(ពោធិ៍សាត់)៖ ប្រជាពលរដ្ឋបានប្រទះឃើញគ្រាប់បែក មិនទាន់ផ្ទុះ៥គ្រាប់ក្នុងកំសៀវចាស់ ហើយបានប្រគល់ឱ្យនគរបាលស្រុកបាកាន ដើម្បីទាក់ទងអង្គភាពស៊ីម៉ាក់យកទៅកម្ទេចចោល។

ហេតុ​ការណ៍​ភ្នាក់ផ្អើលនេះ បានកើតឡើងនៅព្រឹក ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចព្រៃជាប់​របងចំការ ស្ថិតក្នុងភូមិប្រឡាយ​រំដេង ឃុំរំលេច ស្រុកបាកាន ខេត្តពោធិ៍សាត់។ លោក​អនុសេនីយ៍ឯក យ៉ែម យឿន អធិការរងនគរបាលស្រុកបាកាន បានប្រាប់ភ្នាក់ងារ Fresh News ឱ្យដឹងថា ប្រជាពលរដ្ឋម្នាក់​ឈ្មោះ យល់ រ៉ា មានប្តីឈ្មោះ​ ផាន់ ភាព អាយុ៥៥ឆ្នាំ រស់នៅភូមិឃុំ​កើតហេតុ​ខាងលើ បានប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌ​មិនទាន់ផ្ទុះ​ចំនួន៥គ្រាប់ ក្នុងកំសៀវចាស់មួយ នៅព្រៃជាប់របង​ចំការ ក្នុងគឺមានគ្រាប់ អន្លូង​ដងដែក​៣គ្រាប់ (ផលិតនៅសូវៀត) ក្រឡាទៀប១គ្រាប់ (ផលិតនៅសូវៀត) និងផ្លែថ្ងាន់១គ្រាប់ (ផលិតនៅចិន) ដែលគ្រាប់ទាំងអស់​នោះមានគុណភាពចាស់ ក្រោយមកបាន​រាយការណ៍ ដើម្បីនគរបាល​ស្រុកបាកាន មកយករក្សាទុក និងរង់ចាំអង្គភាពស៊ីម៉ាក់​យកទៅកម្ទេច​ចោលនៅពេលក្រោយ។

ក្នុងនោះដែរលោកអធិការរងស្រុកបាកាន ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងស្រុកទាំងអស់ សូមមានការប្រុង​ប្រយ័ត្នខ្ពស់ នូវគ្រាប់យុទ្ធភ័ណ្ឌមិន​ទាន់ផ្ទុះទាំងឡាយណា ដែលបន្សល់​ពីសម័យ​សង្គ្រាមក្តី ឬគ្រាប់ផ្សេងក្តី ដែលបានមកពីគ្រប់មជ្ឈដ្ឋាន ត្រូវរាយការណ៍ជាបន្ទាន់ទៅកម្លាំងមានសមត្ថកិច្ច ឬអង្គភាពស៊ីម៉ាក់ ដែលនៅជិតបំផុត ដើម្បីយកទៅកម្ទេចចោល ជៀសវាងកើត​មានគ្រោះថ្នាក់​ដល់មនុស្ស​ជាយថាហេតុ។

គួរបញ្ជាក់ថា នៅតំបន់រំលេចត្រូវអាជ្ញាធរមូលដ្ឋាន រកឃើញកន្លែងកាប់សម្លាប់ និងគំនរឆ្ឆឹងជនរង​គ្រោះក្នុងរណ្តៅរួម កាលពីសម័យ ប៉ុល ពត មាន៧ទីតាំងធំៗ គឺនៅទួលឈុន ទួលសេសញ៉ូវ មន្ទីរ៤២ ដំណាក់ផ្ចឹក ព្រៃក្របៅ អូរចែង និងទួលទីលានបាល់រំលេចផងដែរ៕