(បាត់ដំបង)៖ ស្រះទឹកចំនួន៤ ដែលស្រះនីមួយៗមានបណ្តោយ ៦០ម៉ែត្រ ទទឹង៤០ម៉ែត្រ និងជម្រៅ៣ម៉ែត្រ ដែលសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន កាកបាទក្រហមកម្ពុជា បានផ្តល់ថវិកាចំនួន ៣២,០០០ដុល្លារអាមេរិក សម្រាប់ជីកកាលពីថ្ងៃទី១២ ខែឧសភានោះ ពេលនេះត្រូវបានប្រគល់ជូន ប្រជាពលរដ្ឋចំនួន ៦៧៨គ្រួសារ ស្មើនឹងមនុស្ស ៣,១៥៣នាក់ រស់នៅឃុំចំនួន ៤ នៃស្រុកឯកភ្នំ ស្រុកសង្កែ និងស្រុកបវេល ខេត្តបាត់ដំបង។

ក្រុមការងារស្រះ និងទឹកស្អាតកាកបាទក្រហមកម្ពុជា ដឹកនាំដោយ លោកវេជ្ជបណ្ឌិត អ៊ុយ សំអាត នាយក នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ និងសាខាកាកបាទ ក្រហមកម្ពុជា ខេត្តបាត់ដំបង បានរៀបចំពិធីប្រគល់ស្រះនេះ នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦។

ក្នុងឱកាសអបអរសាទរ ពិធីសម្ពោធសមិទ្ធផលថ្មីនេះ លោកវេជ្ជបណ្ឌិត អ៊ុយ សំអាត បានថ្លែងផ្តាំផ្ញើសាកសួរសុខទុក្ខ និងក្តីនឹករលឹក ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ដែលបានចាត់ឱ្យក្រុមការងារចុះភ្លាមៗ ដើម្បីដោះស្រាយ និងឆ្លើយតបទៅនឹងសំណូមពរ របស់ប្រជាពលរដ្ឋដោយមិនឱ្យ ពួកគាត់រង់ចាំយូរ ឡើយ។ លោកក៏បានសំណូមពរ ដល់ប្រជាពលរដ្ឋ សូមចូលរួមចំណែកទាំងអស់គ្នា ថែរក្សាស្រះទឹកនេះ ឱ្យគង់វង្សយូរអង្វែង។

ជាមួយគ្នានោះ ប្រជាពលរដ្ឋចំនួន៦០នាក់ ដែលអញ្ជើញចូលរួមក្នុងពិធីនេះ ទទួលបានអំណោយក្នុងម្នាក់ៗ៖ សារុង១ ក្រមា១ និងថវិកាមួយចំនួន។ ដោយឡែក លោកតា ទូ ថន អាយុ៧៦ឆ្នាំ ពិការជើង រស់នៅភូមិគោកដូង ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង ទទួលបានរទេះពិការ ១គ្រឿងផងដែរ។

ឆ្លើយតបទៅនឹងសមិទ្ធផលថ្មីទាំងនេះ បងប្អូនប្រជាពលរដ្ឋទាំងអស់ បានថ្លែងអំណរគុណដល់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ដែលបានផ្តល់​ស្រះទឹកដល់ពួកគាត់ ហើយពួកគាត់ជឿជាក់ថា នៅរដូវប្រាំងឆ្នាំក្រោយ ពួកគាត់នឹងមិនខ្វះទឹកប្រើប្រាស់ទៀតទេ។

ដោយហេតុថា ប្រជាពលរដ្ឋមានការកើនឡើង ហើយមានតម្រូវការទឹកក៏ច្រើនផងនោះ តំណាងប្រជាពលរដ្ឋ បានសំណូមពរដល់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត មេត្តាពិនិត្យ​លទ្ធ​ភាពផ្តល់ស្រះខ្នាតតូចចំនួន៤ បន្ថែមទៀត ដែលស្រះនីមួយមានបណ្តោយ២០ម៉ែត្រ ទទឹង១៥ម៉ែត្រ និងជម្រៅ២,៥ម៉ែត្រ។

សូមបញ្ជាក់ថា ចាប់តាំងពីឆ្នាំ ២០០៥ ដល់ឆ្នាំ២០១៦នេះ សាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង បានទទួលសមិទ្ធផល ដែលជាអំណោយរបស់ សម្តេចកិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា រួមមាន៖

- អណ្តូងស្នប់ ចំនួន ៤១អណ្តូង

- អណ្តូងលូ ចំនួន ១២៦អណ្តូង
- ស្រះទឹក ចំនួន៦ស្រះ
- បង្គន់អនាម័យសង់អំពីថ្មចំនួន ២បង្គន់ និង
- បង្គន់អនាម័យសង់អំពីស័ង្កសី ចំនួន១២៩បង្គន់។ ដោយឡែងក្នុងឆមាសទី១ ឆ្នាំ២០១៦នេះ សាខាបានឆ្លើយតបទៅនឹង គ្រោះមហន្តរាយ និងបញ្ហាផ្សេងៗបានចំនួន ៥,៧០៨គ្រួសារ ស្មើនឹងមនុស្ស ១៤,១៥៤នាក់៕