(ម៉ុងហ្គោលី)៖ យោងតាមសារព័ត៌មានស៊ិនហួ ចេញផ្សាយនៅយប់ថ្ងៃទី១៥ ខែកក្កដានេះ បានឲ្យដឹងថា រុស្ស៊ី ប្រឆាំងនឹងអន្តរជាតិ លើបញ្ហាសមុទ្រចិនភាគខាងត្បូង ឬក៏ការជ្រៀតជ្រែកណាមួយពីកងកម្លាំងមកពីខាងក្រៅតំបន់ នេះបើតាមសម្តីនាយករដ្ឋមន្ត្រីរុស្ស៊ី លោក Dmitry Medvedev បានធ្វើឡើងនៅថ្ងៃសុក្រនេះ។

លោក Dmitry Medvedev បានលើកឡើងបែបនេះ នៅអំឡុងពេលជំនួបដាច់ដោយឡែកមួយ ជាមួយនឹងនាយករដ្ឋមន្ត្រីចិន លោក Li Keqiang នៅកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១១ នៅរដ្ឋធានីអ៊ូឡង់បាទ័រ ប្រទេសម៉ុងហ្គោលី។​​

លោក Medvedev បន្តថា ភាគីរុស្ស៊ី បានគាំទ្រទៅនឹងគំនិតផ្តួចផ្តើមរបស់ចិន នៃការដោះស្រាយនូវបញ្ហាជម្លោះ ហើយបានស្នើឲ្យមានការចរចា​ និងពិគ្រោះទ្វេរភាគីដោយផ្ទាល់ រវាងភាគីដែលពាក់ព័ន្ធដើម្បីដោះស្រាយបញ្ហា។​

ស្ថិតនៅលើទំនាក់ទំនងទ្វេរភាគី មេដឹកនាំទាំងពីរបានព្រមព្រៀងគ្នា ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងបានព្រមព្រៀងរៀបចំ កិច្ចប្រជុំនាយករដ្ឋមន្ត្រីជាធម្មតា នាចុងឆ្នាំនេះ នៅប្រទេសរុស្ស៊ី។ ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ បានបង្ហាញនូវសញ្ញាវិជ្ជមាន ស្របពេលដែល គម្រោងកិច្ចសហប្រតិបត្តិការធំៗ នៃយុទ្ធសាស្ត្រដ៏មានសារៈសំខាន់ ក៏ត្រូវបានគេមើលឃើញថា បានដំណើរការយ៉ាងល្អប្រសើរផងដែរ។

លោក Li Keqiang បានលើកឡើងថា ដើម្បីបង្កើនទំហំពាណិជ្ជកម្ម ចិននិងរុស្ស៊ី ត្រូវតែពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការ នៅលើវិស័យថាមពល ដោយពឹងផ្អែកលើគោលការណ៍ នៃការចែករំលែកហានិភ័យ និងផលប្រយោជន៍។ លោក Li ក៏បានស្នើឲ្យភាគីទាំងពីរ ប្រារព្ធនូវកិច្ចពិភាក្សាសកម្ម ស្តីពីកិច្ចសហប្រតិបត្តិការសមត្ថភាព នៃផលិតកម្មឧស្សាហកម្ម ព្រមទាំងស្វែងរកកិច្ចសហប្រតិបត្តិការត្រីភាគី ដើម្បីធ្វើឲ្យកិច្ចសហប្រតិបត្តិការឈ្នះឈ្នះរបស់ពួកគេ កើនឡើងទៅកម្រិតកាន់តែខ្ពស់៕
​​