(ភ្នំពេញ)៖ ក្រសូងសុខាភិបាល នៅថ្ងៃទី១៨ ខែ​កក្កដា ឆ្នាំ២០១៦នេះ បានបើកកិច្ចប្រជុំប្រចាំត្រីមាសលើកទី២ របស់គណៈកម្មាធិការព្យាបាល និងស្តារនីតិសម្បទា អ្នកញៀនគ្រឿងញៀន(គ.ព.ស.គ.ញ) ក្រោមអធិបតីភាពរដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធាន គ.ព.ស.គ.ញ លោក ម៉ម ប៊ុនហេង និងមានការចូលរួមពីអនុប្រធាន, សមាជិកគ.ព.ស.គ.ញ រួមទាំងបណ្តាក្រសួង ស្ថាប័ន ដែលពាក់ព័ន្ធ នៅរាជធានី ខេត្ត នៅទីស្ដីកាក្រសួង។

កិច្ចប្រជុំប្រចាំត្រីមាសលើកទី២ របស់គណៈកម្មាធិការព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀននេះ បានពិភាក្សាលើចំណុចសំខាន់ៗដូចជា៖
- ពិនិត្យលើកំណត់ហេតុអង្គប្រជុំលើកមុន
-ពិនិត្យលើមគ្គុទេសក៍ព្យាបាលអ្នកញៀនគ្រឿងញៀន នៅតាមមណ្ឌលបណ្តោះអាសន្នព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន
-ឆ្លងទម្រង់របាយការណ៍ និងប្រកាសអន្តរក្រសួង
-លើកទិសដៅបន្ទាប់

ទន្ទឹមនឹងនោះ រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង ក៏បានថ្លែងកោតសរសើរ ដល់ក្រុមការងារដែលបានខិតខំបំពេញការងារនេះ និងផ្តល់ជាអនុសាសន៍ល្អដល់អង្គប្រជុំ ត្រូវខិតខំធ្វើការរួមគ្នាជាក្រុម​ព្រោះការងារនេះ ជាការងារលំបាក ហើយក៏បានស្នើឲ្យលេខាធិការដ្ឋានរៀបចំលិខិតផ្ញើជូនទៅប្រធានស្ថាប័នដែលជាសមាជិករបស់គ.ព.ស.គ.ញទាំងអស់ឲ្យ​លើកជាយោបល់លើមគ្គុទេសក៍ព្យាបាលផ្ញើ​ទៅលេខាធិការដ្ឋាន​គ.ព.ស.គ.ញ ដើម្បីដាក់បញ្ជូលសម្រាប់ប្រជុំសម្រេចចុងក្រោយ មុននឹងធ្វើការបោះពុម្ព។

ជាងនេះទៅទៀត លោករដ្ឋមន្ដ្រី ក៏បានឲ្យប្រធានលេខាធិការដ្ឋាន ជួយពិនិត្យមើលនៅរាជធានីភ្នំពេញ ព្រមទាំងធ្វើការដាក់ស្លាកសញ្ញា​ដើម្បីឱ្យប្រជាពលរដ្ឋ បានដឹងពីទីកន្លែងផ្តល់សេវាព្យាបាលបន្សាបអ្នកញៀនគ្រឿងញៀននៅតាមសេវាសុខាភិបាលសាធារណៈតាមមន្ទីរពេទ្យ និងមណ្ឌលសុខភាព៕