(ភ្នំពេញ)៖ ពិតជាគួរឲ្យចាប់អារម្មណ៍នូវរឿងរ៉ាវធំៗពីរដែលនឹកស្មានមិនដល់​ ! ជនល្បាញល្បីចំនួន២នាក់របស់កម្ពុជា ដែលមានផែនការណាត់ ឬជួបផ្ទាល់ជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា គឺតែងតែត្រូវបានគេបាញ់សម្លាប់យ៉ាងអាថ៌កំបាំង ខណៈការណាត់រួចហើយ រង់ចាំតែពេលវេលាជួបមកដល់។ ជនទាំងពីររូបនោះ រួមមាន៖ លោក ហាំង ង៉ោ​ ជាតារាសម្តែងក្នុងរឿងវាលពិឃាត (The Killing Fields) របស់កម្ពុជា ទទួលបានពានរង្វាន់អូស្ការ (Oscar) ត្រូវបានគេបាញ់សម្លាប់ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ១៩៩៦ និង លោក កែម ឡី ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ នៅរាជធានីភ្នំពេញ ថ្ងៃទី១០​ ខែកក្កដា ឆ្នាំ២០១៦។

អ្នកទាំងពីរត្រូវបានមន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា​ អះអាងថា សុទ្ធតែបានណាត់ជួបដោយផ្ទាល់ជាមួយសម្តេចតេជោ ហ៊ុន សែន រួចរាល់ហើយ, ប៉ុន្តែមុនការណាត់ ត្រូវបានគេបាញ់សម្លាប់យ៉ាងអាថ៌កំបាំង ដោយខ្មាន់កាំភ្លើង។

រំលឹកទៅដល់តារាសម្តែងល្បី និងជាសកម្មជនកម្រិតអន្តរជាតិមួយរូបលោកកម្ពុជា គឺលោក ហាំង ង៉ោ ដែលត្រូវបានគេដឹងថា ជាតារាសម្តែងក្នុងរឿងវាលពិឃាត (The Killing Fields) របស់កម្ពុជា ស្តីអំពីជីវិតរបស់អ្នកសារព័ត៌មាន ទទួលបានពានរង្វាន់អូស្ការ (Oscar) ក្នុងឆ្នាំ១៩៨៥ ហើយត្រូវ​បាន​គេ​បាញ់​សម្លាប់នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ១៩៩៦ នៅខាង​ក្រោយ​ផ្ទះ​គាត់ នៅសង្កាត់​ចិន ក្នុង​ទីក្រុងឡូសអាន់ជើឡេស, រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។ លោកវេជ្ជបណ្ឌិត ហាំង សំណាង ង៉ោ (Dr. Haing Somnang Ngor) ឬ​ហៅ​យ៉ាង​ខ្លី​ថា ហាំង ង៉ោ កូនចៅចិនស្រុកខ្មែរ គឺ​ជា​វេជ្ជបណ្ឌិត​ខ្មែរ​អាមេរិកាំង តួ​សម្ដែង សកម្មជនប្រឆាំង និង កុម្មុនិស្តនិង​ជា​អ្នក​និពន្ធ​ដែល​ត្រូវ​បាន​គេ​ស្គាល់​យ៉ាង​ច្បាស់​ថា ​តួ​សម្ដែង​រង​ល្អ​បំផុត សម្រាប់​ការ​សម្ដែង​ជា​លើក​ដំបូង​របស់​លោក នៅ​ក្នុង​រឿង​វាលពិឃាត។ លោក​​ក៏​បាន​ក្លាយ​ជា​តារា​សម្ដែង​បុរសរបស់​អាស៊ី​​ដំបូង​គេ​បង្អស់ ​ដែល​ឈ្នះ​ពានរង្វាន់ Oscar ក្នុង​ផ្នែក​សម្ដែង។ ម្តាយ​របស់​គាត់​គឺ​ជា​ជនជាតិខ្មែរ​ រី​ឯ​​ឪពុក​របស់​គាត់​គឺ​ជនជាតិ​ចិនតឺជីវ។ លោកគឺជាបងប្រុសបង្កើត របស់លោក ចាន់ សារុន អតីតរដ្ឋមន្រ្តីក្រសួងកសិកម្ម។ សព​លោក ហោំ ង៉ោ ត្រូវបានគេបញ្ចុះនៅ Rose Hills Memorial Park ឯ Whittier, រដ្ឋកាលីហ្វ័រញ៉ា។

ក្រោយពីការបាញ់សម្លាប់លោក ហាំង ង៉ោ តុលាការកំពូល​ នៃ​រដ្ឋ​ឡូសអាន់ជើឡេស ចោទប្រកាន់មនុស្ស៣​នាក់​ ដែលជា​ក្រុម​ពាល​តា​មផ្លូវពីបទបាញ់សម្លាប់លោក។ ប៉ូលិសរបស់សហរដ្ឋអាមេរិក បានប្រកាសជាសាធារណៈថា ពួកក្មេងពាលជាឃាតក ក៏ប៉ុន្តែប្រជាពលរដ្ឋ និងមិត្តជិតស្និទ្ធទាំងអស់យល់ឃើញថា ជាភ្នាក់ងារបរទេសបានបាញ់សម្លាប់បំបិទមាត់គាត់ ដោយសារគាត់ជាសកម្មជនកម្រិតអន្តរជាតិ ប្រឆាំងនិងកុម្មុយនីស។ ករណីបាញ់សម្លាប់លោក ហាំង ង៉ោ នេះ ត្រូវបានមេធាវី​ការពារ​ក្ដី​បាន​លើក​ឡើង​ថា​ ឃាតកម្ម​នេះ​ទាក់ទង​នឹង​រឿង​នយោបាយ។

នៅថ្ងៃអាទិត្យ ទី១៧​ ខែកក្កដានេះ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានបង្ហាញនូវប្រយោគមួយឃ្លាថា៖ «គ្រាន់តែសូមស្រលាញ់ និងនៅក្បែរសម្តេចតេជោ ក៏ត្រូវបានគេសម្លាប់យ៉ាងឃោឃៅ? ហេតុដូចម្តេច? អ្នកចំរៀង John Lenon ក៏ត្រូវបានសម្លាប់ដោយគ្រាន់តែច្រៀង សូមបញ្ឈប់សង្គ្រាមនៅវៀតណាមដើម្បីសន្តិភាព។ នៅពេលបុណ្យសពលោក ហាំង ង៉ោ បទនេះត្រូវបានចាក់ហែរសព» Imagine។

ងាកមកនិយាយអំពីលោកបណ្ឌិត កែម ឡី វិញម្តង នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ លោកបណ្ឌិតដែលជាអ្នកវិភាគឯករាជ្យរបស់កម្ពុជាមួយរូប ត្រូវបានឃាតក បាញ់សម្លាប់ ក្រោយបែកធ្លាយដំណឹងថា លោក កែម ឡី មានបំណងស្នើសុំជួបផ្ទាល់ជាមួយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និយាយពិភាក្សា រឿងមួយចំនួនរបស់ជាតិ។

លោក កែម ឡី ត្រូវបាននាយករដ្ឋមន្ត្រី ហ៊ុន សែន អនុញ្ញាតឲ្យជួបដើម្បីផ្លាស់ប្តូរបទពិសោធន៍ និងពិភាក្សាការងារមួយចំនួននៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៦ (ថ្ងៃកំណត់)។ ប៉ុន្តែមិនទាន់បានជួបនាយករដ្ឋមន្ត្រីផង ត្រូវបានក្រុមឃាតកបញ្ចប់ជីវិតលោក កែម ឡី តែម្តង។ ទំនងដោយពួកគេអាចបារម្ភខ្លាចបែកការណ៍ រឿងមួយចំនួនដែល លោក កែម ឡី នឹងទម្លាយប្រាប់នាយករដ្ឋមន្រ្តី ហ៊ុន សែន។

បើតាមលោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានថ្លែងថា «លោកបណ្ឌិត កែម ឡី គ្រោងជួបជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ប៉ុន្តែជាអកុសលគាត់ត្រូវគេធ្វើឃាតមុនការណាត់មកដល់»។ ការថ្លែងរបស់លោករដ្ឋមន្រ្តីក្រសួងព័ត៌មានបែបនេះ ធ្វើឡើងខណៈដែលរូបលោក អញ្ជើញប្រគេន ទៀនវស្សា និងទ័យទាន ជូនព្រះសង្ឃចំនួន២៧វត្ត នៅទូទាំងស្រុកកោះសូទិន នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៦។

លោកបណ្ឌិត កែម ឡី ត្រូវបានឃាតកចូលបាញ់សម្លាប់ ខណៈលោកអង្គុយទទួលកាហ្វេ នៅក្នុងស្តាម៉ាតនៃស្ថានីយ៍សាំងកាលតិចស្តុបបូកគោ កាលពីម៉ោង ៨៖៥០នាទីព្រឹក ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦។ លោក កែម ឡី ត្រូវបានឃាតកបាញ់ចំនួន២គ្រាប់ ដោយ១ចំក្បាល និងមួយគ្រាប់ទៀត ចំដើមដៃធ្លាយ ទៅដល់ក្រោមដោះបណ្តាលឱ្យស្លាប់ នៅកន្លែងកើតហេតុតែម្តង។ ភ្លាមៗនោះដែរ កម្លាំងនគរបានបានចាប់ខ្លួនជនសង្ស័យជាឃាតកម្នាក់រហ្សសនាម ជួប សម្លាប់ ក្រោយពីធ្វើសកម្មភាពបាញ់ប្រហារ លោក កែម ឡី។

ថ្លែងនៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគារ និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួន របស់ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៦ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចាត់ទុកអំពើឃាតកម្មយ៉ាងព្រៃផ្សៃលើ លោកបណ្ឌិត កែម ឡី អ្នកវិភាគឯករាជ្យថា ជាការផ្ចាញ់ផ្ចាល ដល់សុខសន្តិភាព នៅក្នុងប្រទេសកម្ពុជា ហើយសម្តេចស្នើឱ្យអ្នកនយោបាយទាំងអស់ កុំយកឃាតកម្មនេះ ដើម្បីកេងចំណេញនយោបាយ។

សូមជំរាបថា នៅល្ងាចថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៦ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញបានសម្រេចចេញដីកាឃុំខ្លួនជន ដៃដល់ដែលបាញ់សម្លាប់ លោកបណ្ឌិត កែម ឡី ដោយចោទប្រកាន់ចំនួន២ករណី ដែលធ្វើឱ្យរូបគេប្រឈមនឹងការជាប់ពន្ធនាគារមួយជីវិត។

តើមានអាថ៌កំបាំងអ្វី នៅពីក្រោយខ្នងនៃការបាញ់សម្លាប់ជនល្បាញល្បីទាំងពីររបស់កម្ពុជានោះ ដែលកើតឡើងនៅក្រោយបែកធ្លាយដំណឹងថា នឹងជួបផ្ទាល់ជាមួយនាយករដ្ឋមន្រ្តីកម្ពុជា?៕