(ភ្នំពេញ)៖ លោក ព្រាប សុវណ្ណ អ្នកតំណាងស្រាបៀរលីអូ នៅថ្ងៃទី១៨ ខែកក្កដានេះ បានប្រកាសពីការឧបត្ថម្ភរបស់ខ្លួន ទៅលើកម្មវិធី «កំពូលអ្នកប្រដាល់ស្រាបៀរលីអូ» រដូវកាលទី៤ នៅស្ថានីយទូរទស្សន៍បាយ័ន។

លោក ព្រាប សុវណ្ណ បានថ្លែងក្នុងសន្និសីទកាសែតនៅស្ទូឌីយោទូរទស្សន៍បាយ័ន ស្ទឹងមានជ័យទៀតថា ការប្រកួតវគ្គដំបូងនៃកម្មវិធី «កំពូលអ្នកប្រដាល់ស្រាបៀរលីអូ» នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៤ ខែកក្កដា នាសង្វៀនស្ថានីយទូរទស្សន៍បាយ័នបឹងស្នោរ ហើយការប្រកួតបន្ទាប់នឹង មានការផ្សាយបន្តផ្ទាល់រៀងរាល់ថ្ងៃអាទិត្យ ពីម៉ោង៤រសៀល  ដល់៦ល្ងាច នៅលើកញ្ចក់ទូរទស្សន៍បាយ័ន ពិសេសក៏មានការ​ប្រកួតប្រដាល់អន្តរជាតិចំនួនពីរគូ ជារៀងរាល់ខែផងដែរ ។

លោកបន្ដថា «ការឧបត្ថម្ភនេះ បានបង្ហាញពីការប្តេជ្ញាចិត្តរបស់ស្រាបៀរលីអូ ក្នុងការគាំទ្រកីឡាករកម្ពុជា បន្ទាប់ពីបានបញ្ចប់កម្មវិធីជើងឯកបាល់ទះ LEO Cup  National Volleyball 2016  ទន្ទឹមនឹងនោះមិនថាតែកីឡាករបាល់ទះក្នុងកម្មវិធី LEO Cup National Volleyball 2016 ឬកីឡាករប្រដាល់ក្នុងកម្មវិធីកំពូល អ្នកប្រដាល់ ស្រាបៀរលីអូទេ គឺយើងជឿជាក់ថា កីឡាករកម្ពុជាទាំងអស់​សុទ្ធតែខ្លាំង មានការតស៊ូ និងពូកែ ទាំងការប្រកួតថ្នាក់ជាតិ និងលើឆាកអន្តរជាតិ។ ព្រឹត្តិការណ៍ទាំងអស់ នេះបាននាំមកនូវការជួបជុំកម្សាន្តសប្បាយក្នុងរង្វង់ក្រុមគ្រួសារ មិត្តភក្តិ អ្នកជិតខាង និងមិត្តភ័ក្តថ្មីៗ»

លោកបន្ថែមថា«កីឡានាំមកនូវការបង្រួបបង្រួមជាតិនិងភាពសប្បាយរីករាយក្នុងការទស្សនាកម្មវិធីកីឡាដ៏អស្ចារ្យដូចជាកម្មវិធី«កំពូលអ្នកប្រដាល់ស្រាបៀរលីអូ»គឺថាភាពអស្ចារ្យអាចកើត​មាន​ឡើង​គ្រប់​ពេល ហើយកំពូលអ្នកប្រដាល់ដែលអ្នកចូលចិត្តអាច នឹងចាញ់នៅដំបូងទី តែគាត់ប្រហែលជាអាចវាយបកយក ជ័យជំនះ នៅទីបញ្ចប់។នេះជាមូលហេតុដែលមនុស្សគ្រប់គ្នាចូលចិត្តមើលកម្មវិធីកីឡា។ ហើយស្រាបៀរលីអូ នឹងនៅទីនោះ ដើម្បីចូលរួមជាមួយអ្នកទាំងអស់គ្នាអបអររាល់ ជ័យជំនះ ហើយយើងនឹងនៅទីនេះ ដើម្បីលើកទឹកចិត្តកីឡាករ ទោះបីជាគាត់បរាជ័យក៏ដោយ»

គួរបញ្ជាក់ថា ការប្រកួតវគ្គដំបូងនៃកម្មវិធី«កំពូលអ្នកប្រដាល់ស្រាបៀរលីអូ» ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៤ ខែកក្កដា នាសង្វៀនស្ថានីយទូរទស្សន៍បាយ័នបឹងស្នោរ គឺមានអ្នកប្រដាល់ចំនួនប្រាំបីរូប ដែល នឹងឡើងមកអង្រួនសង្វៀនក្នុងរដូវកាលថ្មីនេះរួមមាន៖ ម៉ឺន ដា, ញ៉ៃ សិទ្ធ, ធន់ ចាន់តាក់, ហេង វាសនា, ថន វាសនា, រឿន សារ័ត្ន, ម៉ន ព្រហ្មម៉ាញ និងឯម សាវឿន៕