(ប៉ៃលិន)៖ នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៦នេះ លោក អ៉ី ឈាន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ថ្នាក់កណ្តាលចុះជួយខេត្តប៉ៃលិន បានរៀបចំពិធីផ្សព្វផ្សាយខ្លឹមសារសំខាន់ៗ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ និងបទបញ្ជានីតិវិធីក្នុងការចុះបោះឆ្នោត ជូនដល់សមាជិក សមាជិកាគណបក្សរបស់ខ្លួន។

ពិធីនេះ មានការចូលរួមពី គណៈកម្មាធិការគណបក្សខេត្ត សាខាបក្សមន្ទីរ អង្គភាពជុំវិញខេត្ត គណៈកម្មាធិការគណបក្សក្រុង ស្រុក ឃុំ សង្កាត់ និងសាខាបក្សភូមិ សរុបចំនួន ២៣៥នាក់ ។ ពិធីនេះក៏ត្រូវបានធ្វើឡើងដើម្បីសាងសមត្ថភាពដល់មន្រ្តី CPP អំពីគោលការណ៍សំខាន់ៗនៃច្បាប់បោះឆ្នោត អប់រំផ្សព្វផ្សាយដល់ក្រុមការងារគណបក្សគ្រប់ថ្នាក់ បានយល់ដឹងពីគោលការណ៍ បែបបទ នីតិវិធីនៃច្បាប់បោះឆ្នោត ពង្រឹងសមត្ថភាពដល់មន្រ្តីគណបក្សក្នុងការការពារភាពត្រឹមត្រូវផ្នែកច្បាប់ដល់គណបក្ស ក៏ដូចសមាជិកបក្ស និងអ្នកគាំទ្រគណបក្ស ក្នុងដំណើរការចុះឈ្មោះបោះឆ្នោត ។

ក្នុងឱកាសនោះ លោក អ៉ី ឈាន បានធ្វើការសំណេះសំណាល និងនាំបណ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ជូនដល់សមាជិក សមាជិកាអង្គពិធី និងសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិនទាំងមូល។

លោក អ៉ី ឈាន បានធ្វើការណែនាំ ដល់ក្រុមការងារគ្រប់លំដាប់ថ្នាក់ ត្រូវចុះផ្ទាល់ដល់មូលដ្ឋាន ឃុំ សង្កាត់ និងភូមិដើម្បីជួយជំរុញដល់សមាជិកបក្សទាំងអស់ទូទាំងខេត្ត បានបំពេញបែបបទធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មីឲ្យបានគ្រប់ៗគ្នា។

ជាមួយគ្នានេះ លោកជំរុញឱ្យផ្សព្វផ្សាយ ដល់សមាជិកបក្ស និងមហាជន ឲ្យបានយល់ជ្រួតជ្រាប អំពីសភាពការណ៍ថ្មីៗដែលកំពុងវិវត្តន៍នៅក្នុងសង្គម ដើម្បីកុំឲ្យមានការចាញ់បោក​ ឧបាយកលបោកប្រាស់របស់គណបក្សនយោបាយមួយចំនួន ដែលតែងតែបំភ្លើស បំប៉ោង បំភាន់មតិជាតិ និងអន្តរជាតិពីសភាពការណ៍ក្នុងសង្គម ដោយធ្វើការញុះញង់លាបពណ៌មកលើគណបក្សប្រជាជនកម្ពុជាជាបន្តបន្ទាប់ ។

ក្នុងឱកាសនោះដដែល លោក អ៉ី ឈាន បានបង្ហាញពីជំហរដ៏រឹងមាំរបស់គណបក្សប្រជាជនកម្ពុជា គឺថែរក្សាការពារ នូវសុខសន្តិភាព និងស្ថេរភាពនយោបាយជូនប្រជាជន និងប្រទេសជាតិទាំងមូល ព្រមទាំងបន្តការអភិវឌ្ឍន៍ប្រទេសជាតិឲ្យកាន់តែរីកចម្រើន ប្រកបដោយនិរន្តរភាព ផងដែរ ៕