(ក្រចេះ)៖​ បុរសម្នាក់​ត្រូវនគរបាលប៉ុស្ដិ៍រដ្ឋបាលជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ បាញ់ស្លាប់ នៅក្នុងថ្លុកឈាមគឺដោយសារ តែ​ជនរងគ្រោះដែលជាមនុស្ស ញៀនថ្នាំផងនោះ បានប្រើអំពើហិង្សាទៅលើអ្នកដទៃ និងបម្រុងប្រើហិង្សាលើសមត្ថកិច្ចទៀតផង។

សូមបញ្ជាក់ថា ករណីនេះ​បានកើតឡើង នៅល្ងាចថ្ងៃទី១៦ ខែកក្ដដាឆ្នាំ២០១៦នេះ​ ស្ថិតនៅចំនុចភូមិល្អៀត​ ឃុំជ្រោយបន្ទាយ​ ស្រុកព្រែកប្រសព្វ​ ខេត្តក្រចេះ។

លោក អេង ហឿន នាយប៉ុស្ដិនគរបាលជ្រោយបន្ទាយ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ អ៊ំ​ ស៉ីណា​ ​ អាយុ​ ២០ឆ្នាំ​ មានទីលំនៅក្នុង ភូមិឃុំកើតហេតុខាងលើ។

លោកបានបញ្ជាក់ថា  ហេតុការណ៍នេះបាន កើតឡើង ដោយសារតែជនរងគ្រោះឈ្មោះ អ៊ំ ស៉ីណា បានវាយទៅលើឈ្មោះ ភន ហ៊ី អាយុ៣៤ឆ្នាំ ដែលជាប្រជាពលរដ្ឋ រស់នៅក្នុងភូមិជាមួយគ្នា បណ្ដាលឲ្យរងរបួសធ្ងន់​ ចំក្បាលផ្នែកខាងក្រោយ ហើយក៏ត្រូវក្រុមគ្រួសារ នាំយកឈ្មោះ ហ៉ី​ ទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត។

ប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានបញ្ចាក់ថា ដំបូងឡើយគេឃើញជនរងគ្រោះ ដែលសមត្ថកិច្ចបាញ់ស្លាប់នោះបានដើរចូលតាមផ្ទះ អ្នកភូមិ ទំនងជាញៀនថ្នាំ ក៏បានកាន់ដំបងទៅវាយបុរសម្នាក់ ដែលកំពុងឈរបើកលុយនៅកន្លែងវេលុយ true money បណ្តាលឲ្យរង របួសធ្ងន់ ត្រូវបានគេបញ្ចូនទៅសង្គ្រោះ នៅមន្ទីពេទ្យបង្អែកខេត្ត ខណៈនោះអ្នកភូមិបានរាយការណ៍ទៅ នគរបាលមូលដ្ឋានចុះជួយ អន្តរាគមន៍។

ពេលនោះសមត្ថកិច្ចចំនួន ៤នាក់ ក៏បានចុះដល់ទីតាំងកើតហេតុ ក៏បានឃើញជនបង្កនោះកាន់ដំបងអូសតាមផ្លូវ ដើរត្រឡាប់ទៅផ្ទះ ហើយកម្លាំងសមត្ថកិច្ច ក៏បានសម្របសម្រួល ដោយឲ្យជននោះ បោះចោលដំបង ប៉ុន្តែជនរងគ្រោះមិនបានបោះចោលនិងបម្រុងស្ទុះ ទៅរកវៃសមត្ថកិច្ច ត្រូវចំកាំភ្លើង។

ក្រោយឃើញជនរងគ្រោះមានសភាពបែបនេះ សមត្ថកិច្ចក៏បានបាញ់ឡើងលើមួយគ្រាប់ ក្រោយមកគេបន្តស្ទុះមកទៀត សមត្ថកិច្ច ក៏បាញ់ត្រូវចំប្រឡោះជើង មួយគ្រាប់ទៀត តែដោយសារគេបន្តស្ទុះទៅវៃម្តងទៀតត្រូវចំដៃប៉ូលិសដដែល ក៏មានកាបាញ់គ្រាប់ទីបី ត្រូវចំខាងក្រោមដោះ បណ្តាលឲ្យរងរបួសធ្ងន់ ហើយបានស្លាប់ ប្រមាណជាកន្លះម៉ោងក្រោយកើតហេតុតែម្ដង។

លោក នាយប៉ុស្ដិ៍ជ្រោយបន្ទាយ បានបញ្ជាក់ថា កម្លាំងនគរបាលមានគ្នាចំនួន ៤នាក់ បានមកឃាត់ខ្លួនជនរងគ្រោះ ហើយបានបាញ់ សំឡុត ដោយគ្រាប់ទី ១បាញ់ឡើងលើ គ្រាប់ទី ២បាញ់ចុះក្រោម តែជនរងគ្រោះនៅតែដើរចូលមក ថែមទាំងមានប្រនុង១ បានវាយ ត្រូវដៃឈ្មោះ ទួន លីន ជាមន្រ្តីនគរបាល បាញ់គ្រាប់ទី៣ ផ្លាតត្រូវច្អឹងជំនីជនរងគ្រោះ បណ្ដាលឲ្យស្លាប់តែម្ដង ។

បច្ចុប្បន្នជនសង្ស័យជាមន្រ្តីនគរបានបាញ់ទៅលើជនរងគ្រោះ បណ្ដាលឲ្យនោះត្រូវបានរត់គេជខ្លួន បាត់ហើយខាងអង្គភាពនគរបាល កំពុងស្រាវជ្រាវតាមចាប់ខ្លួន៕