(តួកគី)៖ មន្ត្រីជាន់ខ្ពស់តួកគី បានឲ្យដឹងថា នៅក្នុងហេតុការណ៍រដ្ឋប្រហារដោយយោធា យ៉ាងហោចណាស់មានមនុស្ស ៤២នាក់បានស្លាប់ និង​របួស ១៥០នាក់ ហើយក្នុងចំណោមអ្នកស្លាប់ទាំងអស់ មានប៉ូលិស ១៧នាក់។ នេះបើយោងតាមការចេញផ្សាយ​ Update មុននេះបន្តិតរបស់សារព័ត៌មាន Reuters។

ទីភ្នាក់ងារព័ត៌មានតួកគី Anadolu បានចេញផ្សាយថា នៅពេលនេះ ជើងហោះហើរទាំងអស់នៅក្នុង​អាកាសយានដ្ឋាន Ataturk International Airport បានធ្វើចរាចរណ៍ឡើងវិញដូចធម្មតា ប៉ុន្តែ​នៅអាកាស​​យានដ្ឋានផ្សេងៗ នៅមិនទាន់ទទួលបានព័ត៌មាននោះទេ។

នៅមុននេះបន្តិច ប្រធានាធិបតីតួកគី លោក Tayyip Erdogan បាននិយាយដោយចំពោះទៅកាន់យោធាថា «យើងមិនអាចទទួលយកអ្នកណា ដែលយកកាំភ្លើងមកភ្ជុងម្តាយខ្លួនឯងនោះទេ»។ លោកក៏បាន​អះអាងបន្ថែម​ទៀតថា លោកនឹងបោសសម្អាតឬសគល់ទាំងអស់ ដែលចង់ធ្វើរដ្ឋប្រហារ ខណៈទីក្រុងកម្សាន្តចុងសប្តាហ៍ របស់លោកមួយនៅភាគត្បូងប្រទេស ត្រូវបានគេបំផ្ទុះគ្រាប់បែក។ ទោះជាបែបនេះក្តីលោក Erdogan នៅតែបញ្ជាក់ថា អ្នកដែលចូលរួមរដ្ឋប្រហារទាំង អស់ត្រូវទទួលការតបស្នងតាមដែលអាចទៅរួច។

សូមបញ្ជាក់ថា រហូតមកដល់ពេលនេះ គេនៅមិនទាន់ដឹងថា តើខាងណាជាអ្នកឈ្នះឲ្យពិតប្រាកដនោះទេ ខណៈទាំងយោធាធ្វើរដ្ឋប្រហារ និងមេដឹកនាំរដ្ឋាភិបាល អះអាងពីការគ្រប់គ្រងស្ថានការណ៍ទូទាំងប្រទេសបានរៀងៗខ្លួន៕