(ភ្នំពេញ)៖ បន្ទាប់ពីមានការចេញមុខដោយសកម្មជនគណបក្សប្រឆាំង ប្រកាសពន្យាពេល​នៃការដង្ហែសពលោកបណ្ឌិត កែម ឡី ដោយគ្មានពេលកំណត់ ហើយត្រូវបានមន្រ្តីរដ្ឋាភិ​បាលមួយចំនួន​លើកឡើងថា ជាការរកលេសដើម្បី​គេងចំណេញផ្នែកនយោបាយ​របស់បក្សប្រឆាំង។ បន្ថែមពីលើនោះទេ នៅថ្ងៃនេះ កញ្ញា ធី សុវណ្ណថា ​អតីតសកម្មជនដ៏ល្បាញល្បីមួយរូបរបស់គណបក្សសង្រ្គោះជាតិ បានប្រាប់ឲ្យដឹងថា ប្រជាពលរដ្ឋ៨០០នាក់ ដែលរស់នៅស្រុកកំពង់ត្រាច ខេត្តកំពត ហួសចិត្តដែលសកម្មជនគណបក្សសង្រ្គោះជាតិ កាងសពបណ្ឌិត កែម ឡី មិនឲ្យគេចូលគោរពវិញ្ញាណក្ខន្ធ និងពន្យាការហែសពទៅស្រុកកំណើត។

កញ្ញា ធី សុវណ្ណថា បានថ្លែងផ្ញើមកកាន់សារព័ត៌មាន Fresh News យ៉ាងដូច្នេះថា «ព្រឹកនេះវេទិកាទី១៦ នៅស្រុកកំពង់ត្រាច ខេត្តកំពត ប្រជាពលរដ្ឋ៨០០នាក់ ពលរដ្ឋហួសចិត្ត ដែល​សកម្ម​ជនCNRP កាងសពបណ្ឌិត កែម ឡី»។

ការថ្លែងរិះគន់ចំពោះសកម្មជនបក្សប្រឆាំងធ្វើសកម្មភាពកាងសពលោក កែម ឡី នៅពេលនេះ ធ្វើឡើងខណៈកញ្ញា ធី សុវណ្ណថា បានជួបសណេះសំណាលជាមួយ ប្រជាពលរដ្ឋ ៨០០នាក់ នៅស្រុក​កំពង់ត្រាច ខេត្តកំពត នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៦។

កាលពីពេលថ្មីៗនេះ សង្កេតឃើញថា មានប្រជាពលរដ្ឋមួយចំនួ​ន បានធ្វើសកម្មភាពមិនសមរម្យមួយចំនួន ទៅកាន់អ្នកចូលរួមពិធីបុណ្យសព លោក កែម ឡី ជាក់ស្តែងកញ្ញា ធី សុ​វណ្ណថា និងលោក ស្រី ចំរើន ត្រូវបានប្រជាពលរដ្ឋបណ្តេញចេញ និងជេរប្រមាថយ៉ាងចាស់ដៃ ខណៈ ដែលអ្នកទាំងពីរបានចូលរួមបុណ្យសព និងគោរពវិញ្ញាក្ខន្ធលោក កែម ឡី។ កញ្ញាបានបន្តថា ក្រៅពីការលើកឡើង​ខាងលើនេះ​ប្រជាពលរដ្ឋ៨០០នាក់ នៅតែបន្តរិះគន់លើ លោក សម រង្សី ថាជា អ្នកនយោបាយ ចេះត្រឹមតែលាបពណ៌។

សូមជំរាបថា នាពេលកន្លងទៅកញ្ញា ធី សុវណ្ណថា ដែលត្រូវបានគេដឹងថា ជាអតីតសកម្មជនដ៏ខ្លាំងក្លាមួយរូប របស់គណបក្សប្រឆាំង ហើយបច្ចុប្បន្ន ងាកមកបម្រើការងារអង្គការវិញ ត្រូវបានអ្នកគាំ​ទ្រគណបក្សប្រឆាំងលើកគ្នា មកកាងសពលោក កែម ឡី រារាំងដេញកញ្ញាមិនឲ្យគោរពវិញ្ញាណក្ខន្ធសព លោកបណ្ឌិត នេះបើយោងតាមកញ្ញា ធី សុវណ្ណថា ថ្លែងប្រាប់សារព័ត៌មាន Fresh News កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៦នេះ។​

កញ្ញា ធី សុវណ្ណថា បានបញ្ជាក់ឲ្យដឹងទៀតថា កាលពីលោកបណ្ឌិត កែម ឡី នៅរស់ធ្លាប់បានផ្តាំកញ្ញាថា កុំឲ្យកញ្ញាចូលរួមជាមួយបក្ស CNRP ហើយរូបគាត់ (លោក កែម ឡី) ក៏មិនចូលជាមួយបក្ស CNRP ផងដែរ។

យោងតាមសម្តីរបស់អតីតសកម្មជនដ៏ខ្លាំងក្លាមួយរូប របស់គណបក្សប្រឆាំង ឲ្យដឹងយ៉ាងដូច្នេះ «អាណិតសពបណ្ឌិត កែម ឡី ណាស់ កាលគាត់នៅរស់ គាត់នឹងខ្ញុំតែងដើរជាមួយគ្នា ទាំងមេបក្ស CNRP និងសកម្មជនរិះគន់ ជេរគាត់យ៉ាងខ្លាំង រឿងបើកបក្សថ្មី តែពេលគាត់ស្លាប់ ក្រុម CNRP ដែលរិះគន់ ជេរគាត់ បែរជាមកតាំងខ្លួនជាអ្នកស្រលាញ់ គោរពគាត់ និងលើកគ្នា មកកាងសពគាត់ រារាំងដេញខ្ញុំ មិនឲ្យគោរពសពគាត់ ។ បណ្ឌិត កែម ឡី ធ្លាប់ផ្តាំខ្ញុំថា កុំឲ្យខ្ញុំចូលជាមួយបក្ស CNRP គាត់ក៏មិនចូលជាមួយបក្ស CNRP ដែរ»