(បារាំង)៖ ទីបំផុតក្រុមឧទ្ទាម ISIS បានចេញមុខប្រកាសទទួលស្គាល់ថា ករណីបើករថយន្តធុនធំបុករះ​​នៅ​ទីក្រុង Nice ប្រទេសបារាំង នៅថ្ងៃសុក្រម្សិលមិញនេះ ជាទង្វើរបស់ខ្លួន។ នេះ​បើយោងតាមការចេញផ្សាយ​របស់សារព័ត៌មាន Sky News ចេញផ្សាយនៅមុននេះបន្តិច។

នៅយប់ថ្ងៃសុក្រម្សិលមិញនេះ ដែលរដ្ឋាភិបាលបារាំងអះអាងថា អ្នកបើកបររថយន្តបុករះនោះមានឈ្មោះថា Mohamad Lahouaiej Bouhel អាយុ៣១ឆ្នាំ និងជាជនជាតិបារាំង កាត់ទុយនីស៊ី ហើយបើតាម​ការ​បញ្ជាក់​ពីក្រុម ISIS នៅមុននេះបានឲ្យដឹងថា បុរសខាងលើបានអនុវត្តទៅតាមបញ្ជា​។

ក្រោយពីកើតហេតុ រដ្ឋាភិបាលបារាំង បានប្រកាសធ្វើការកាន់មរណៈទុក្ខនៅទូទាំងប្រទេសរយៈពេលបីថ្ងៃ ចំពោះមនុស្ស៨៤នាក់ ដែលបានស្លាប់នៅក្នុងការ វាយប្រហារនេះ ដែលបារាំងបានហៅថា ជាអំពើភេរវកម្ម ដោយការបើកឡានដឹកទំនិញបុករះសម្លាប់មនុស្សយ៉ាងសាហាវព្រៃផ្សៃក្នុងទីក្រុង Nice។

គួរបញ្ជាក់ផងដែរថា នៅយប់ថ្ងៃទី១៤ ខែកក្កដា មានករណីរថយន្តធុនធំមួយគ្រឿងបានបើកបុករះ នៅ​តាម​ផ្លូវ​មួយក្នុងទីក្រុង Nice បានបណ្ដាលឲ្យមនុស្ស ៨៤នាក់ស្លាប់ និងរបួសជាង ១០០នាក់ ខណៈដែលពួកគេ​កំពុង​រងចាំមើលការបាញ់កាំជ្រួចអប់រំថ្ងៃបុណ្យ Bastille Day (ជាទូទៅថា ជាបុណ្យជាតិ និងត្រូវបានហៅជាភាសាបារាំងថា La Fete Nationale)៕