(ពោធិ៍សាត់)៖ ស្ត្រីម្នាក់​បានសម្រេចចិត្តគិតខ្លី ចងកសម្លាប់ខ្លួន​ជាប់នឹងផ្លានផ្ទះបាយ ស្លាប់ចោលប្ដី និងកូន៣នាក់ក្នុងបន្ទុក ដោយសារតែប្រើប្តីឲ្យទៅលើកភ្លឺស្រែមិនបាន។ហេតុការណ៍នេះ កើតឡើងនាម៉ោង​១០៖៣០នាទីព្រឹក ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចភូមិស្រែពពាយ ឃុំសន្ទ្រែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

បើតាមលោក វង សាវ៉េត អធិការនគរបាលស្រុកភ្នំក្រវាញ បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹង​ថា ស្ត្រីវ័យក្មេងដែលបានគិតខ្លី ចងកសម្លាប់ខ្លួននោះ មានឈ្មោះ ង៉ែត ដា អាយុ ២២ឆ្នាំ បានយកក្រមាពណ៌ខៀវ ចងកសម្លាប់ខ្លួន ភ្ជាប់ជាមួយនឹងផ្លានផ្ទះបាយ បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធម៌។

ចំណែកប្តីឈ្មោះ មាន ទិត្យ អាយុ២២ឆ្នាំដូចគ្នា មានកូនស្រី៣នាក់ក្នុងបន្ទុក ក្នុងនោះមាន២នាក់ជាកូនភ្លោះ។

លោកអធិការរងបានបន្តថា ក្រោយពេលកើតហេតុ កម្លាំងជំនាញបានចុះទៅពិនិត្យសាកសព ឃើញថា ស្ត្រីរងគ្រោះពិតជាបានចងកសម្លាប់ខ្លួន ឯងប្រាកដមែន ដោយសារតែតូចចិត្ត ប្រើប្តីឲ្យ​ទៅលើកភ្លឺស្រែ ប្តីមិនទៅ។ បច្ចុប្បន្នសពត្រូវបានក្រុមគ្រួសារ កំពុងធ្វើបុណ្យតាមប្រពៃណី​៕