(ភ្នំពេញ)៖ ជនសង្ស័យប្រើប្រាស់គ្រឿងញៀន​៤នាក់ ត្រូវបានកម្លាំង​ព្រហ្មទណ្ឌ ខណ្ឌពោធិ៍សែនជ័យ សហការជាមួយកម្លាំងនគរបាលប៉ុស្ដិ៍ចោមចៅ ​បានធ្វើការចាប់ខ្លួន​ ខណៈដែលពួកគេ កំពុងស្ថិតនៅក្នុងបន្ទប់​ជួលមួយកន្លែង ដោយដកហូតបានគ្រឿងញៀន១កញ្ចប់ និងដាវ១ដើម​។

ប្រតិបត្តិការទាំងភ្លៀងនេះ ធ្វើឡើងនៅរសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦នេះ ស្ថិតក្នុងភូមិត្រពាំងទួល សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ។

មន្ដ្រីនគរបាលខណ្ឌ បានឲ្យដឹងថា ជនសង្ស័យទាំង៤ដែលឃាត់ខ្លួនបាននេះ ទី១-ឈ្មោះ សាន ផល្លា អាយុ៣២ឆ្នាំ ទី២-ឈ្មោះ ម៉េង​ មករា អាយុ១៨ឆ្នាំ ទី៣-ឈ្មោះ ចាន់ នី អាយុ៣១ឆ្នាំ និងទី៤-ឈ្មោះ ជួន សីហា អាយុ២២ឆ្នាំ។
មន្ដ្រីដដែលបន្ដថា ពេលដែលកំពុងបើកប្រតិបត្តិការនេះ មានជនសង្ស័យម្នាក់ឈ្មោះ ជួន សីហា បានព្យាយាម តដៃដើម្បីរំដោះខ្លួន ប៉ុន្តែត្រូវសមត្ថកិច្ចប្រើធម៌ក្ដៅវិញ ទើបចាប់បាន រីឯ​ជនសង្ស័យម្នាក់ទៀតឈ្មោះ សាន ផល្លា បានសំពះអង្វរប៉ូលិស ដោយនិយាយថា រូបគេស្ថិតនៅទីនោះសុំគេ ជ្រកភ្លៀងមិនដែលស្គាល់ ម្ចាស់បន្ទប់នោះឡើយ។

យ៉ាងណាមិញ សមត្ថកិច្ចជំនាញបានមិនអាចទាន់សន្និដ្ឋានបានឡើយ ហើយបានបញ្ជូនខ្លូនជនសង្ស័យទាំង៤នេះ ទៅការិយាល័យព្រហ្មទណ្ឌខណ្ឌ ដើម្បីសាកសួរបន្ដ និងចាត់ការតាមនីតិវិធី៕