(ក្រចេះ)៖ ស្នងការនគរបាលខេត្តក្រចេះ លោកឧត្តមសេនីយ៍ត្រី លន់ សុផាត និងក្រុម គ្រួសារនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦នេះ បានដឹកនាំក្រុមការងារ នាយ-នាយរងចំណុះឲ្យស្នងការដ្ឋាន ជាច្រើនរូបធ្វើពិធីប្រគេនទៀន ព្រះវស្សាដល់វត្តចំនួនពីរក្នុងខេត្ត។
ទៀនព្រះវស្សាព្រមទាំងទេយ្យទានជាច្រើនទៀត ត្រូវនាំយកទៅប្រគេនជូនដល់ព្រះ សង្ឃដែលគង់ចាំព្រះវស្សា នៅវត្តចំនួនពីរវត្ត រួមមានវត្ត២ធ្នូ ក្នុងឃុំធ្នូ ស្រុកស្នួល និងវត្ត ក្រចេះ នៅសង្កាត់ក្រចេះ ក្រុងក្រក្រចេះ ព្រមទាំងបច្ច័យកសាងក្នុងវត្តចំនួន៦លានរៀន ផងដែរ។

ថ្លែងទៅកាន់ព្រះសង្ឃ តាជី យាយជី និងពុទ្ធបិស័ទ ក្នុងពិធីនោះ ក្រៅពីការពាំនាំនូវការផ្តាំផ្ញើការសួរសុខទុក្ខរបស់លោកអភិបាលខេត្ត ស្នងការនគរបាលខេត្តក្រចេះ លោកឧត្តមសេនីយ៍ លន់ សុផាត បានសម្តែងការអរគុណ ចំពោះពុទ្ធបរិស័ទចំណុះជើងវត្តដែលជានិច្ច ជាកាលតែងតែចូលរួមថែរក្សាសមិទ្ធផល និងសុខសន្តិភាពព្រមទាំងបានចូលរួមគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាល។

លោកឧត្តមសេនីយ៍ស្នងការ បានលើកឡើងថា សមិទ្ធផលទាំងនេះ បានមកពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលផ្តើមចេញពី នយោបាយឈ្នះឈ្នះ របស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ទើបធ្វើឲ្យប្រទេសយើងទទួល បានសុខសន្តិភាព ពេញលេញនិងរក្សា បាននូវស្ថិរភាពនយោបាយ បង្កលក្ខណៈគ្រប់បែបយ៉ាង ឲ្យប្រជាពលរដ្ឋរស់នៅប្រកប ដោយសុខុដុម។ លើសពីនេះទៅទៀត លោក ឧត្តមសេនីយ៍ស្នងការ បានផ្តាំផ្ញើឲ្យបងប្អូន ប្រជាពលរដ្ឋពុទ្ធបរិស័ទមានការប្រុងប្រយ័ត្ន ព្រោះរដូវវស្សា មានខ្យល់កន្រ្តាក់និងគ្រោះ ធម្មជាតិផ្សេងៗ អាចបង្កគ្រោះថ្នាក់ជាយថាហេតុ។

លោកឧត្តមសេនីយ៍ត្រី លន់ សុផាត បានបន្តទៀតថា ទៀនព្រះវស្សាព្រមទាំងទេយ្យទានជាគ្រឿងឧបភោគបរិភោគរួមទាំងបច្ច័យ មួយចំនួន ដែលបាននាំមកប្រគេនជូនពេលនេះ គឺដើម្បីទ្រទ្រង់ព្រះសង្ឃដែលកំពុង គង់ចាំព្រះវស្សា ក្នុងត្រីមាសក៏ដូចជាការចូលរួម ចំណែកក្នុងការលើកស្ទួយវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ឲ្យកាន់តែមានរុងរឿងថ្កុំថ្កើនឈានទៅគំរព៥ពាន់ ព្រះវស្សាតាមពុទ្ធបញ្ញាតិ៕