(បាត់ដំបង)៖ លោក​ ហែម ថេង ប្រធានក្រុមការងារចុះជួយឃុំភ្នំសំពៅស្រុកបាណន់បានអះអាងថា  វីរបុរសខ្មែរមានច្រើនតាំងពីបុរាណ​មក តែវីរបុរសខ្មែរ​ដែលជាអ្នក​ខ្លាំង​មាន​ស្នាដៃធំៗ​ពិតប្រាកដ​ជាងគេ ឃើញមានតែក្នុង៣រាជកាលសំខាន់ៗប៉ុណ្ណោះ។

លោកបានថ្លែងបែបនេះនាព្រឹកថ្ងៃទី១៩ខែកក្កដាឆ្នាំ២០១៦ នៅក្នុងវត្តភ្នំអណ្តើក នាឱកាសប្រគេនទៀនវស្សានិងទេយ្យទានដល់ព្រះសង្ឃមានវត្តចំនួន៥ក្នុងឃុំភ្នំសំពៅគឺមានវត្តភ្នំអណ្តើក វត្តទ្រុងមាន់ វត្តភ្នំសំពៅ វត្តចែងក្តានិងវត្តកន្ទុយក្រពើ សរុបថវិកាចំណាយទាំងអស់ ៣,១៥៥ដុល្លា។

​ថ្លែងទៅកាន់ ព្រះសង្ឃ តាជី យាយជី និងពុទ្ធបរិស័ទ្ធចំណុះជើងវត្ត នៅក្នុងឃុំភ្នំសំពៅលោក ហែម ថេង  បានលើកឡើងថា «ពីមួយថ្ងៃទៅមួយថ្ងៃ នៅកម្ពុជាយើង វិស័យព្រះពុទ្ធសាសនា មានការរីក​ចម្រើនជាបន្តបន្ទាប់ រហូតដល់បច្ចុប្បន្ន។ ជាក់ស្តែង វត្តដែលយើងត្រូវប្រគេនមាន៥វត្ត  គឺជាឃុំស្ថិតនៅជនបទ និងមានព្រះសង្ឃជាច្រើនអង្គ ហើយតាមទំនៀមទម្លាប់​ប្រពៃណីព្រះពុទ្ធសាសនា ពិធី​បុណ្យ​ចូលព្រះវស្សាមានរយៈពេល៣ខែ ដោយចាប់ផ្តើមពីថ្ងៃ១រោច ខែអាសាធហើយបញ្ចប់វិញនៅថ្ងៃទី១៥រោច ខែកក្តិត»

​នាឱកាសនោះលោកប្រធានក្រុមការងារបានរំលឹកពីព័ត៌មានជាតិនិងអន្តរជាតិថ្មី ដែលកើតមានឡើង ពិសេសនៅក្នុងប្រទេសកម្ពុជាយើងផងដែរ ដែលមានជនជ្រុលនិយមមួយ​ចំនួនបានបំពុល​បរិយា​កាសសង្គមតាមរយៈបណ្តាញព័ត៌មានផ្សេងៗនិងវិភាគថា ជាវីរបុរសស្អីគេនោះ បើគ្មានស្នាដៃអ្វី មិនមែនចេះតែដាក់ងារនិងថាឲ្យតែបានផ្តេសផ្តាស់នោះទេ សូមចងចាំថា មុននិងក្លាយជាវីរបុរស​ពិប្រាកដ​មួយៗ គឺឥស្សជននោះទាល់តែមាននិងបន្សល់ទុកនូវស្នាដៃធំៗ ទាំងការគិត ទាំងការធ្វើ ដល់ប្រយោជន៍ជាតិជាធំ ហ៊ានលះបង់គ្រប់បែបយ៉ាងដើមជាតិមាតុភូមិ។

​លោកបានអះអាងថា វីរបុរសខ្មែរមានច្រើនណាស់តាំងពីសម័យបុរាណមក តែវីរបុរសខ្មែរដែលជាអ្នកខ្លាំងមានស្នាដៃធំៗបន្សល់ទុកពិតប្រាកដជាងគេ ឃើញមានតែក្នុង៣ រជកាលសំខាន់ៗប៉ុណ្ណោះ ដូចជាទី១ មានព្រះមហាក្សត្រព្រះបាទសុរិយវរ្ម័នទី២ បានសាងប្រាសាទអង្គរវត្តនៅដើមទស្សវត្តិទី១២ នាគ្រិះសគ្គរាជ ១,១១៣ ជាវត្ថុដ៏មានតម្លៃមហាសាលមួយគ្មានពីរលើពិភពលោក ។

ទី២ សម័យសង្គមមរាស្រ្តនិយម មានសម្តេចព្រះបរមរតនៈកោដិ សម្តេចឪ ព្រះនរោត្តម សីហនុ មហាវីរក្សត្រ មានស្នាព្រះហស្សជាច្រើន ដោយព្រះអង្គមានព្រះបញ្ញាញាណ តស៊ូទាមទារបាន​ឯករាជ្យ​ទាំងស្រុង ពីអាណានិគមបារាំង ១៩៥៣ ដែលបារាំងបានត្រួតត្រាលើប្រទេសខ្មែររយៈពេល៩០ឆ្នាំ តាំងពីឆ្នាំ១៨៦៣មក និងបានកសាងប្រទេស​មានការរីកចម្រើននិងបាន​បង្រួបបង្រួម​ជាតិខ្មែរឲ្យ​មានសន្តិភាព ព្រមទាំងបានគ្រងរាជជាលើកទី២(បាន២ដង)ក្នុងមួយព្រះជន្មរបស់ព្រះអង្គ ទី៣(សម័យព្រះ​រាជាណាចក្រ​កម្ពុជាលើកទី២) មានសម្តេចទាំង៣ គឺសម្តេច ជា ស៊ីម សម្តេច  ហេង សំរិន និងសម្តេចតេជោ ហ៊ុន សែន ដែលបានបង្កើតរណៈសិរ្យសង្រ្គោះជាតិកម្ពុជានៅថ្ងៃ២ធ្នូ ១៩៧៨ រហូតបានរំដោះប្រទេស​ជាតិនិងប្រជាជនកម្ពុជានាថ្ងៃ៧មករា១៩៧៩ បានរួចផុតពីរបប​អាវខ្មៅ​ប្រល័យ​ពូជសាសន៍ជាតិឯង ប៉ុល ពត ខិតខំកសាងប្រទេសជាតិ ដោយដៃម្ខាងខំកសាង ដៃម្ខាងខំការពារ រហូតបានបញ្ចប់សង្រ្គាមដ៏រ៉ាំរ៉ៃជាង ៣០ ឆ្នាំរវាងខ្មែរនិងខ្មែរ បានចប់ទាំងស្រុងក្នុងគោល​នយោ​បាយឈ្នះៗទាំងអស់គ្នា ធ្វើសមាហរណកម្មទាំងកងកម្លាំងប្រដាប់អាវុធនិងស៊ីវិល ហើយបានយាងព្រះបរមរតនៈកោដិ សោយរាជបល្ល័ងជាលើកទី២ក្នុងប្រវត្តិសាស្រ្តដែលមិនធ្លាប់មា​ន។ នេះសបញ្ជាក់​ឲ្យឃើញថា ជាវីរបុរស់ខ្មែរដែលលេចធ្លោជាងគេ គឺមាន៣ ដំណាក់កាលនេះឯង។

​មិនតែប៉ុណ្ណោះសម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន បានកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិតាំងពីចំណុចសូន្យបាតដៃទទេរ រហូតដល់មានការរីកចម្រើនយ៉ាងខ្លាំងឥតឈប់ឈរ ដោយមានប្រទេសមួយ​ចំនួនក្នុងពិភពលោកបានដាក់ងារឲ្យកម្ពុជាថា កម្ពុជាបានក្លាយជាខ្លាមួយនៅអាស៊ី ទាំងខាងនយោបាយនិងសេដ្ឋកិច្ចផងដែរ៕