(ម៉ានីល)៖ សេចក្តីសម្រេចជាចុងក្រោយ របស់តុលាការកំពូលហ្វីលីពីន បានលើកលែងការចោទប្រកាន់លើ អតីតប្រធានាធិបតីលោក Gloria Macapagal Arroyo ពីបទកេងប្រវ័ញ្ចអំឡុងពេលលោកស្រីកាន់អំណាច ដែលនេះជាការស្របតាមពាក្យអង្វរករបស់អតីតមេដឹកនាំស្ត្រីរបស់ហ្វីលីពីន ឲ្យលើលែងការ ចោទប្រកាន់ផងដែរ។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នារសៀលថ្ងៃអង្គារ ទី១៩ ខែកក្កដា ឆ្នាំ២០១៦។

ការកាត់សេចក្តីរបស់តុលាការកំពូលហ្វីលីពីនខាងលើនេះ នឹងអាចបើកផ្លូវឲ្យលោកស្រី Arroyo អាយុ ៦៩ឆ្នាំ មានសេរីភាពឡើងវិញពីមជ្ឈមណ្ឌល វេជ្ជសាស្ត្រជនជរា (VMMC) ជាកន្លែងដែលលោកត្រូវបានអាជ្ញាធរឃុំខ្លួនចាប់ តាំងពីខែតុលាឆ្នាំ២០១២ មកនោះ។ អ្នកនាំពាក្យតុលាការលោក Theodore Te បានថ្លែងប្រាប់សន្និសីទព័ត៌មាន នៅថ្ងៃអង្គារនេះថា «តុលាការកំពូលបានសម្រេចក្នុងសំឡេង ១១ ទល់នឹង ៤ ដកការចោទប្រកាន់ចំពោះលោកស្រី Arroyo ដោយសារតែភស្តុតាងមិនគ្រប់គ្រាន់ក្នុងការចោទប្រកាន់បន្តទៀត»។

ក្រោយពីការសម្រេចនោះ តុលាការក៏បានបញ្ជាឲ្យមានការដោះលែងអតីតប្រធានាធិបតី ដែលកំពុងមានជំងឺធ្ងន់ធ្ងរ ប្រចាំកាយនោះជាបន្ទាន់ផងដែរ។ បច្ចុប្បន្ននេះ លោកស្រី Arroyo ក៏ជាសមាជិកសភាមួយរូបរបស់ហ្វីលីពីដែរ ក្រោយ ឈ្នះឆ្នោតកាលពីខែឧសភា សម្រាប់អណត្តិថ្មី។ លោកស្រីជាអតីតប្រធានាធិបតី ហ្វីលីពីនទីពីរហើយ ដែលត្រូវបានចាប់ឃុំខ្លួនដោយសាររឿងពុករលួយ ដោយក្នុងនោះលោកស្រីត្រូវបានរដ្ឋាភិបាលថ្មីចោទថា បានប្រើប្រាស់ថវិកាជាតិ ៧,៨លានដុល្លារ អាមេរិកខុសគោលដៅ៕