(ភ្នំពេញ)៖ គ្រាន់តែបានឮប្រទេសម៉ុងហ្គោលី គ្រប់គ្នានឹងនឹកដល់​ទីវាលស្មៅដ៏ធំល្វឹងល្វឺយ និងហ្វូងសត្វសេះជាមិនខាន ប៉ុន្តែអតីតភាពនេះ ក៏នៅតែបន្តកើតមាន មកដល់បច្ចុប្បន្នកាលផងដែរ ខណៈប្រទេសដែលគ្មានព្រំដែន ជាប់សមុទ្រសោះនេះ មានប្រជាជនតែជាង ៣លាននាក់តែប៉ុណ្ណោះ។

យោងតាមព័ត៌មានពីលោក ពុយគា ទីភ្នាក់ងារព័ត៌មានរបស់ Kyodo ជប៉ុនដែលកំពុងស្ថិតនៅប្រទេសម៉ុងហ្គោលី ចូលរួមយកព័ត៌មានស្តីពីកិច្ចប្រជុំ អាស៊ីអឺរ៉ុបលើកទី១១ នៅថ្ងៃទី១៥-១៦ ខែកក្កដា បានឲ្យដឹងថា បច្ចុប្បន្នប្រទេសម៉ុងហ្គោលី ចិញ្ចឹមបសុសត្វជាង៥៥លានក្បាល និងសេះជាង៣លានក្បាលស្មើនឹងប្រជាជនទាំងអស់របស់ខ្លួន។ ក្រៅពីនោះលោក ពុយគា បានបញ្ជាក់ថា ប្រទេសម៉ុងហ្គោលី នាពេលនេះគឺពេលវេលាយប់ខ្លី ថ្ងៃវែង ដោយម៉ោង៧៖៣០នាទីយប់ទៅហើយ តែនៅបើកថ្ងៃចែសដូចម៉ោង៣រសៀល។

បើនិយាយពីប្រទេសម៉ុងហ្គោលីនេះ ប្រជាជនកម្ពុជាភាគច្រើនប្រាកដ ជាបានស្គាល់តាមរយៈ ប្រវត្តិសាស្ត្រដ៏ល្បីល្បាញ ដែលផ្សារភ្ជាប់ជាមួយប្រវត្តិសាស្ត្រនៃមហាយក្សចិន។

ម៉ុងហ្គោលីមានផ្ទៃដីសរុប ១,៥៦៦,០០០ គីឡូម៉ែត្រក្រឡា ដែលជាប្រទេសមានទឹកដីធំជាងគេលំដាប់ទី១៩ របស់សកលលោក ប៉ុន្តែភាគ ច្រើនជាវាលស្មៅ និងវាលខ្សាច់ ហើយប្រជាជនលើផែនដីបានចាប់ផ្តើមមករស់នៅ លើទឹកដីអ្នកចម្បាំងនេះដំបូងកាលពី៤០,០០០ឆ្នាំ មុនមកម្ល៉េះ។ ភាពល្បីល្បាញបំផុតរបស់ម៉ុងហ្គោលី គឺប្រវត្តិសាស្ត្រ ដែលអតីតអធិរាជាណាចក្រម៉ុងហ្គោល ជាប្រទេសតែមួយគត់នៅលើ លោកដែលធ្លាប់វាយប្រហារដណ្តើម និងគ្រប់គ្រង ផ្ទៃដីបានច្រើនជាងគេបំផុត នៅអំឡុងសតវត្សទី១៣។

បច្ចុប្បន្នរដ្ឋធានី អ៊ូឡាំងបាទ័រ (Ulaanbaatar) របស់ម៉ុងហ្គោលី កំពុងតែទទួលបានការអភិវឌ្ឍលើគ្រប់វិស័យ ខណៈដៃគូពាណិជ្ជកម្មសំខាន់ បំផុតរបស់ ប្រទេសនេះ គឺចិន និងរុស្ស៊ី ហើយក៏ជាប្រទេសជិតខាងទំាងពីរ របស់ខ្លួនផងដែរ។ សម្រាប់វិស័យសេដ្ឋកិច្ចវិញប្រទេស ម៉ុងហ្គោលី ពឹងផ្អែកខ្លាំងទៅលើវិស័យ កសិកម្ម និងចិញ្ចឹមសត្វ តាមបែបប្រពៃណី។ បន្ថែមពីនេះទៀត ម៉ុងហ្គោលី ក៏ពឹងផ្អែកទៅលើ ធនធានរ៉ែសំខាន់ៗជាច្រើនទៀតផងដែរដូចជា ស្ពាន់, ធ្យូងថ្ម, ស័ង្កសី, ស្តែន, និងមាសផងដែរ ដែលធនធានទាំងនេះជាផ្នែកមួយដ៏សំខាន់ ជួយទ្រទ្រង់សកម្មភាពឧស្សាហកម្ម។

សូមជំរាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងគណៈប្រតិភូ បាននឹងកំពុងស្ថិតនៅប្រទេសម៉ុងហ្គោលី ដើម្បីចូលរួមកិច្ចប្រជុំអាស៊ីអឺរ៉ុប លើកទី១១ ដែលរៀបចំនៅថ្ងៃទី១៥-១៦ ខែកក្កដា៕