(ប៉ារីស)៖ រដ្ឋាភិបាលបារាំង បានប្រកាសធ្វើការកាន់មរណៈទុក្ខនៅទូទាំងប្រទេសរយៈពេលបីថ្ងៃ ចំពោះមនុស្ស ៨៤នាក់ (៥០នាក់ជាកុមារ) ដែលបានស្លាប់នៅក្នុងការវាយប្រហារ ដែលបារាំងបានហៅថាជាអំពើភេរវកម្ម ដោយការ បើកឡានដឹកទំនិញបុករះសម្លាប់មនុស្សយ៉ាងសាហាវព្រៃផ្សៃក្នុងទីក្រុង Nice។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន BBC នារសៀលថ្ងៃសុក្រ ទី១៥ ខែកក្កដា ឆ្នាំ២០១៦។

ពុំទាន់មានក្រុមណាមួយ ចេញមុខមកទទួលខុសត្រូវនោះទេ ខណៈទីក្រុងធំៗនៅលើសកលលោក ដូចជាទីក្រុងឡុងដ៍ របស់អង់គ្លេស និងបណ្តាទីក្រុងផ្សេងទៀតនៅតំបន់អឺរ៉ុប ព្រមទាំងទីក្រុងញូយ៉កនៃសហរដ្ឋអាមេរិកជាដើមបាន ចាត់វិធានការបង្កើនកិច្ចការពារសន្តិសុខក្នុងកម្រិតខ្ពស់បំផុត ជាពិសេសគឺការប្រយ័ត្នរូបភាពនៃការបង្កភេរវកម្មបែបថ្មី ដែលបានកើតមានឡើងកាលពី យប់ថ្ងៃទី១៤ ខែកក្កដា ដែលជាទិវាបុណ្យជាតិដ៏ធំមួយរបស់ប្រទេសបារាំងនោះ។

ជុំវិញសោកនាកម្មនេះដែរ ប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Donald Tusk បាននិយាយថា «វាជាការរឿងអាក្រក់ណាស់ ព្រោះការវាយប្រហារនេះ បានធ្វើឡើងចំពេលមនុស្សម្នាប្រារព្ធពិធី រំលឹកពីការទទួលបានមកវិញនូវ សេរីភាព សមភាព និង ភាតរភាព»៕