ទីផ្សារ EU បន្ថែមទៀត ដើម្បីលើកកម្ពស់ជីវៈភាពរស់នៅរបស់កម្មករនិយោជិត និងប្រជាពលរដ្ឋកម្ពុជាទាំងមូល​ឲ្យកាន់តែរីកចម្រើនពេលបច្ចុប្បន្ន»។

ការលើកឡើងដូចនេះ បន្ទាប់ពីលោក សម រង្ស៊ី ប្រធាន​គណ​ប​ក្សប្រឆាំងកម្ពុជា នៅក្នុងបទអន្តរាគមន៍ជាភាសាបារាំង នៅសភាអឺរ៉ុប កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៦ កន្លងទៅដែលជាថ្ងៃ​សភាអឺរ៉ុបនិយាយពីបញ្ហាជំនួយមកកាន់កម្ពុជានោះ ហើយពេលនោះលោក សម រង្ស៊ី បានផ្តល់គំនិតឲ្យសភាអឺរ៉ុបយក បញ្ហាទីផ្សារសម្លៀកបំពាក់​របស់កម្ពុជាធ្វើជាគំនាបមកលើ រាជរដ្ឋាភិបាលកម្ពុជា ដើម្បីឆ្លើយតបទៅនឹ​ង​ស្ថានការណ៍​នយោបាយ​ក្នុងប្រទេស​នេះសព្វថ្ងៃ​។

លោក សម រង្ស៊ី បានលើកឡើងថា បើសហភាពអឺរ៉ុបបិទទីផ្សារនាំចេញសម្លៀកបំពាក់ពីកម្ពុជា គឺនៅពេល បើកទីផ្សារវិញមិនចេះតែបើកទេ គឺត្រូវមានភ្ជាប់ នូវលក្ខខណ្ឌ ផ្សេងៗ។ លោកបន្តថា បើសភាពអឺរ៉ុបធ្វើដូច្នេះ រាជរដ្ឋាភិបាលកម្ពុជា ប្រហែលជាចាប់ផ្តើម ពិចារណាឡើងវិញ នេះបើយោងតាមការ ចេញផ្សាយរបស់វិទ្យុបារាំង RFI៕