(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានដឹកនាំ គណៈប្រតិភូកម្ពុជា ត្រឡប់មកដល់ប្រទេសកម្ពុជាវិញហើយ នៅម៉ោង៩៖០៥នាទីយប់ ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៦នេះ បន្ទាប់ពីបានចូលរួមកិច្ចប្រជុំ អាស៊ី-អឺរ៉ុប លើកទី១១ នៅប្រទេសម៉ុងហ្គោលី រយៈពេល៣ថ្ងៃ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមទាំងគណៈប្រតិភូកម្ពុជា ចាកចេញពីប្រទេស នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៦ ដើម្បីទៅចូលរួមក្នុងកិច្ចប្រជុំអាស៊ីអឺរ៉ុបលើកទី១១ នៅប្រទេស ម៉ុងហ្គោលី ដែលចាប់ផ្តើមពីថ្ងៃទី១៥ ដល់១៦ ខែកក្កដា ឆ្នាំ២០១៦។ គណៈប្រតិភូដែលអមដំណើរនាយករដ្ឋមន្រ្តី រួមមាន លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការ ព្រមទាំងសមាជិករាជរដ្ឋាភិបាលកម្ពុជា ជាច្រើនទៀត។

កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១១ បានពិភាក្សាលើបញ្ហាសំខាន់ៗជាច្រើនរួមមាន ការវាយតម្លៃលើបទពិសោធន៍របស់ ASEM ក្នុងរយៈពេល២០ឆ្នាំកន្លងមកនេះ ការកសាងការតភ្ជាប់ផ្នែករឹងនិងទន់រវាងអាស៊ី-អឺរ៉ុប ទិសដៅអនាគតរបស់ ASEM បំរែបំរួលអាកាសធាតុ ការកាត់បន្ថយនិងការគ្រប់គ្រងហានិភ័យគ្រោះធម្មជាតិ សន្តិសុខថាមពល សន្តិសុខស្បៀង ការគ្រប់គ្រងទឹកព្រម ទាំងបញ្ហាតំបន់ និងអន្តរជាតិ។ កិច្ចប្រជុំខាងលើនេះ ក៏អនុម័តលើឯកសារស្តីពីលទ្ធផលនៃកិច្ចប្រជុំនេះ សេចក្តីប្រកាសអ៊ូឡង់បាទ័រ និងសេចក្តីថ្លែងការណ៍របស់ប្រធានអង្គប្រជុំផងដែរ៕