(បារាំង)៖ ហេតុការណ៍ភេរវកម្មដោយការបាញ់ប្រហារ និងបើករថយន្តបុករះសម្លាប់មនុស្សនៅទីក្រុង Nice ប្រទេសបារាំង បានកើតឡើង កាលពីរាត្រីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ ខណៈដែលមនុស្ស​កំពុងអបអរសាទរពិធីបុណ្យជាតិ Bastille Day។ ហេតុការណ៍នេះបណ្តាលឲ្យមនុស្សយ៉ាង ហោចណាស់៨៤នាក់ស្លាប់ និងជាង១០០នាក់ផ្សេងទៀតរងរបួស នេះបើយោងតាមសេចក្តីរាយការណ៍ Update របស់ភ្នាក់ងារសារព័ត៌មាន CNN ចេញផ្សាយនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦នេះ ។

ខាងក្រោមនេះជាព័ត៌មានលម្អិតជុំវិញហេតុការណ៍ភេរវកម្មនេះ៖

* ជនបង្កហេតុ៖
ប៉ូលិសបានបញ្ជាក់ថា មានឈ្មោះ Mohamad Lahouaiej Bouhel អាយុ៣១ឆ្នាំ និងជាជនជាតិបារាំង កាត់ទុយនីស៊ី និងជាប្រជាពលរដ្ឋរស់នៅក្នុងទីក្រុង Nice បន្ទាប់ពីរកឃើញប័ណ្ណសម្គាល់ខ្លួនមួយនៅលើរថយន្ត។ អ្នកបើកបររថយន្ត ត្រូវបានបាញ់សម្លាប់ ខណៈកំពុងបាញ់តបតជាមួយប៉ូលីស។ ខណៈនេះមិនទាន់មានអ្នកណាម្នាក់អាចបញ្ជាក់បានទេថាតើ ជនបង្កធ្វើសកម្មភាពវាយប្រហារ​តែម្នាក់ឯងឬ​មានអ្នករួមគំនិតនោះទេ។

ទោះបីរហូតមកទល់ពេលនេះមិនទាន់មានក្រុមណាមួយប្រកាសថាជាអ្នកប្រព្រឹត្តអំពើភេរវកម្មនេះនៅឡើយ ប៉ុន្តែប្រភពព័ត៌មានបានឲ្យដឹងថា បណ្តាញរបស់ក្រុមអាល់កៃដានៅឧបទ្វីបអារ៉ាប់ ឬក្រុមឧទ្ទាម​រដ្ឋឥស្លាម ISIS ធ្លាប់ចូលរួមយោបល់ថា គួរតែធ្វើការវាយប្រហារដោយ ប្រើប្រាស់រថយន្តបុករះទៅលើមនុស្ស ដើម្បីបង្កើនចំនួនអ្នកស្លាប់ឲ្យបានច្រើន។

* ជនរងគ្រោះ៖
យោងតាមសេចក្តីរាយការណ៍របស់ភ្នាក់ងារសារព័ត៌មាន BBC បានបញ្ជាក់ថារហូតមកទល់ពេលនេះ មានមនុស្សយ៉ាងហោចណាស់៨៤នាក់ស្លាប់ ក្នុងនោះមានកុមារពីរនាក់ និងជាង១០០នាក់​ផ្សេងទៀត​រងរបួស ដោយក្នុងនោះមានកុមារ និងមនុស្សពេញវ័យរហូតដល់៥០នាក់។

ក្នុងហេតុការណ៍នេះផងដែរ មានស្រ្តីជាម្តាយម្នាក់បានបែកពីកូនប្រុសរបស់ខ្លួនដែលមានវ័យទើបតែ៨ខែប៉ុណ្ណោះ ប៉ុន្តែក្រោយមកអ្នកទាំងពីរក៏បានជួបគ្នាវិញ បន្ទាប់ពីប្រកាសស្វែងរក​តាមប្រព័ន្ធទំនាក់​ទំនងសង្គម Facebook។ ជាមួយគ្នានេះដែរ ក្នុងចំណោមជនរងគ្រោះទាំងអស់ ក៏មានបុរសវ័យប្រមាណ៥០ឆ្នាំម្នាក់ និងកូនប្រុស វ័យប្រមាណជា១០ឆ្នាំម្នាក់ ដែលបានធ្វើដំណើរមកកាន់​តំបន់ភាគ​ខាងត្បូង​ប្រទេសបារាំង ដើម្បីធ្វើដំណើរកំសាន្តតាមក្តីស្រម៉ៃរបស់ខ្លួន ក៏បានបាត់បង់ជីវិតក្នុងហេតុការណ៍នេះផងដែរ។

* ទីតាំង និងពេលវេលា៖
ហេតុការណ៍បានកើតឡើងនៅតំបន់ឆ្នេរទីក្រុង Nice ភាគខាងត្បូង ប្រទេស បារាំង នៅវេលាម៉ោង១០៖៣០នាទីយប់ ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៦ កន្លងទៅនេះ ខណៈមនុស្សកំពុង​ទស្សនាការ​បាញ់កាំជ្រួច និងធ្វើដំណើរកំសាន្តដើម្បីអបអរសាទរពិធីបុណ្យ Bastille Day ដែលជាបុណ្យជាតិ ដ៏សំខាន់របស់ប្រទេសបារាំង។ សូមបញ្ជាក់ថា ទីក្រុង Nice នេះជាទីក្រុងមួយ ដែលទទួលបាន​ការពេញនិយមជាខ្លាំងសម្រាប់ភ្ញៀវទេសចរណ៍ ជាពិសេសក្នុងរដូវវិស្សមកាល។ ជនបង្កធ្វើការ វាយប្រហារនៅទីតាំងនេះ ដោយសារមានមនុស្សដើរកំសាន្តកុះករ ក្នុងគោលដៅសម្លាប់មនុស្សបានច្រើន។

* សកម្មភាពវាយប្រហារ៖
សាក្សីនៅកន្លែងកើតហេតុបានបញ្ជាក់ថា ជនបង្កបានបើករថយន្តធន់ធំ ដោយបានបន្ថែមល្បឿន​ប្រមាណ៥០គីឡូម៉ែត្រក្នុងមួយម៉ោង សំដៅបុករះទៅលើហ្វូង មនុស្ស រហូតដល់ចម្ងាយ២គីឡូម៉ែត្រ ជាមួយគ្នានោះដែរជនបង្កបានដកកាំភ្លើងខ្លីម៉ាក Glock បាញ់ទៅលើជនរងគ្រោះថែមទៀតផង។ ប៉ុន្តែមនុស្សភាគច្រើនស្លាប់ និងរងរបួសដោយសាររថយន្តបុកច្រើនជាង។ សាក្សីបានបន្ថែមថា ជនបង្កព្យាយាមបើករថយន្តរេពេញផ្លូវក្នុងបំណង បុករះមនុស្សឲ្យបានច្រើនបំផុត តាមដែលអាចធ្វើទៅបាន។ ប៉ូលីសព្យាយាមបញ្ឈប់សកម្មភាពជនបង្ក ដើម្បីកាត់បន្ថយចំនួនជនរងគ្រោះ ដោយបាញ់សម្លាប់ជនបង្កនៅកន្លែងកើតហេតុតែម្តង។

* លទ្ធផលនៃការស៊ើបអង្កេត៖ 
បន្ទាប់សម្លាប់ជនបង្កហើយ ប៉ូលីសបានធ្វើការត្រួតពិនិត្យដើម្បីស្រាវជ្រាវថាតើជនបង្កនេះ​មានអ្នករួមគំនិតឬយ៉ាងណា។ តាមរយៈការត្រួតពិនិត្យលើរថយន្តប៉ូលីស ​បានរកឃើញប័ណ្ណសម្គាល់​ខ្លួនរបស់ជន​ជាតិទុយនេស៊ី ដែលមានអាយុ៣១ឆ្នាំ និងមានទីលំនៅនៅទីក្រុង Nice នេះតែម្តង ប៉ូលលីសគិតថា វាអាចជាប័ណ្ណសម្គាល់របស់ជនបង្កតែម្តង។ អ្វីដែលកាន់តែគួរឲ្យចាប់អារម្មណ៍នោះ ប៉ូលីសបានរកឃើញគ្រាប់បែក និងអាវុធជាច្រើនគ្រឿងក្នុងរថយន្ត ចំណុចនេះជម្រុញឲ្យប៉ូលីសសន្និដ្ឋានថាវាជាអាវុធដែលគេត្រៀមសម្រាប់ការវាយប្រហារទ្រង់ទ្រាយធំមួយ យ៉ាងនេះក្តីអាវុធទាំង​នោះមិនទាន់ត្រូវបានប្រើប្រាស់នៅឡើយទេ។ សារព័ត៌មាន NBC បានឲ្យដឹងថា អាជ្ញាធរបារាំងក្នុងប្រទេស តួកគី បានប្រកាសលុបចោលព្រឹត្តិការណ៍ក្នុងថ្ងៃបុណ្យ Bastille Day នេះនៅក្នុងប្រទេស តួកគី បន្ទាប់ពីទទួលបានដំណឹងពីរដ្ឋាភិបាលដែលបានព្រមានថា អាចនឹងមានការវាយប្រហារទ្រង់ទ្រាយធំមួយនៅក្នុងថ្ងៃបុណ្យជាតិមួយនេះតែម្តង។

* វិធានការណ៍៖
បន្ទាប់ពីមានហេតុការណ៍នេះភ្លាម ប្រធានាធិបតីបារាំង លោកហ្វ្រង់ស័រ ហូឡង់ បានធ្វើដំណើរពីទីក្រុង Paris ទៅកាន់ទីក្រុង Avignon ដើម្បីដឹកនាំការប្រជុំ ជាបន្ទាន់ស្តីពីបញ្ហាសន្តិសុខ និងការពារ​ជាតិកាល​ពីវេលាម៉ោង៩ព្រឹកថ្ងៃសុក្រនេះ។ លោកបានបញ្ជាក់ថា កងកម្លាំងយោធានឹងត្រូវបានដាក់ពង្រាយ ដើម្បីជួយដល់កងកម្លាំងប្រដាប់អាវុធ និងប៉ូលីសក្នុងការរក្សាសន្តិសុខ​ជាពិសេសនៅ​តាមបន្ទាត់ព្រំដែន។ ប្រទេសបារាំងបានប្រកាសកាន់មរណៈទុក្ខរយៈពេលបីថ្ងៃ ចំពោះការស្លាប់របស់ជនរងគ្រោះ ព្រមទាំងប្រកាសបន្តដាក់ប្រទេសក្នុងភាពអាសន្នរយៈពេលបីខែជាបន្តទៀត ខណៈដែលការ​ប្រកាស ដាក់ភាពអាសន្នកាលពីលើកមុនមិនទាន់ផុតកំណត់នៅឡើយគឺបន្តរហូតនៅថ្ងៃទី២៦ ខែកក្កដាខាងមុខ។

ជាមួយគ្នានេះដែរ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក Bernard Cazeneuve បានលើកឡើងថា ស្ថានភាពនេះបារាំងកំពុងស្ថិតក្នុងការធ្វើសង្គ្រាមជាមួយក្រុមភេរវករ ដែលមានគោលដៅវាយប្រហារប្រទេស បារាំង។ បើទោះបីជារងការវាយប្រហារ ដោយអំពើភេរវកម្មធ្ងន់ធ្ងរជាច្រើនលើកច្រើនសារមកហើយក្តី ក៏ប្រទេស បារាំង មិនខ្លាចញញើតក្នុងការបន្តសកម្មភាពវាយប្រហារ តាមផ្លុវអាកាសក្នុងប្រទេស ស៊ីរី និងអ៊ីរ៉ាក់ដដែលដើម្បីបន្តបង្រ្កាបពួកឧទ្ទាម ISIS។ ឆ្លើយតបបញ្ហានេះដែរ ទីក្រុងធំៗនៅលើសកលលោក ដូចជាទីក្រុងឡុងដ៍ របស់ចក្រភពអង់គ្លេស និងបណ្តាទីក្រុងផ្សេងទៀតនៅតំបន់អឺរ៉ុប ព្រមទាំងទីក្រុងញូយ៉ក របស់សហរដ្ឋអាមេរិកជាដើម បានចាត់វិធានការបង្កើនកិច្ចការពារសន្តិសុខក្នុងកម្រិតខ្ពស់បំផុត។

* ប្រតិកម្ម៖
ទាក់ទិនទៅនឹងបញ្ហានេះ ប្រធានាធិបតីបារាំងលោក ហ្វ្រង់ស័រ ហូឡង់ បានចាត់ទុកថា ជាសកម្មភាពភេរវកម្ម។ លោកបានបញ្ជាក់អះអាងថា «បារាំងនឹងនៅតែរឹងមាំជានិច្ច ដើម្បីទប់ទល់នឹងខ្មាំង​សត្រូវ»។ ស្ថានភាពនេះដែរបុគ្គលសំខាន់ដូចជា ប្រធានាធិបតីសហដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ា បេក្ខជនប្រធានាធិបតីលោកស្រី ហ៊ីឡារីគ្លីនតុន រួមទាំងលោក បានគីម៉ូន អគ្គលេខាធិការអង្គការ​សហប្រជាជាតិ បានបង្ហាញការថ្កោលទោសយ៉ាងធ្ងន់ធ្ងរ ចំពោះសកម្មភាពភេរវកម្មនេះ។ ជាមួយគ្នានេះដែរ អង្គការសហប្រជាជាតិក៏បានចូលរួមរំលែកទុក្ខចំពោះជនរងគ្រោះផងដែរ។

ដោយឡែកបុរសជនជាតិអេហ្ស៊ីបម្នាក់ បានលើកឡើងថា លោកធ្លាប់តែឃើញស្ថានភាពវាយប្រហារធ្ងន់ធ្ងរបែបនេះនៅតំបន់មជ្ឈឹមបូព៌ា។ បុរសដែលស្ថិតក្នុង ហេតុការណ៍ផ្ទាល់រូបនេះបានបញ្ជាក់ថា «បច្ចុប្បន្នមនុស្សមិនអាចធ្វើដំណើរទៅអឺរ៉ុប ដើម្បីចៀសវាងស្ថានភាពហ្វឹកវរដូចតំបន់មជ្ឈឹមបូព៌ាបានឡើយ ព្រោះថាការវាយប្រហារដូចតំបន់មជ្ឈឹមបូព៌ាកំពុងកើតឡើងគ្រប់ទីកន្លែងលើពិភពលោក»។

សូមជម្រាបថា ពាក្យ Bastille នេះសំដៅទៅលើបន្ទាយ និងមន្ទីរឃុំឃាំងមួយនៅក្នុងប្រទេស បារាំង ដែលត្រូវបានគេប្រើប្រាស់ដើម្បីឃុំឃាំងអ្នកនយោបាយ ជាច្រើនរូបដែលមានបំណង​ងើបបះបោរ​ប្រឆាំង នឹងរបបរាជានិយមកាលពី២២៧ឆ្នាំមុន។

នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ១៧៨៩ គឺជាថ្ងៃមួយដែលប្រទេស បារាំងកំពុងប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ច និងនយោបាយយ៉ាងធ្ងន់ធ្ងរ ស្របពេលដែល ស្តេចល្វីសទី១៦ មិនអាចគ្រប់គ្រងកម្លាំង​ដែលប្រឆាំង នឹងរបបរាជានិយមតទៅទៀតបាន។ ឆ្លៀតឱកាសនេះ មនុស្សប្រមាណ១០០០នាក់ បានប្រមូលផ្តុំគ្នាទម្លាយមន្ទីរឃុំឃាំងនេះក្នុងបំណងរំដោះមនុស្សនៅថ្ងៃនោះតែម្តង។

ព្រឹត្តិការណ៍នេះបានក្លាយជារបត់នយោបាយដ៏សំខាន់មួយក្នុងប្រទេស បារាំង រហូតត្រូវបានចាត់ទុកជាថ្ងៃបុណ្យជាតិ ដោយសារព្រឹត្តិការណ៍នេះ បានជម្រុញឲ្យមានចលនាបដិវត្តន៍ ផ្តួលរំលំរបបរាជា​និយម របស់ស្តេចល្វីសទី១៦ និងជំនួសវិញដោយរបបសាធារណរដ្ឋ៕