(ពោធិ៍សាត់)៖ លោកឧកញ៉ា ឃៀង សុជីវ័ន្ត អគ្គនាយករងក្រុមហ៊ុនទ្រីភាពគ្រុប និងជានាយកប្រតិបត្តិក្រុមហ៊ុន MDS មណ្ឌលពោធិ៍សាត់ និងលោកស្រី តំណាងអ្នកឧកញ៉ា ទ្រី ភាព អគ្គនាយកក្រុមហ៊ុនទ្រីភាពគ្រុប ជាអនុប្រធានក្រុមការងារ ចុះជួយខេត្តពោធិ៍សាត់ និងជាប្រធានក្រុមការងារចុះជួយស្រុកវាលវែង និងលោកស្រី នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៦នេះ បានប្រគេនទៀនព្រះវស្សា និងទេយ្យវត្ថុ ដល់ព្រះសង្ឃគង់ចាំព្រះវស្សា២២វត្ត ទូទាំងខេត្តក្នុងនោះរួមមាន វត្តថ្មដា វត្តអន្លង់រាប វត្តដីក្រហម វត្តប្រម៉ោយ វត្តទួលគ្រួស វត្តតាំងយ៉ វត្តអូរសោម វត្តក្រពើពីរ វត្តក្រសាំងភ្នៅ វត្តដំណាក់កន្សែង វត្តស្ទឹងថ្មី វត្តផ្ចឹកជ្រុំ វត្តគិរីរតនារាមល្អាង១២ វត្តព្រែក វត្តភ្នំលោក វត្តរវៀង វត្តព្រៃខ្លុង វត្តតាងរ៉ាង វត្តកណ្តាល វត្តបាកាន វត្តព្រែកស្តី និងវត្តហ្លួង។

ពិធីប្រគេនទៀនព្រះវស្សា និងទេយ្យវត្ថុ បានប្រព្រឹត្តទៅនៅស្នាក់ការក្រុមហ៊ុន MDS ស្ថិតក្នុងភូមិព្រែក១ ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដោយមានការអញ្ជើញចូលរួមពីនាយក នាយករងក្រុមហ៊ុនតាមតំបន់ នាយក នាយករងសាខាគយ និងរដ្ឋាករខេត្ត អាជ្ញាធម៌មូលដ្ឋាន ពុទ្ធបរិស័ទជិតឆ្ងាយជាច្រើននាក់ផងដែរ។

លោកឧកញ៉ា ឃៀង សុជីវ័ន្ត បានឲ្យដឹងថា «ឆ្នាំនេះក៏ដូចបណ្តាឆ្នាំកន្លងមក អ្នកឧកញ៉ា​ ទ្រី ភាព និងលោកស្រី តែងតែបានគិតគូរ ​រៀបចំក្រុមការងារ ដើម្បីវេរប្រគេនទៅតាម វត្តអារាម ដែលនៅចុងកាត់មាត់ញក ហើយអត្តខាត់បំផុត មិនដែលខកខានឡើយ»

លោកបន្ដថា ជាក់ស្តែងដោយសារតែឆ្នាំនេះ អ្នកឧកញ៉ា​ និងលោកស្រី ជាប់មានធុរៈរវល់ ទើបចាត់ឲ្យរូបលោកជាតំណាង ដើម្បីវេរប្រគេនទៀនព្រះវស្សា និងទេយ្យវត្ថុជូននាពេលនេះ។

ជាមួយគ្នានោះលោក បានបញ្ជាក់ថា «វត្តអារាមមិនត្រឹមតែបម្រើវិស័យសាសនា ជាទីសក្ការៈបូជាប៉ុណ្ណោះទេ វត្តអារាម គឺជាទីកន្លែងដែលប្រមូលផ្តុំ នូវវប្បធម៌ និងជាថ្នាលបណ្តុះបណ្តាល ធនធានមនុស្ស ជាជង្រុកនៃគ្រឹះអក្សរសាស្ត្រជាតិ អរិយធម៌ វប្បធម៌ ខ្មែរយើង ហើយការវេរប្រគេនទៀនព្រះវស្សានាពេលនេះ គឺទៅតាមគន្លងប្រពៃណី ព្រះពុទ្ធសាសនា នៃយើង ដើម្បីឧទ្ទិសកុសល ផលបុណ្យ ដល់បុព្វការីជន សាច់សាលោកហិត កម្មាភិបាល យុទ្ធជន យុទ្ធនារី ដែលបានពលីមរណៈ ក្នុងបុព្វហេតុជាតិមាតុភូមិ និងដែលបានចែកឋាន ទៅកាន់លោកខាងមុខផងដែរ»

គួរបញ្ជាក់ថា​វត្តទាំង២២ ដែលបានប្រគេននាពេលនេះ គឺក្នុងមួយវត្តៗ ទទួលបានទៀនព្រះវស្សា១គូរ, ស្លាដក១កញ្ចប់, អង្ករ១០០គីឡូក្រាម, ទឹកដោះគោ១កេស, មី៥កេស, ប្រេងឆា១០លីត្រ, ទឹកស៊ីអ៊ីវ៥យួរ, ទឹកត្រី៥យួរ, ខ្ទឹមស៥គីឡូក្រាម, ប៊ីចេង៥គីឡូក្រាម, ស្ករស១០គីឡូក្រាម, អំបិល១០គីឡូក្រាម, ទឹកសុទ្ធ២កេស, ទឹកក្រូច២កេស, ប្រេងម៉ាស៊ូត៣០លីត្រ, បច្ច័យប្រគេនព្រះសង្ឃ២០ម៉ឺនរៀល និងបច្ច័យចូលរួមកសាងវត្ត៥០ម៉ឺនរៀល សរុបជាទឹកប្រាក់ជាង៣លានរៀល៕​