(រតនគិរី)៖ អ្នកប្រមាញ់សត្វព្រៃ២នាក់ ដោយសារតែទុកដាក់កាំភ្លើងកែច្នៃបាញ់សត្វ មិនប្រយ័ត្នស្រាប់តែរាលកៃ ត្រូវចំគ្នាឯងរបួសធ្ងន់ម្នាក់ បន្ទាប់ពីពួកគេដើរឆ្លុះសត្វព្រៃរួច។

ហេតុការណ៍នេះបានកើតឡើងវេលាម៉ោង៥ទាបភ្លឺថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចព្រៃរបោះជាប់ក្រុមហ៊ុនម៉ាងយ៉ាង ស្ថិតនៅភូមិវ៉ង ឃុំកាចូន ស្រុកវ៉ើនសៃ ខេត្តរតនគិរី។
មន្ដ្រីនគរបាលមូលដ្ឋាន បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ខាំ ប៉ុន អាយុ២៥ឆ្នាំ ជនជាតិខ្មែរកាត់ឡាវ មុខរបរកសិករ មានប្រពន្ធឈ្មោះ នៀ ដែន អាយុ១៩ឆ្នាំ ជនជាតិខ្មែរកាត់ឡាវ មានកូនប្រុសម្នាក់អាយុ២ឆ្នាំ ចំណែកជនបង្កមានឈ្មោះ ម៉ង ឡង អាយុ៣៤ឆ្នាំ ជនជាតិខ្មែរកាត់ឡាវ អ្នកទាំង២រស់នៅភូមិ-ឃុំកើតហេតុខាងលើ។

មន្ដ្រីដដែលបានបន្ដថា ជនបង្កបានសារភាពថា មុនពេលកើតហេតុម៉ោងប្រមាណ១២យប់ឈានចូលថ្ងៃទី១៥ ខែកក្កដានេះ ពួកគេទាំង២នាក់ បានជិះម៉ូតូមួយគ្រឿងចេញទៅឆ្លុះសត្វ តែមិនបានសត្វនោះទេ ទើបនៅមុនពេលកើតហេតុកន្លះម៉ោង ខ្លូនបាននាំគ្នាត្រឡប់មកផ្ទះវិញ ហើយក៏យកកាំភ្លើងកែច្នៃ របស់ខ្លួនចងជាប់នឹងម៉ូតូមិនប្រយ័ត្ន ស្រាប់តែបណ្តាលឲ្យរាលកៃកាំភ្លើង មួយគ្រាប់ត្រូវជនរងគ្រោះដែលឈរនៅក្បែរម៉ូតូ ចំភ្លៅខាងស្តាំធ្លាយ ទៅកំប៉េះគូថខាងក្រោយ រងរបួសធ្ងន់ដួលប្រកាច់តែម្តង នៅកន្លែងកើតហេតុ។

មន្ដ្រីដដែលបញ្ជាក់ទៀតថា គ្រាប់កាំភ្លើងប្រភេទនេះពួកគេកែច្នៃខ្លួនឯង ដោយយកគ្រាប់ឈើគូស បុកលាយជាមួយក្រដាស និងរំលេវ ហើយយកហាលថ្ងៃឲ្យស្ងួត ទុកសម្រាប់បរបាញ់សត្វ ព្រោះគ្រាប់កាំភ្លើងរបៀបនេះ ពេលបាញ់ត្រូវមនុស្ស ឫសត្វ គឺគ្រាប់នឹងបែកពេញសាច់តែម្តង។ ក្រោយពេលពិនិត្យចប់សព្វគ្រប់សមត្ថកិច្ចបានបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យ ចំណែកជនសង្ស័យ និងកាំភ្លើង ត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធី៕