(កំពង់ធំ)៖ លោក ជា អឿង អ្នកតំណាងរាស្ត្រ មណ្ឌលកំពង់ធំ និងជាប្រធានក្រុមការងារចុះជួយ ស្រុកប្រាសាទបល្ល័ង្ក និងលោក សុក ផេងអនុប្រធានក្រុមការងារចុះជួយស្រុកប្រាសាទបល្ល័ង្ក អមដំណើរដោយ ប្រធានក្រុការងារ ចុះជួយស្រុក ឃុំនិងសហការីបាននាំយក នូវទៀនព្រះវស្សា គ្រឿងឧបភោគបរិភោគ និងបច្ច័យទៅវេរប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សាអស់កាលត្រីមាស នៅវត្តចំនួន៥។

នេះជាការបញ្ជាក់ថាប្រជាពលរដ្ឋ និង ពុទ្ធបរិស័ទ អំពីទីវត្តអារាម គឺមិនត្រឹមតែបម្រើវិស័យសាសនា ជាទីសក្ការៈបូជារបស់បងប្អូន ពុទ្ធបរិស័ទប៉ុណ្ណោះទេ គឺជាទីកន្លែង ដែលប្រមូលផ្តុំនូវវប្បធម៌ និង ជាថ្នាលបណ្តុះបណ្តាលធនធានមនុស្ស ដែលជាជង្រុកនៃគ្រឹះ អក្សរសាស្ត្រជាតិ អរីយធម៌ វប្បធម៌ ខ្មែរយើងតាំងពីយូរណាស់មកហើយ នៅពេលខាងមុខនេះព្រះសង្ឃ នៅគ្រប់ទីវត្តអារាមទូទាំង ប្រទេសគោរពប្រពៃណីសាសនាព្រះពុទ្ធ ត្រូវចូលកាន់ព្រះវស្សា ក្នុងរយៈពេលអស់មួយត្រីមាស ដែលព្រះសង្ឃគង់ចាំព្រះវស្សា នៅក្នុងទីវត្ត ទើបថ្ងៃនេះត្រូវបានថ្នាក់ដឹកនាំខេត្ត មន្ទីរ ស្ថាប័ន មន្ត្រី បាននាំយកមកវេរប្រគេនដល់ព្រះសង្ឃ ដើម្បីព្រះសង្ឃយកទៅដុត បំភ្លឺបូជាថ្វាយព្រះ និងសិក្សារៀនសូត្រនូវ គម្ពីធម៌វិន័យ ព្រះសម្មាសាម្ពុទ្ធ ព្រះបរមគ្រូនៃយើង ។  

ក្នុងឱកាសនោះ លោក ជា អឿង និងសហការីក៏បានប្រារព្ធធ្វើពិធីវេរប្រគេនទៀនព្រះវស្សា ទៅតាមគន្លងប្រពៃណីព្រះពុទ្ធសាសនា នៃយើងដើម្បីឧទ្ទិសកុសលផលបុណ្យ ដល់បុព្វការីជន សាច់សារលោកហិត កម្មាភិបាល យុទ្ធជន យុទ្ធនារី ដែលបានពលី មរណៈ ក្នុងបុព្វហេតុជាតិមាតុភូមិដែលបាន ចែកឋានទៅកាន់លោកខាងមុខផងដែរ ។

សម្ភារបរិក្ខាដែលបានប្រគេនព្រះសង្ឃនាឱកាសនោះក្នុងមួយវត្តទទួលបានមានទៀនវស្សា១គូ  ស្លាដក១ មី២កេស ទឹកសុទ្ធ ២យួ ទឹកក្រូច១កេស  ប្រេងម៉ាសូត ៤០លីត្រ និងបច្ច័យ៤០ម៉ឺនរៀល ដើម្បីទុកសម្រាប់ប្រើប្រាស់ពេលចូលព្រះវស្សា ក្នុងរយៈពេលអស់ មួយត្រីមាស នៅក្នុងទីវត្តនិងផ្តល់ជួនប្រជាពលរដ្ឋចូលរួមចំនួន២៥០នាក់ ដោយក្នុងមួយនាក់ទទួលបានក្រមា១ និងថវិកា៥.០០០ រៀលផងដែរ៕