(អង់ការ៉ា)៖ ក្រោយរដ្ឋប្រហារមួយថ្ងៃ ប្រធានាធិបតីតួកគីលោក Tayyip Erdogan បានដាក់សំណើមួយ ទៅកាន់ប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា ឲ្យធ្វើបត្យាប័ននាំខ្លួនជនសង្ស័យ Fethullah Gulen ត្រឡប់មកកាន់ប្រទេសតួកគីវិញ ដើម្បីបន្តចាត់ការជនរូបនេះ ទៅតាមនីតិវិធីច្បាប់។ នេះបើតាមការចេញ ផ្សាយនៅមុននេះបន្តិចដោយសារព័ត៌មាន Sputnik នារសៀលថ្ងៃអាទិត្យ ទី១៧ ខែកក្កដា ឆ្នាំ២០១៦។

កាសែតក្នុងស្រុកតួកគីមួយ ត្រូវបានសារព័ត៌មានអន្តរជាតិដកស្រង់ការផ្សាយ តាមសម្តីរបស់លោក Erdogan ដូច្នេះថា «ខ្ញុំសូម អំពាវនាវឲ្យប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា ផ្តល់បត្យាប័ន បញ្ជូនខ្លួនជនសង្ស័យដែលកំពុងរស់នៅក្នុងរដ្ឋ Pennsylvania នោះត្រឡប់មកវិញ»។ រដ្ឋាភិបាលតួកគីបានចោទមុខព្រួញ សំដៅទៅលើលោក Gulen តាំងពីខ្លួនទើបតែបានបង្ក្រាបការ ធ្វើរដ្ឋប្រហារបានសម្រេចភ្លាមៗនាពេលទៀបភ្លឺឈានចូលថ្ងៃសៅរ៍ ទី១៦ ខែកក្កដា មកម្ល៉េះ។

យ៉ាងណាក៏ដោយ សំណើនេះនៅមិនទាន់មានការឆ្លើយតបពីរដ្ឋបាលលោក បារ៉ាក់ អូបាម៉ា នៅឡើយទេ ខណៈរដ្ឋាភិបាលតួកគីខ្លួនឯង ក៏កំពុងរៀបចំប្រទេសឡើង វិញនៅឡើយ តាមរយៈការពង្រឹងអំណាច និងបោស សម្អាតក្រុមបក្ខពួកនានាដែលចូលដៃក្នុងរដ្ឋប្រហារ នៅទូទាំងប្រទេសនោះ៕