(ព្រៃវែង)៖ លោក ជា សុមេធី អភិបាលខេត្តព្រៃវែង និងលោកស្រី បាននាំយកទៀនព្រះវស្សា បច្ច័យ និងគ្រឿងឧបភោគបរិភោគ ទៅប្រគេនដល់ព្រះសង្ឈ២១វត្ត ដែលនិមន្ដមកពីវត្ត ទាំងអស់ក្នុងក្រុង-ស្រុកទាំង១៣ នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦នេះ ដែលបានប្រព្រឹត្តទៅនៅវត្តក្ដីកណ្ដាល សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង។

ក្នុងនោះដែរ លោកអភិបាលខេត្ត បានសំណេះសំណាលជាមួយព្រះសង្ឈ និងពុទ្ធបរិស័ទ ថា វត្តអារាម មិនត្រឹមតែបម្រើវិស័យសាសនា ជាទីសក្ការៈបូជារបស់បងប្អូនពុទ្ធបរិស័ទប៉ុណ្ណោះទេ គឺជាទីកន្លែង ដែលប្រមូលផ្តុំនូវវប្បធម៌ និងជាថ្នាលបណ្តុះបណ្តាលធនធានមនុស្ស ដែលជាជង្រុកនៃគ្រឹះអក្សរសាស្ត្រជាតិ អរិយធម៌ វប្បធម៌ ខ្មែរយើងតាំងពីយូរណាស់មកហើយ។

លោកបញ្ជាក់ថា «នៅពេល​ខាងមុខនេះ ព្រះសង្ឃនៅគ្រប់ទីវត្តអារាមទូទាំងខេត្ត ត្រូវគោរពប្រពៃណីសាសនាព្រះពុទ្ធ ត្រូវចូលកាន់ព្រះវស្សា ក្នុងរយៈពេលអស់មួយត្រីមាស ដែលព្រះសង្ឃគង់ចាំព្រះវស្សា នៅក្នុងទីវត្ត ទើបថ្ងៃនេះ ត្រូវបាននាំយកមកវេប្រគេនដល់ព្រះសង្ឃ ដើម្បីព្រះសង្ឃយកទៅដុតបំភ្លឺ បូជាថ្វាយព្រះ និងសិក្សារៀនសូត្រនូវ គម្ពីធម៌វិន័យ ព្រះសម្មាសាម្ពុទ្ធ ព្រះបរមគ្រូនៃយើង»

លោកបន្ដថា «ការវេរប្រគេនទៀនព្រះវស្សានេះ គឺទៅតាមគន្លងប្រពៃណីព្រះពុទ្ធសាសនានៃយើង ដើម្បីឧទ្ទិសកុសល ផលបុណ្យ ដល់បុព្វការីជន សាច់សាលោកហិត កម្មាភិបាល យុទ្ធជន យុទ្ធនារី ដែលបានពលីមរណៈ ក្នុងបុព្វហេតុជាតិមាតុភូមិ ដែលបានចែកឋានទៅកាន់ លោកខាងមុខផងដែរ»

សូមបញ្ជាក់ថា វត្តដែលបានប្រគេននេះ គឺក្នុង១វត្តៗ ទទួលបានទៀនព្រះវស្សា១គូរ អង្ករ៥០គីឡូ ត្រីខ មី ស្ករស អំបិល ប៊ីចេង ទឹកត្រី តែ ទឹកស៊ីអ៊ីវ ទឹកដោះគោ ទឹកក្រូច ទឹកសុទ្ធ និងថវិកា ៦១០,០០០រៀល និង២០០ដុល្លា ក្នុងនោះលោក ហ៊ុន ម៉ានិត ប្រគេនក្នុងមួយវត្ត២០០ដុល្លា ចំណែកលោក ចាន់ វត្ថា និងលោកស្រី ប្រគេនក្នុងវត្ត១០០,០០០រៀល ផងដែរ និងប្រគេនព្រះសង្ឈ ក្នុងមួយអង្គ៥០,០០០រៀល យាយជីតាជី ក្នុងម្នាក់ៗថវិកា ១០,០០០រៀល ក្រណាត់សមួយដុំ៕