(ភ្នំពេញ)៖ បន្ទាប់ពីទទួលសំណុំរឿងពី អង្គភាពប្រឆាំងអំពើពុករលួយ (ACU) នៅម៉ោង៦៖៣០រសៀល ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦នេះ បានសម្រេចបញ្ជូន លោក អ៉ឹង ជាវែង ប្រធានការិយាល័យ វិនិយោគមិនមែនកាត់ដេរ និងជាជំនួយការអគ្គនាយកគយ និងរដ្ឋាករកម្ពុជា ទៅរក្សាទុកនៅ ACU វិញហើយ ដោយនឹងបន្តសួរចម្លើយនៅថ្ងៃស្អែកទៀត។ នេះបើតាម លោក លី សុផាណា ព្រះរាជអាជ្ញារង ដែលជាអ្នកនាំពាក្យសាលាដំបូង រាជធានីភ្នំពេញ។

លោក លី សុផាណា បានប្រាប់ក្រុមអ្នកសារព័ត៌មានសារអេឡិចត្រូនិចថា «ក្រោយពីបានទទួលសំណុំរឿង និងពិនិត្យឯកសារសំណុំរឿង តំណាងអយ្យការបានសម្រេច រក្សាជនសង្ស័យនៅអង្គភាព ប្រឆាំងអំពើពុករលួយ ដើម្បីបន្តនិតិវិធី និងសួរចម្លើយជនល្មើសនៅថ្ងៃស្អែកបន្តទៀត»។

លោក អ៉ឹង ជាវែង ត្រូវបានសមត្ថកិច្ច នៃអង្គភាពប្រឆាំងអំពើពុករលួយឃាត់ខ្លួន កាលពីល្ងាចថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៦ នៅមុខសណ្ឋាគារមួយ ក្នុងរាជធានីភ្នំពេញ បន្ទាប់ពីរកឃើញថាលោក បានទារលុយពីក្រុមហ៊ុនមួយចំនួនដែលខុសនឹងច្បាប់។ នេះបើតាមលោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានប្រាប់អង្គភាព Fresh News ឱ្យដឹងនៅព្រឹកមិញ៕