(ភ្នំពេញ)៖ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រមុខរដ្ឋស្ដីទី និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦នេះ បានអញ្ជើញជួបសំណេះសំណាល និងទទួលទានអាហារសាមគ្គី (អាហារថ្ងៃត្រង់) ជាមួយយុវជនចំនួន៥៥នាក់ ដែលមកពីសង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ។

នៅក្នុងកិច្ចសំណេះសំណាលសម្ដេច សាយ ឈុំ បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះក្រុមយុវជនទាំងអស់ ដែលបានខិតខំប្រឹងប្រែង រួមចំណែកក្នុងការងារកសាង និងអភិវឌ្ឍន៍មូលដ្ឋាន ធ្វើឱ្យមូលដ្ឋានមានការប្រែមុខមាត់ថ្មីជាបន្តបន្ទាប់ ប្រកបដោយចីរភាព។

សម្ដេច សាយ ឈុំ ក៏បានលើកទឹកចិត្តដល់ក្រុមយុវជនទាំងអស់ ឱ្យបន្តខិតខំប្រឹងប្រែងចូលរួមគ្រប់សកម្មភាព ក្នុងកិច្ចអភិវឌ្ឍសង្គម ដើម្បីជាគុណប្រយោជន៍ដល់ការរីកចម្រើនរបស់មូលដ្ឋាន ក៏ដូចជា រាជធានីភ្នំពេញទាំងមូល និងរួមចំណែកដល់ការកសាង និងការអភិវឌ្ឍប្រទេសជាតិ ឱ្យក្លាយជាប្រទេសដែលមានការរីកចម្រើន នៅក្នុងតំបន់ប្រកបដោយអរិយធម៌ សេចក្ដីស្រឡាញ់ ចៀសវាងការកើតឡើង នូវសង្គ្រាម អំពើប្រល័យពូជសាសន៍ និងការបែកបាក់ផ្ទៃក្នុងជាតិ កុំឱ្យជាន់ដានអតីតកាល៕