(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ បានប្រាប់ Fresh News រសៀលថ្ងៃទី១៩ ខែកក្កដានេះឱ្យដឹងថា កងទ័ពកម្ពុជា នឹងស្វែងរកចាប់ខ្លួនបុរសដែលអំពាវនាវ ឱ្យធ្វើរដ្ឋប្រហារទម្លាក់រាជរដ្ឋាភិបាលស្របច្បាប់នៅកម្ពុជា។ នាយឧត្តមសេនីយ៍ថា កងទ័ពនឹងប្តូរផ្តាច់ប្រឆាំងដាច់ខាត មិនឱ្យមានបដិវត្ត ឬរដ្ឋប្រហារនៅកម្ពុជាកើតឡើងឡើយ ហើយខ្លួននឹងប្រើវិធាន​ការផ្សេងៗ ដើម្បីការពាររដ្ឋាភិបាលស្របច្បាប់។

ការអះអាងរបស់ លោក ឈុំ សុជាតិ បានធ្វើឡើងបន្ទាប់ពីមាន បុរសម្នាក់ដែលអះអាងថា ខ្លួននៅអង្គភាពទិសនីរតី ចេញមុខមកប្រកាសនៅតាមបណ្តាញសង្គម Facebook និង Youtube ដោយអំពាវនាវ​ឱ្យកងកម្លាំងប្រដាប់អាវុធ ត្រៀមខ្លួនដើម្បីចូលរួមធ្វើរដ្ឋប្រហារទម្លាក់រាជរដ្ឋាភិបាលកម្ពុជា នៅពេលដ៏ខ្លីខាងមុខ។

លោក ឈុំ សុជាតិ បានប្រតិកម្មយ៉ាងខ្លាំងៗទៅនឹងការប្រកាសបែបនេះ។ នាយឧត្តមសេនីយ៍ថ្លែងថា «ការប្រកាសបែបនេះ វាខុសនឹងច្បាប់រដ្ឋធម្មនុញ្ញ យើងមិនអាចទទួលយកបានទេ យើងនឹង​ចាត់ការ​​ទៅតាមច្បាប់ដែលយើងមាន ហើយយើងមិនអនុញ្ញាតឱ្យនរណាធ្វើរដ្ឋប្រហារបានទេ ព្រោះរដ្ឋាភិបាល នេះបានកើតឡើងដោយការបោះឆ្នោត អញ្ជឹងកងទ័ពមិនអនុញ្ញាត​ឱ្យនរណាមាន​សកម្មភាពនេះកើតឡើងទេ»

ការប្រកាសដោយអំពាវនាវឱ្យចូលរួមធ្វើរដ្ឋប្រហារទម្លាក់រាជរដ្ឋាភិបាលស្របច្បាប់នេះ ត្រូវបានគេឃើញបង្ហោះនៅលើ Facebook មួយឈ្មោះ «សៀមរាប អង្គរ» កាលពីម្សិលមិញ ហើយក៏មានផង​ដែរជាមួយនឹងការភ្ញាប់ Link ចេញពីគេហទំព័រ Youtube ដែលបង្ហោះកាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៦។ ទោះជាយ៉ាងណា លោក ឈុំ សុជាតិ ពុំទាន់អាចបញ្ជាក់​អត្តសញ្ញាណរបស់បុរស​ខាងលើនៅឡើយនោះទេ។

Fresh News មិនអាចទំនាក់ទំនងសុំព័ត៌មានបន្ថែមពី លោក គៀត ច័ន្ទថារិទ្ធ អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ និង លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ដើម្បីបកស្រាយ​បន្ថែមអំពីរឿងនេះបាននៅឡើយទេ នារសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៦នេះ។

កាលពីខែសីហា ឆ្នាំមុន សមត្ថកិច្ចបានចាប់ខ្លួនយុវជនម្នាក់ ឈ្មោះ គង់ រ៉ៃយ៉ា និស្សិតសាកលវិទ្យាល័យខេមរៈ ដែលបានអំពាវនាវឱ្យធ្វើបដិវត្តពណ៌ ដើម្បីទម្លាក់រាជរដ្ឋាភិបាល។ យុវជននេះក៏ត្រូវបាន​តុលាការកាត់ទោសឱ្យជាប់ពន្ធនាគារ១ឆ្នាំ៦ខែ ដោយគ្មានការព្យួរទោស ឬពិន័យប្រាក់ផងដែរ ក្រោមការចោទប្រកាន់ពីបទ «ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍»៕